មួយរយៈចុងក្រោយនេះ ការឆបោកកំពុងតែក្លាយជាប្រធានបទដ៏ក្តៅខ្លាំងមែនទែន ហើយការឆបោកនេះភាគច្រើនមានទាំងការបោកប្រាស់ដោយផ្ទាល់ដូចជាការកុហកឱ្យយើងទិញនេះទិញនោះចុះឈ្មោះរៀននេះរៀននោះជាដើម ហើយជាពិសេសនោះគឺប្អូនៗដែលទើបតែឡើងមកនៅភ្នំពេញដំបូងៗត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅការបំផុសបំផុលផ្សេងៗផងដែរ។ ហើយខាងក្រោមនេះជារឿងធំៗទាំង៤ ដែលគួរប្រយ័ត្នឱ្យបានខ្ពស់ពេលឡើងមករៀននៅភ្នំពេញ៖
១. ចូលរៀនវគ្គខ្លីតាមអនឡាញ
នៅត្រង់ចំណុចនេះ មិនមែនមានន័យថាឱ្យតែមានការបង្រៀនវគ្គខ្លីតាមអនឡាញសុទ្ធសឹងតែបោកប្រាស់ទាំងអស់ឡើយ ពោលក៏មានសាលាខ្លះមានបើកបង្រៀនអនឡាញពិតប្រាកដផងដែរ តែក៏មានករណីខ្លះគឺមានជនឆបោកបន្លំធ្វើបើករៀនជំនាញតាមអនឡាញដូចជារបៀបកាត់តវីដេអូ រៀនជំនាញបង្កើតចំណូល។ ហើយវគ្គសិក្សាដែលពួកគេបង្កើត ច្រើនតែជាជំនាញដែលទាក់ទាញ ប៉ុន្តែពេលចុះឈ្មោះចូលរៀនគឺតែងតែទាមទារឱ្យបង់ប្រាក់មុន ក្រោយបានលុយពួកគេក៏ទៅបាត់ឈឹងតែម្តង ដូច្នេះសម្រាប់បងប្អូនដែលចង់រៀនជំនាញតាមអនឡាញមុននឹងបង់ប្រាក់ចូលវគ្គសិក្សាត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ និងមើលពីប្រវត្តសិក្សាគេឱ្យបានម៉ត់ចត់ផងដែរ ចៀសវាងខាតលុយចោលទទេរ។
២. ឱកាសការងារកចំណូលបានខ្ពស់
មានជនខូចខិលមួយចំនួនបានធ្វើការផ្ញើសារ ផ្សព្វផ្សាយពាណិជ្ជកម្ម ឬសម្តែងធ្វើជាជួបយើងនៅរបងសាលា ឬតាមផ្លូវដើម្បីសន្យាជាមួយយើងថាមានឱកាសការងារល្អៗចំណូលខ្ពស់សម្រាប់យើងមករស់នៅភ្នំពេញដំបូងៗដោយពួកគេនឹងកុហកថាការងារនេះគ្រាន់តែរកតាមអនឡាញប៉ុណ្ណោះ។ ហើយក្រោយពីយើងជឿជាក់លើជនឆបោកដូចជាបានផ្ញើ CV ឱ្យគេអញ្ជឹងពួកគេនឹងប្រាប់យើងឱ្យបង់ថ្លៃសេវាជួយរកការងារឱ្យជាមុនសិន ទើបទទួលបានការងារ លុះបានលុយហើយជនឆបោកទាំងនោះក៏បាត់ស្រមោលឈឹងតែម្ដង។
៣. ដាក់លុយបានលុយ
ជាការពិតណាស់ ករណីឆបោកមួយនេះគឺគេពេញនិយមប្រើខ្លាំងណាស់ ដោយពួកគេអាចនឹងនាំយើងទៅវិនិយោគវិស័យនេះ វិស័យនេះ ហើយពេលវិនិយោគទៅយើងនឹងទទួលបានលុយចំណេញប៉ិននេះ ប៉ិននោះ។ ជាពិសេសនោះគឺពួកគេអាចនិយាយថា ពេលដែលយើងដាក់លុយទៅវិនិយោគទៅលុយចំណេញដែលបាននោះយើងអាចយកជួយគ្រួសារ រួចថ្លៃសាលា រួចថ្លៃបង់ផ្ទះជួលអីជាដើម ។ បែបនេះហើយ ពេលឡើងមកភ្នំពេញមុននឹងជឿជាក់លើអ្នកដទៃអ្វីមួយសូមបងប្អូនគិតគូរឱ្យច្បាស់លាស់ព្រោះសម័យនេះលុយពិតជាពិបាករកខ្លាំងណាស់។
៤. បំផុសឱ្យចូលរៀននៅសាលាគ្មានប្រភពច្បាស់
នៅពេលដែលយើងទើបឡើងមកពីខេត្ត ហើយបានទៅរៀនសកលវិទ្យាល័យឆ្នាំដំបូងអាចនឹងជួបជនឆបោកមួយចំនួនដែលគេអាចមកបំផុសយើងអំពីសាលារៀនរបស់គេមានបង្រៀនភាសាផ្សេងៗ ហើយគេនឹងនិយាយថានៅពេលដែលយើងចុះឈ្មោះរៀននៅក្នុងសាលាគេនោះសាលានឹងរកការងារឱ្យធ្វើ រួចគេនឹងបញ្ចុះបញ្ចូលយើងឱ្យទៅដល់សាលាគេផ្ទាល់រួចមកគេនឹងបង្ខំឱ្យបង់ថ្លៃសាលាក្រោយពីបង់រួចយើងក៏អាចជួបហានិភ័យផ្សេងៗផងដែរ។
យ៉ាងណាមិញ សម្រាប់អ្នកមកភ្នំពេញដំបូងៗចង់រកសាលាណាដែលមានបង្រៀនភាសាបរទេសបងប្អូនត្រូវតែមើលឱ្យបានច្បាស់សម័យនេះជាសម័យបច្ចេកវិទ្យាហើយចង់រៀនសាលាអីគួរតែ research ឱ្យបានច្បាស់ឬករណីខ្លះបងប្អូនអត់ដឹងអាចសួរយោបល់បងប្អូនដែលធ្លាប់មានបទពិសោធន៍នៅភ្នំពេញឬគ្រូបង្រៀនដែលបង្រៀននៅសកលវិទ្យាល័យដែលយើងកំពុងរៀនបានផងដែរ៕