ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា គឺមានសន្ទុះកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ ដោយសារមានអ្នកប្រើប្រាស់សេវាកម្មច្រើន។ កត្ដាទាំងនេះបានជម្រុញឲ្យធនាគារមួយចំនួនបាននាំគ្នាពង្រីកខ្លួន ព្រមទាំងសាងសង់អគារការិយាល័យផ្ទាល់ខ្លួនផងដែរ។ ហើយពេលនេះBusiness Cambodia នឹងលើកយកអគារការិយាល័យខ្ពស់ៗនៃធនាគារគ្រាកៗចំនួន ៤ ដែលបានសាងសង់ និងកំពុងដំណើរការសាងសង់នៅក្នុងរាជធានីភ្នំពេញ។
អេស៊ីលីដាជាធនាគារជើងចាស់មួយដែលបានបើកដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣មកម៉្លេះ។ បច្ចុប្បន្នធនាគារមួយនេះ មិនត្រឹមតែបើកដំណើរការនៅស្រុកខ្មែរប៉ុណ្ណោះទេ ប៉ុន្ដែក៏បានពង្រីកខ្លួនទៅប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ាថែមទៀតផង។ បើងាកមើលអគារកាលរិយាល័យកណ្ដាលនៅកម្ពុជាវិញ កាលពីឆ្នាំ២០១៥ អេស៊ីលីដា បានសម្ពោធអគារថ្មីរបស់ខ្លួនដែលមានកម្ពស់ ២០ ជាន់មានទីតាំងស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២. ធនាគារវីង
មិនចាញ់ធនាគារផ្សេងឡើយ ត្បិតទើបតែពង្រីកខ្លួនក្លាយជាធនាគារនូវប៉ុន្មានឆ្នាំនេះ ក៏ដោយប៉ុន្ដែធនាគារវីង ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ក៏បានសាងសង់អគារដ៏ធំស្កឹមស្កៃដើម្បីធ្វើប្រតិបត្ដិការ និងបម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួនផងដែរ។ ដោយអគារថ្មីនេះមានកម្ពស់ប្រមាណ ១២០ ម៉ែត្រ មាន ២៥ ជាន់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីចុងក្រោយឆ្នាំ២០២៣ កន្លងទៅ ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវកម្ពុជាក្រោម ខណ្ឌ៧មករា រាជធានីភ្នំពេញ។
៣. ធនាគារហត្ថា
បច្ចុប្បន្នធនាគារហត្ថា បាននិងកំពុងសម្រុកសាងសង់អគារការិយោល័យថ្មីរបស់ខ្លួនដែលមានទីតាំងនៅបណ្ដាយមហាវិថីសម្ដេចហ៊ុន សែន ៦០ ម៉ែត្រ។ អគារការិយាល័យថ្មីរបស់ធនាគារហត្ថានេះគឺមានកម្ពស់ ២២ ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ៤០.០០០ ម៉ែត្រការ៉េ។
ហើយគិតត្រឹមដំណាច់ឆ្នាំ២០២៣ កន្លងទៅ គម្រោងសាងសង់អគារការិយាល័យកណ្តាលថ្មីរបស់ ធនាគារ ហត្ថា បានបញ្ចប់ប្រមាណ៧០% ហើយគ្រោងនឹងបញ្ចប់រួចរាល់មុនផែនការនៅដើមត្រីមាសទី៣ នៃឆ្នាំ២០២៤នេះផងដែរ។
៤. ធនាគារ FTB
FTB គឺជាធនាគារពាណិជ្ជកម្មក្រៅប្រទេស និងបានចូលមកបើកដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំរួចមកហើយដែរ។ អ្វីដែលចាប់អារម្មណ៍កាលពីឆ្នាំ២០២២ ធនាគារមួយនេះក៏ទើបនឹងប្រកាសពីការបើកការដ្ឋានសាងសង់អគារការិយោល័យកណ្ដាលថ្មីផ្ទាល់ខ្លួន ដែលមានកម្ពស់ ២៨ ជាន់ មានទីតាំងស្ថិតនៅដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា បណ្ដោយមហាវិថីសហព័ន្ធរុស្សី។
តាមការបញ្ជាក់ គម្រោងអគារថ្មីរបស់ធនាគារ FTB នេះ នឹងប្រើប្រាស់ពេល ៣ ឆ្នាំសម្រាប់ការសាងសង់ ខណៈត្រូវចាយទុនវិនិយោគប្រមាណ ១១២ លានដុល្លារ៕