នៅសល់ពេល ២ ខែទៀតប៉ុណ្ណោះ ឆ្នាំ ២០២៤ នឹងឈានចូលមកដល់ហើយ។ យ៉ាងណាសម្រាប់ឆ្នាំថ្មីខាងមុខនេះដែរ អ្នកវិនិយោគមួយចំនួនអាចបាននិងកំពុងត្រៀមខ្លួនសម្រាប់ការវិនិយោគអចលនទ្រព្យដូចគ្នា បើទោះជាទីផ្សារបច្ចុប្បមិនទាន់មានភាពនឹងនរក្ដី។ ដូច្នេះថាតើសម្រាប់ឆ្នាំថ្មី ២០២៤ គួរវិនិយោគអចលនទ្រព្យអ្វីល្អ ហើយគួរធ្វើបែបណាដើម្បីបង្ការហានិភ័យអំឡុងពេលវិនិយោគនេះ?
ទាក់ទងនឹងរឿងរ៉ាវនេះដែរ លោកស្រី អាន សុធីតា ដែលជាអគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia និងជាអ្នកជំនាញផ្នែកអចលនទ្រព្យមួយរូបផងនោះ បានលើកឡើងថា ឆ្នាំថ្មី ២០២៤ ជាពេលវេលាល្អសម្រាប់វិនិយោគ ប៉ុន្ដែអ្នកវិនិយោគត្រូវជ្រើសរើសប្រភេទអចលនទ្រព្យ និងទីតាំងនៃប្រភេទអចលនទ្រព្យឲ្យបានត្រឹមត្រូវ ជាពិសេសគឺលំហូរសាច់ប្រាក់សម្រាប់ការវិនិយោគតែម្ដង។
ថ្លែប្រាប់ Business Cambodia លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា "ការពិតទៅវាពិតជាពេលវេលាល្អសម្រាប់ចាប់យកឱកាសវិនិយោគ ប៉ុន្ដែអ្នកវិនិយោក៏ត្រូវពិចារណាឲ្យខ្លាំងមែនទាក់ទងនឹងលំហូរសាច់ប្រាក់របស់ខ្លួន (Cash Flow)។ បើសិនជាពេលបច្ចុប្បន្នគាត់យកកម្ចីធនាគារដើម្បីវិនិយោគលើអចលនទ្រព្យគឺអត់ល្អទេ ប៉ុន្ដែបើសិនមានលុយផ្ទាល់ខ្លួនដែលនៅសល់ហើយចាប់យកឱកាសវិនិយោគគឺជាកត្ដាល្អមែនទែន”។
លោកស្រីលើកឡើងបន្ដថា “គ្រប់អចលនទ្រព្យសុទ្ធតែល្អ ប៉ុន្ដែត្រូវតែពិចារណាទៅលើគុណភាព ទីតាំង និងតម្លៃ ដែលជាកត្ដាសំខាន់ដែលអ្នកវិនិយោគត្រូវគិតគូរឲ្យបានល្អិតល្អន់”។ ក្នុងនោះលោកស្រី អាន សុធីតា ក៏បានរំលេចនូវចលនទ្រព្យចំនួន ២ ប្រភេទរួមមាន៖ ផ្ទះ ហើយនិង ដី ដែលអ្នកវិនិយោគមិនគួរមើលរំលងឡើយ។
១. ដី
សម្រាប់ដី លោកស្រីបានលើកឡើងថា អ្នកវិនិយោគត្រូវផ្ដោតមើលទៅលើទីតាំងដែលកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អ។ ហើយបច្ចុប្បន្ននេះដីនៅប៉ែកខាងត្បូងរាជធានីភ្នំពេញក៏មានឱកាសដែរ ព្រោះកំពុងតែមានការអភិវឌ្ឍព្រលានយន្ដហោះថ្មី (ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ) ខណៈដីកំពុងទំនេរច្រើន ដូច្នេះឱកាសវិនិយោគគឺខ្ពស់ ព្រោះនឹងមានអ្នកទៅទិញដើម្បីអភិវឌ្ឍនច្រើននាពេលខាងមុខ អ៊ីចឹងតម្លៃអាចនឹងមានកំណើនលឿនដូចគ្នា។
២. ផ្ទះ
ចំពោះផ្ទះវិញ លោកស្រីបានលើកឡើងថា អ្នកវិនិយោគមានជម្រើសពីរគឺ ទិញផ្ទះក្នុងបុរី និងក្រៅបុរី។ សម្រាប់ផ្ទះក្រៅបុរី ប្រសិនបើអ្នកវិនិយោគទិញផ្ទះ ឬសង់ផ្ទះខ្លួនឯងតាមម៉ូតដែលខ្លួនស្រឡាញ់ក៏ល្អមួយបែបដែរ ព្រោះបើគុណភាពផ្ទះល្អ ទីតាំងអំណោយផល ក៏ជាឱកាសក្នុងការពិចារណាទិញដីហើយអភិវឌ្ឍន៍ផ្ទះប្រភេទហ្នឹងបាន។ នៅពេលយើងទទួលបានផ្ទះមួយមានគុណភាពល្អ ម៉ូតខុសគេ ហើយការ Design ល្អទៀតនោះនឹងដាក់ជួលបានថ្លៃ។
ប៉ុន្ដែបើសិនទិញផ្ទះនៅក្នុងបុរីអ្នកវិនិយោគត្រូវមើលលើបរិកាសរស់នៅ ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងជាដើម។ ក្នុងនោះអ្នកវិនិយោគក៏ត្រូវប្រយ័ត្នដែរ ពិសេសទិញផ្ទះក្នុងបុរីដែលកំពុងសាងសង់ ព្រោះពេលខ្លះដោយសារមានបញ្ហាប្រឈមជាមួយនឹងការលក់ សំណង់ត្រូវបានពន្យាពេលយូរ។ អ៊ីចឹងចំណុចនេះអ្នកវិនិយោគក៏ត្រូវពិចារណាថា តើអ្នកអភិវឌ្ឍន៍មួយណាមានសាច់ប្រាក់រឹងមាំ ទោះបីស្ថានភាពសេដ្ឋកិច្ចបែបណាក៏អាចបញ្ចប់គម្រោងសាងសង់បាន។ ដូច្នេះដើម្បីចៀសវាងហានិភ័យបែបហ្នឹងយើងត្រូវទៅមើលគម្រោងផ្ទាល់ ឬគួរតែផ្ដោតទៅលើគម្រោងបុរីដែលសាងសង់រួច ចៀសវាងហានិភ័យដូចបានរៀបរាប់ខាងលើ។
លោកស្រី អាន សុធីតា បន្ថែមថា សម្រាប់ការវិនិយោគផ្ទះនៅក្នុងបុរីនាពេលបច្ចុប្បន្នត្រូវពិនិត្យមើលបុរីណាដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ ព្រោះហេដ្ឋារចនាសម្ព័ន្ធល្អនឹងទាក់ទាញមនុស្សទៅរស់នៅច្រើន ដូច្នេះឱកាសក្នុងការដាក់ជួល ឬលក់យកចំណេញគឺមានខ្ពស់៕