ការដង្ហែក្បួនថ្មើរជើងដ៏ធំពុំធ្លាប់មាន “សាទរកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នឹងមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ នៅខាងមុខព្រះបរមរាជវាំង ដោយរួមមានល្បែងកម្សាន្តសប្បាយៗ ការសម្តែងសិល្បៈចម្រុះ ការបាញ់កាំជ្រួចរាប់ថយក្រោយដើម្បីឆ្លងឆ្នាំសកល ២០២៤ ចូលទៅកាន់ ២០២៥ ។
យ៉ាងណាមិញ តាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងថា ការដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា” នេះនឹងរៀបចំប្រព្រឹត្តទៅ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូតដល់សាល មហោស្រពចតុមុខ) និងកំណាត់វិថីឧកញ៉ាឈុន (ចាប់ពីភ្លើងស្តុបសាលមហោស្រពចតុមុខ រហូតដល់ កែងមហាវិថីសម្តេចសុធារស) ចាប់ពីវេលាម៉ោង ១៣:០០នាទី រហូតដល់បញ្ចប់កម្មវិធី។
ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងស្នើសុំយោគយល់អធ្យាស្រ័យ ដោយក្ដីអនុគ្រោះនិងចូលរួមលេងកម្សាន្តឱ្យបានកុះករ ខណៈនេះជាឆ្នាំដំបូងរបស់កម្ពុជាហើយ ដែលបានប្រារព្ធកម្មវិធីនេះឡើងដើម្បីអបអរជួបជុំជនរួមជាតិ សម្រាប់ឆ្នាំថ្មី ឆ្នាំសកល៕
អត្ថបទដោយ៖ ពីង ជូអេង