បន្ទាប់ពីជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក យោងតាមការសិក្សាស្រាវជ្រាវរបស់ AXA នៃសុខភាពផ្លូវចិត្តនិងសុខុមាលភាពឆ្នាំ ២០២៣ បានបង្ហាញថាយុវជនអាស៊ីចន្លោះពីវ័យ១៨ទៅ២៤ឆ្នាំ ជាង៥០% កំពុងទទួលផលលំបាកផ្នែកផ្លូវចិត្តយ៉ាងខ្លាំង នៅកន្លែងធ្វើការងារ ដោយសារមូលហេតុកង្វះការលើកទឹកចិត្ត។
ប្រភពដដែលបានបន្តថា នៅទូទាំងពិភពលោកមានយុវជន១៣%ប៉ុណ្ណោះដែលកំពុងរីកចម្រើនលើសុខភាពផ្លូវចិត្ត បើធៀបនិងប្រជាជនអាស៊ីដែលមានកម្រិតទាបបំផុតក្នុងការរីកចម្រើន ជាពិសេសនៅប្រទេសថៃដែលមានការកើនឡើងនូវ យុវជនវ័យក្មេងរងការប៉ះពាល់ផ្លូវចិត្ត និងតានតឹងច្រើនជាងគេនៅកន្លែងធ្វើការងារ។
ជាមួយគ្នានេះលទ្ធផលក៏បង្ហាញផងដែរថា ក្រុមមនុស្សអាយុពី ១៨-២៤ឆ្នាំនៅអាស៊ីមានភាគរយខ្ពស់បំផុត ដែលមានបំណងលាលែងពីការងារ ក្នុងរយៈពេល ១២ ខែខាងមុខ (២១%) ព្រោះសុខភាពផ្លូវចិត្តមានទំនាក់ទំនងយ៉ាងខ្លាំងចំពោះផលិតភាពការងារ ហើយការស្រាវជ្រាវក៏បានបង្ហាញផងដែរថា នៅអាស៊ីក្រុមហ៊ុនដែលផ្តល់ជំនួយសុខភាពផ្លូវចិត្ត ទំនងជាមានបុគ្គលិករីកចម្រើន ២.៥ ដងជាងក្រុមហ៊ុនដែលមិនមាន។
គួរជម្រាបផងដែរថា AXA គឺជាប្រភេទក្រុមហ៊ុនធានារ៉ាប់រងមានមូលដ្ឋាននៅក្នុងប្រទេសបារាំង និងបានធ្វើការស្រាវជ្រាវប្រចាំឆ្នាំក្រោមប្រធានបទ “សុខភាពផ្លូវចិត្ត និងសុខុមាលភាព ២០២៣” ទាក់ទិននិងផ្លូវចិត្តរបស់យុវជននៅកន្លែងធ្វើការ។ នេះបើយោងតាមការចុះផ្សាយរបស់ National Thailand ៕
អត្ថបទដោយ៖ ពីង ជូអេង