កាលពីព្រឹកមិញនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ជាមួយនឹងក្រុមហ៊ុនចិន Beijing Urban Construction Group Co.,Ltd ហៅកាត់ថា (BUCG) បានចុះកិច្ចសហប្រតិបត្តិការ លើការសិក្សាសម្រាប់គំនូសប្លង់និងសាងសង់ស្ថានីយ៍បូមដោយយកប្រភពទឹកពីទន្លេមេគង្គ ដើម្បីផលិតចេញជាទឹកស្អាតផងដែរ។
ជាក់ស្តែង នៅក្នុងកម្មពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់តាមប្រព័ន្ធរយៈប្រព័ន្ធអនឡាញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានមានប្រសាសន៍ថាគម្រោងខាងលើ នេះជាគម្រោងដ៏ធំ និងមានសារៈសំខាន់ណាស់ព្រោះក្រុមហ៊ុនតូចៗមិនអាចធ្វើបានទេពីព្រោះត្រូវប្រើ ដើមទុនច្រើននិងបច្ចេកទេសខ្ពស់គឺត្រូវយកប្រភពទឹកពីចម្ងាយរាប់រយគីឡូម៉ែត្រក្នុងដងទន្លេមេគង្គជាមួយនឹងការតបំពង់ទុយោធំៗ និងសាងសង់អាងប្រព្រឹត្តកម្មទឹកស្អាតជាច្រើនកន្លែងដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ លោក Li Daosong ដែលជាប្រធានក្រុមហ៊ុន BUCG បានថ្លែង អំណរគុណ ចំពោះការគាំទ្រ និងការសម្របសម្រួល របស់ភាគីកម្ពុជាជាពិសេសការផ្តល់អនុសាសន៍ណែនាំនិងផ្តល់ហេតុផលដ៏សមស្របរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តីចម ប្រសិទ្ធ ដែលធ្វើឲ្យភាគីចិនត្រូវប្តេជ្ញាចិត្តក្នុងការ ប្រឹងប្រែងអនុវត្តគម្រោងខាងលើនេះឲ្យបានសម្រេចដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទឹកស្អាត នៅកម្ពុជាជាពិសេសប្រជាពលរដ្ឋរស់នៅខាងកើតដងទន្លេមេគង្គដូចជាខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះជាដើម ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបង្ហាញនូវភាពកក់ក្តៅចំពោះក្រុមហ៊ុន BUCG ដែលជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមានភាពល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះ ក្នងការសាងសង់សំណង់ធំៗ នៅក្នុងស្រុក និងក្រៅស្រុក ដូចជា៖ អាកាសយានដ្ឋាន -ពហុកីឡដ្ឋាន ជាតិ -ផ្លូវ ល្បឿនលឿន-អាងប្រព្រឹត្តកម្មទឹកស្អាត -និងស្ថានីយ៍ ចម្រោះ ទឹក ក្រខ្វក់ ជាដើម ។
សូមបញ្ជាក់ថា ដើម្បីឲ្យការអនុវត្តអនុស្សរណ:យោគយល់គ្នាកាន់តែមានប្រសិទ្ធិភាពនិងឆាប់ហ័សហើយជាការចែករំលែកបទពិសោធន៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី និងបង្កើតក្រុមការងាររបស់ក្រសួងមួយក្រុមចុះធ្វើការជាមួយ និងត្រៀមសម្របសម្រួលគ្រប់ការងារស្មុគស្មាញទាំងឡាយទាំងពួង ៕
អត្ថបទ៖ ធី ស្រីល័ក្ខ