សហគមន៍កសិកម្មស្វាយចន្ទីអូរគគី គឺជាសហគមន៍កសិកម្មមួយក្នុងចំណោមសហគមន៍កសិកម្មជាច្រើនទៀត ដែលមានទីតាំងស្ថិតនៅភូមិ អូគរគី ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។ សហគមន៍សកិកម្មអូរគគីរបង្កើតក្នុងឆ្នាំ ២០២០ ជាសម្ព័ន្ធនៃសហគមន៍កសិកម្មជាច្រើន ក្នុង គោលបំណងបង្កើនភាពងាយស្រួលក្នុងការសម្របសម្រួលជាមួយដៃគូអាជីវកម្ម។ សហគមន៍នេះដឹកនាំដោយ គណៈកម្មាធិការផ្នែកផ្សព្វផ្សាយកសិកម្ម ហិរញ្ញវត្ថុ និង ទំនាក់ទំនងភាពជាដៃគូរ។
សហគមន៍កសិកម្មអូរគគីមានកសិករជាសមាជិកសរុប ចំនួន ៧០១ នាក់ ដែលដាំស្វាយចន្ទី ដំឡូងមី ស្រូវ និង បន្លែផ្ទៃដីដាំដុះចន្ទីសរុប ៤៥០០ ហិចតា។ ក្នុងនោះដែរ សហគមន៍កសិកម្មបានផ្តល់សេវាកម្មផ្នែកសន្សំ និងឥណទាន ការប្រមូលទិញដំឡូងមី ការ រៀបចំដីនិងការដាំដុះ និងការចែកចាយដីទឹកធម្មជាតិផង។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងកម្មវិធីទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា ប្រធានសហគមន៍កសិកម្មអូរគគីរ បានឲ្យដឹងថា កសិករប្រមូលផ្ដុំគ្នាដាំដុះស្វាយចន្ទីជាលក្ខណៈសហគមន៍ គឺផលិតផលដែលទទួលបានគឺជាលក្ខណៈបណ្ដុំ ដូច្នេះអ្នកដាំនិងទទួលបានតម្លៃខ្ពស់។ នេះគឺជាចំណុចចម្បងទីមួយ។ ទីពីរក្រុមហ៊ុនដែលជាដៃគូចាំទទួលទិញគឺមានទំនុកចិត្តជាមួយនឹងសហគមន៍ ពីព្រោះនៅពេលដែលយើងចងក្រងគ្នាជាបណ្ដុំបែបនេះ ងាយស្រួលស្នើសុំលិខិតបញ្ជាក់ឬមានការទទួលស្គាល់ពីក្រសួងកសិកម្ម។
សហគមន៍មួយយើងអាចផលិតនូវផលិតផលដែលមានស្ដង់ដារស្របតាមតម្រូវការរបស់ដៃគូ។ ប្រសិនបើយើងដាំដោយឯករាជ្យគឺពិបាកក្នុងការអនុវត្តទៅតាមគោលការណ៍បច្ចេកទេសណាស់។ អ្វីដែលកាន់តែពិសេសនិងជាបទពិសោធន៍ដ៏ឈឺចាប់របស់កសិករ នៅពេលដែលកសិករដាំដោយឯកឯង ឬធ្វើកសិកម្មដោយពុំបានចងក្រងគ្នាជាសហគមន៍ កសិករនិងជួបគ្រោះថ្នាក់ដ៏ធំមួយគឺឈ្មួញទម្លាក់តម្លៃតាមចិត្ត។ ថ្ងៃនេះលក់បានថ្លៃ ថ្ងៃស្អែកចុះថ្លៃភ្លាមៗក៏មានដែរ។
អញ្ចឹងហើយមានតែការប្រមូលផ្ដុំគ្នា ផលិតនៅផលិតផលដែលមានគុណភាពស្របតាមស្តង់ដារបង្កើតជាសហគមន៍ដ៏ជាក់លាក់មួយទើបយើងអាចចរចាតម្លៃជាមួយនឹងក្រុមហ៊ុនទទួលទិញបាន។ ជាឧទាហរណ៍ជាក់ស្ដែងទោះជាឈ្មួញខាងក្រៅទម្លាក់តម្លៃគ្រាប់ស្វាយចន្ទីរហូតដល់ ៤០០០រៀល ឬ៤២០០រៀល ប៉ុន្តែខាងសហគមន៍នៅតែបន្តទិញពីកសិករ ៤៥០០រៀល ជាទៀងទាត់។ បន្ទាប់ពីចូលរួមជាមួយនឹងសហគមន៍កសិករមិនត្រឹមតែមានទីផ្សារលក់ចេញបានតម្លៃសមរម្យនិងទៀងទាត់នោះទេកសិករក៏នឹងទទួលបានបច្ចេកទេសរបៀបដាំដុះតាមបែបសុវត្ថិភាពប្រើប្រាស់ជីធម្មជាតិ និងចេះពីរបៀបផលិតជីដោយប្រើប្រាស់ដើមទុនតិចបំផុត ជាកត្តាជំរុញដ៏ធំមួយដែលធ្វើឲ្យកសិករចាយទុនតិចកាត់បន្ថយថ្លៃដើម តែទទួលបានទិន្នផលខ្ពស់និងមានផលចំណេញដែលអាចទទួលយកបាន។
គួរបញ្ជាក់ផងដែរថា សហគមន៍អូរគគីរទទួលបានការគាំទ្រពីគម្រោង CRAS ក្នុងការបង្កើតផែនការអាជីវកម្ម និងសាងសង់កន្លែងប្រមូលទិញ ចំនួន ២ គឺ (រានហាលបេតុង ២ និងឃ្លាំង ២)។ គម្រោងបានគាំទ្រសហគមន៍ក្នុងការចែកចាយធាតុចូលកសិកម្មដែលមានគុណភាព និងផ្តល់សេវាកម្មផ្សព្វផ្សាយ ផ្តល់ជំនួយបច្ចេកទស និងសម្ភារៈ ក្នុងការសាងសង់ និងប្រតិបត្តិការលើការហាលសម្ងួត កន្លែងប្រមូលទិញនឹងឃ្លាំង និងឧបករណ៍បកសម្បក កសាងអាជីវកម្មឱ្យសមស្របនឹងតម្រូវការរបស់អ្នកទិញក្នុងស្រុក និងកសាងសមត្ថភាពក្នុងការគ្រប់គ្រង និងប្រតិបត្តិការនៅកន្លែងប្រមូលទិញ។ ជាលទ្ធផល សហគមន៍អាចផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្រស់ ២៥០ តោនក្នុង ១ រដូវ និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្ងួត ៤០ តោន ទៅកាន់អតិថិជនចំនួន ២។ ចំណូលពីការប្រមូលទិញលក់ បាន ១៦០ ដុល្លារ ក្នុង ១ តោន៕