ការងារដែលលំបាកច្រើនតែមានគេបដិសេធមិនចង់ធ្វើ ការងារដែលតូចតាចតែងតែត្រូវគេមើលរំលង។ ការងារខ្លះគេធុញ ការងារខ្លះគេស្អប់ព្រោះអាចមិនបានផ្តល់ប្រយោជន៍ធំដល់គេនោះទេ ដូចជាការងារកំប៉ិកកំប៉ុកនៅការិយាល័យ និងអាកប្បកិរិយាតូចៗរបស់បុគ្គលិក។
ជាក់ស្តែងអ្នកស្រី Becky Quick ផ្តើមចេញពីអ្នកកាសែតតូចតាច១រូបនៅ CNBC សារព័ត៌មានយក្សរបស់អាមេរិក កា្លយជានិពន្ធនាយកស្រីដែលល្បីឈ្មោះបំផុត បានប្រាប់ថាធ្វើការងារដែលគេគិតថាលំបាក ការងារដែលគេធុញគឺជាគន្លឹះជួយឱ្យអ្នកស្រីឡើងតំណែងផ្លាស់ប្តូរជីវិតពីបុគ្គលិកតូចតាចបាន។
រំលឹកទៅកាន់អតីតកាល Quick បាននិយាយថា “ជាលើកដំបូងដែលខ្ញុំបានឈានជើងចូលមាត់ទ្វារនៅក្នុងក្រុមហ៊ុន ក្នុងនាមជាអ្នករាយការណ៍សារព័ត៌មានខ្ញុំបានបម្រើកាហ្វេជូនក្រុមការងារ ខ្ញុំចាំបានថាមានពេលមួយនោះ មិត្តរួមការងាររបស់ខ្ញុំបានធ្វើវិស្សមកាលរយៈពេលវែង ប៉ុន្តែខ្ញុំនៅបន្តធ្វើការ និងនៅតែមានវត្តមាននៅការិយាល័យជានិច្ចពីទោះជាគ្មានមនុស្សនៅក្នុងការិយាល័យក៏ដោយ ទោះបីជាការងារទាំងនេះត្រូវបានគេចាត់ទុកថាជា ការងារដែលគ្មាននរណាម្នាក់ចង់ធ្វើក៏ដោយ ប៉ុន្តែខ្ញុំនឹងធ្វើការងារតូចៗឱ្យអស់ពីសមត្ថភាព ទើបខ្ញុំអាចសម្រេចលទ្ធផលធំ ”។
ជាចុងក្រោយនាងបានបញ្ជាក់ថា ជីវិតនាងរីករាយនិងមានផលិតភាពការងារពេញ១ថ្ងៃ ប្រឹងក្រោកពីព្រលឹមទៅធ្វើការ ទោះក្រុមហ៊ុនឆ្ងាយពីផ្ទះរាប់រយគីឡូ តាមរយៈផ្នត់គំនិតរបស់ Ben Franklin បិតាស្ថាបនិកសហរដ្ឋអាមេរិក មួយដែលល្បីរាប់រយឆ្នាំមកហើយថា “ឆាប់ចូលគេង ឆាប់ក្រោកធ្វើឱ្យ បុរសស្ត្រីមានសុខភាពល្អ ទ្រព្យសម្បត្តិ និងប្រាជ្ញាឆ្លាតវៃ”៕
អត្ថបទដោយ៖ ពីង ជូអេង