ចង់នាំចេញចេកលឿង លែងពិបាកហើយ ក្រសួងបង្ហាញផ្លូវ៤ អាចជួយឱ្យម្ចាស់ចំការនាំចេកទៅក្រៅប្រទេសបាន
ធី ស្រីល័ក្ខJANUARY 24 2023442 views

ចេកអំបូងលឿងជាប្រភេទផ្លែឈើដែលមានទីផ្សារមួយក្នុងចំណោមផ្សេងទៀត ហើយផ្លែចេកអំបូងលឿងនេះដែរត្រូវបាននាំចេញច្រើនបំផុតទៅកាន់ទីផ្សារប្រទេសចិន។ជាក់ស្តែង តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា កម្ពុជាបាននាំចេញចេកអំបូងលឿងចំនួន ១៥៧,៨១២ តោននៅឆ្នាំ ២០១៩ និង ១៤៧,៧៥៤ តោនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០។

ហើយទន្ទឹមនឹងការនាំចេញចេកអំបូងលឿងទៅក្រៅប្រទេសនេះដែរ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏បានបង្ហាញពីនីតិវិធីចំនួន ៤ ធំៗដែលអាចជួយឱ្យម្ចាស់ចំការ មានលទ្ធភាពអាចនាំចេញចេកអំបូងលឿងទៅកាន់ទីផ្សារប្រទេសចិនបានផងដែរ។ក្នុងនោះរួមមាន ៖

  • ជំហានទី ១ ៖ ការដាក់ពាក្យ
  • ម្ចាស់អាជីវកម្មដែលមានបំណងចង់នាំចេញត្រូវធ្វើការចុះបញ្ជីការជាមួយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ដោយត្រូវភ្ជាប់ជាមួយឯកសារពាក់ព័ន្ធដូចជា ៖ ពាក្យស្នើសុំ( ទទួលពី ន.ក.អ.ភ.នៃ អ.ន.ក ) និងមាន វិក័យបត្រ បញ្ជីវេចខ្ចប់ បណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម វិញ្ញាបនបត្រការធ្វើប្រព្រឹត្តកម្មភូតគាមអនាម័យ។

    • ជំហានទី ២ ៖ ការពិនិត្យឯកសារ

    មន្ត្រីទទួលពាក្យនឹងពិនិត្យឯកសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យនាំចូល និងពិនិត្យពាក្យស្នើសុំ និងឯកសារពាក់ព័ន្ធ។

    ១.ប្រសិនបើពាក្យស្នើសុំ និងឯកសារពាក់ព័ន្ធទាំងអស់អនុលោមតាមច្បាប់ អ្នកនាំចេញឬអាជីវកម្មត្រូវបង់ប្រាក់ហើយបន្តទៅជំហានបន្ទាប់

    ២.ប្រសិនបើពាក្យស្នើសុំមិនគ្រប់គ្រាន់ អ្នកត្រួតពិនិត្យនឹងផ្តល់ការណែនាំដល់់អ្នកនាំចេញក្នុងការរកឯកសារឱ្យបានគ្រប់គ្រាន់ ឬណែនាំនូវវិធានការផ្សេងទៀតដែលចាំបាច់ឬប្រាប់អំពីការនាំចូលនូវផលិតផលទាំងនោះត្រូវបានហាមឃាត់។

    • ជំហានទី ៣ និងទី៤ ៖ ការត្រួតពិនិត្យទំនិញបញ្ញើ (ផ្លែចេក)

    បន្ទាប់ពីទទួលបានពាក្យស្នើសុំ ប្រសិនបើឯកសារមានគ្រប់គ្រាន់ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងរុក្ខាប្រមាញ់និងនេសាទនឹងចាត់តាំងមន្ត្រីអធិការកិច្ចភូតគាមអនាម័យ ដើម្បីចុះធ្វើអធិការកិច្ចទំនិញ និង ត្រួតពិនិត្យលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចូល៕

    អត្ថបទដោយ៖សម្បត្តិ សុខឡាង

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia