បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល១៣ឆ្នាំ ពេនេះខ្សែរភាគយន្ត Avatar បានត្រឡប់មកវិញហើយដោយAvatar ភាគ២ នេះមានចំណងជើងថា Avatar: The Way of Water។ ខណៈត្រឹមតែមួយយប់សោះរឿងនេះអាចកើបចំណូលបានរហូតដល់ទៅ១៧ លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo news ។
ប្រភពដ៏ដែលបានឱ្យដឹងថាក្នុងរយៈពេលនៃការចាក់បញ្ចាំងនៅសប្តាហ៍ដំបូងរបស់ខ្លួន រឿង «Avatar: The Way of Water» របស់លោក James Cameron រកចំណូលក្នុងស្រុកបានខ្ទង់ ១៣៤លានដុល្លារ ដែលនេះបានធ្វើឲ្យវាក្លាយជាស្នាដៃដំបូងហើយរបស់លោក Cameron ដែលរកបានចំណូលជាង១០០លានដុល្លារពីការចាក់បញ្ចាំងនៅសប្តាហ៍ដំបូង។ បើសរុបប្រាក់ចំណូលក្នុងមួយសប្តាហ៍នៃការចាក់បញ្ចាំងទូទាំងពិភពលោក ភាពយន្តនេះរកបានរហូតដល់ ៤៣៥លានដុល្លារឯណោះ។
ត្រលប់ទៅឆ្នាំ 2009 ភាគយន្ត Avatar ភាគ១ រកចំណូលបានត្រឹមតែ ៧៧ លានដុល្លារ នៃការចាក់បញ្ចាំងមួយសប្ដាហ៍ដំបូង។ ប៉ុន្តែដោយសារការនិយាយពីមាត់មួយទៅមាត់មួយទើបធ្វើឱ្យរឿងមួយនេះ បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងរយៈពេល ៧ សប្តាហ៍ជាប់គ្នា ហើយទីបំផុតបានឈានដល់ ៧៦០ លានដុល្លារនៅអាមេរិកខាងជើង និង ២.៩២ ពាន់លានដុល្លារនៅទូទាំងពិភពលោក។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត «Avatar» ភាគ១ ដែលចាក់បញ្ចាំងលើកដំបូងក្នុងឆ្នាំ២០០៩ បានកាន់កាប់តំណែងខ្សែភាពយន្ត ដែលរកចំណូលបានច្រើនជាងគេបំផុត នៅក្នុងពិភពលោក អស់រយៈពេលមួយទសវត្សរ៍ ហើយទើបតែក្នុងឆ្នាំ២០១៩ កន្លងទៅទេ ដែលខ្សែភាពយន្តនេះ ត្រូវបានទម្លាក់ចេញពីតំណែងកំពូលនេះ ដោយខ្សែភាពយន្តរឿង Avengers: Endgame របស់ក្រុមហ៊ុន Marvel៕
អត្ថបទដោយ៖ ឌឿក ស្រី នុត