អ្នកឧកញ៉ាគួច ម៉េងលី៖ សកម្មភាព៣ ឪពុកម្តាយគួរពង្វាងកូន កុំឱ្យធ្វើ បើមិនចង់ឱ្យកូនខូចអនាគត
Ping Chou EngFEBRUARY 4 2025382 views

កំហុសធំមួយរបស់អាណាព្យាបាល គឺខ្វះការយកចិត្តទុកដាក់តាមដានសកម្មភាពប្រចាំថ្ងៃរបស់កូន ក្នុងសម័យបច្ចេកវិទ្យា ដោយរវល់នឹងការងារខ្លាំងពេកមិនបានឆ្លៀតពេលខ្លះៗដើម្បីកូន។

 

ក្នុងនោះបើតាមប្រសាសន៍លើកឡើងនៅក្នុងវីដេអូរបស់ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកសាលាអន្តរជាតិអាមេរិក​ (AIS) បានបញ្ជាក់ឱ្យដឹងថា សកម្មភាពមិនល្អចំនួន៣ ឪពុកម្តាយឬអាណាព្យាបាលគួប្បីហាមឃាត់កុំឱ្យក្មេងៗប្រព្រឹត្តិ នៅក្នុងសម័យឌីជីថលបើមិនចង់ឱ្យក្មេងខូច ខួរក្បាលស្ពឹកស្រពន់ និងមិនអាចក្លាយជាយុវជនខ្លាំង។

 

.​ រឿងអាសអាភាស៖ អ្នកឧកញ៉ាបានគូសបញ្ជាក់ថាបច្ចុប្បន្ននេះក្មេងៗវាក់នឹងបច្ចេកវិទ្យាខ្លាំង រហូតមានក្មេងខ្លះសុំានឹងការមើលរឿងអាសអាភាស ឬទៅជាញៀនតែម្តង ដែលធ្វើឱ្យក្មេងៗទាំងនោះមិនឆ្លាតវៃ នឹកឃើញបង្កើតរឿងខុសៗតាមវ័យរបស់ពួកគេ។

 

ហេតុនេះឪពុកម្តាយ ឬអាណាព្យាបាលត្រូវតាមដានកូនកុំឱ្យធ្វើរឿងនេះឱ្យសោះ រួមទាំងផ្នែកពាក់ព័ន្ធទាំងអស់មានជាអាទិ៍រដ្ឋបាលបច្ចេកវិទ្យាជាតិ គួរបន្ថែមការទប់ស្កាត់ឬបិទជម្រុកវេបសាយអាសអាភាសកុំឱ្យក្មេងៗមិនទាន់គ្រប់អាយុចូលមើលបាន។

 

. គ្រឿងស្រវឹង៖ ស្ថាបនិកសាលារៀនខ្មែរស្តង់ដារអាមេរិកកាំង វ័យ៥៥ឆ្នាំរូបនេះបានបន្ថែមថាស្រាគឺជាគ្រឿងញៀនដ៏ធំបំផុត នៅប្រទេសណាក៏ផលិតនិងទទួលទានស្រាដែរ។​ ប៉ុន្តែទន្ទឹមនឹងការផលិត ចរាចរលក់ដូរ ស្រាមិនគួរប្រម៉ូតឃាសនាដាក់រង្វាន់ចាប់ឆ្នោតទេ ឬបិទការផ្សាយតាមតំបន់ជិតសាលារៀនទេ។

 

ខណៈចំណុចនេះអ្នកឧកញ៉ាជឿជាក់ថារដ្ឋាភិបាលលោកនឹងគិតគូរបន្ថែមលើច្បាប់ហាមឃាត់មិនឱ្យកុមារឬយុវជនអាយុក្រោម២១ឆ្នាំទិញឬទទួលទានបាន ស្របពេលកន្លងមករដ្ឋាភិបាលអនុវត្តបានយ៉ាងសកម្មជុំវិញបញ្ហា បៀរហ្គាឌិន ខារ៉ាអូខេជាដើម។ បន្ថែមពីនេះទៀតឪពុកម្តាយឬអាណាព្យាបាលគួរតាមដាន ណែនាំ និងមានវិធានដល់កូនឱ្យបានដិតដល់ជាប្រចាំលើសកម្មភាពសេពគប់គ្រឿងស្រវឹង។

 

. គ្រឿងញៀន៖ ដើម្បីសង្រោ្គះ កសាង និងអភិវឌ្ឍន៍ធនធានមនុស្សដែលអាចប្រើការបាន និងជៀសវាងកុំឱ្យក្មេងទៅជាប៉ោឡែ ការជៀសវាងសកម្មភាពប្រើថ្នាំញៀន ដែលមានជាតិគីមី តួយ៉ាងមានយ៉ាម៉ា អាភៀន អ្នកឧកញ៉ាបានរំលេចថាគឺជាកត្តាសំខាន់មួយដែលឪពុកម្តាយនៃកូនគ្រប់រូបគួរអប់រំ ពង្វាងកូនកុំឱ្យធ្វើ។

 

ក្នុងនោះរួមទាំងសង្គមផងដែរ គួរចូលរួមទប់ស្កាត់ឱ្យខ្លាំង ទើបយុវជនមានអនាគតល្អ ប្រទេសជាតិមានធនធានមនុស្សដែលខ្លាំងក្លានិងរឹងមាំ។

 

ពិតណាស់ការអប់រំកូនចៅរបស់មាតាបិតាប្រៀបដូចសុភាសិតខ្មែរពោលថា ពត់ឈើទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង ហេតុនេះបើចិញ្ចឹមកូនដោយការធ្វេសប្រហែស ទុកដល់ហួសពេល អនាគតបើមិនកូនជាប់គុកក៏ដេកពេទ្យដែរ ថ្ងៃមុខពួកគេនឹងលំបាកខ្លួនឯងហើយឈានដល់ខូចខាតផ្លូវចិត្តថែមទៀត៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia