យន្តហោះ Jeju Air ជើងហោះហើរ 7C 2216 ដែលហោះពីទីក្រុង Bangkok ប្រទេសថៃដឹកអ្នកដំណើរចំនួន១៧៥នាក់និងនាវិកចំនួន៦នាក់ នៅពេលដែលគ្រោះធ្លាក់យន្តហោះបានកើតឡើងនៅឯអាកាសយានដ្ឋាន Muan ស្ថិតនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង នៅម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
សារព័ត៌មានកូរ៉េខាងត្បូងជាច្រើនរួមជាមួយនឹងវីដេអូដែលបានផុសនៅតាមបណ្តាញសង្គមបានសង្ស័យថា យន្តហោះនេះបានរអិលធ្លាក់ពីលើផ្លូវនៅពេលចុះចត ក្នុងល្បឿនលឿននិងបុកទៅនឹងអ្វីមួយ ហើយក៏ផ្ទុះឡើងឆេះសន្ធោសន្ធៅ។
ប៉ុន្តែបើអ្នកជំនាញបានថ្លែងប្រាប់សារព័ត៌មាន CNN អំពីមូលហេតុផលនៃការធ្លាក់ ជាសិន្និដ្ឋានយ៉ាងដូច្នេះថា ផ្ទៃខាងក្រោមរបស់យន្តហោះជាកង់ដែលប្រើសម្រាប់ហោះឡើងនិងចុះចត អាចនឹងមិនត្រូវបានដាក់ពង្រាយឱ្យពេញលេញគ្រប់ចំនួនមុនពេលចុះចត ឬុកង់នោះបានបាក់នៅពេលចុះចត ដោយនេះជាការសង្ស័យចម្បងបំផុតរបស់ក្រុមអ្នកជំនាញ។
ក្នុងនោះលោក Lee Jeong-hyun ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យនៅអាកាសយានដ្ឋាន Muan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដដែលថា តាមការប៉ាន់ស្មានការធ្លាក់នៃយន្តហោះនេះ គឺអាចកើតឡើងដោយសារការវាយប្រហាររបស់សត្វស្លាប ទៅលើយន្តហោះមុនពេលចុះចតទៅទៀត។
យ៉ាងណាមិញអ្នកវិភាគអាកាសចរណ៍បានបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកជំនាញត្រូវការភស្តុតាងបន្ថែមទៀត មុនពេលអាជ្ញាធរកូរ៉េខាងត្បូងអាចកំណត់យ៉ាងច្បាស់លាស់ថាកត្តាអ្វីដែលអាចបណ្តាលឱ្យធ្លាក់នេះ។ ខណៈយន្តហោះនេះគឺជាយន្តហោះមួយក្នុងចំណោមយន្តហោះដែលមានកំណត់ត្រាហោះហើរល្អបំផុតនិងមានសុវត្ថិភាពខ្ពស់បំផុតនៅលើពិភពលោក ដែលបានប្រើប្រាស់ជាង២០ឆ្នាំមកនេះ។
គួរជម្រាបថាជនរងគ្រោះនៅលើយន្តហោះនេះរួមមានបុរស៥៤នាក់ ស្រី៤៧នាក់និងមនុស្ស១១នាក់ផ្សេងទៀតនៅមិនទាន់អាចកំណត់ភេទបាន។ បន្ថែមពីនេះក្រុមជួយសង្គ្រោះបានឲ្យដឹងថា អ្នកនៅរស់រានមានជីវិតមានចំនួន២នាក់គឺជាសមាជិកនាវិក ដែលមានប្រុសម្នាក់និងស្រីម្នាក់។
ស្ថាប័នដែនដីនៃកូរ៉េខាងត្បូងក៏បានចេញមកបញ្ជាក់ថា នៅក្នុងយន្តហោះនោះមានជនជាតិថៃត្រឹម២នាក់ប៉ុណ្ណោះ ដោយអ្នកដំណើរទាំងអស់ផ្សេងទៀត គឺជាជនជាតិកូរ៉េខាងត្បូង៕
អត្ថបទដោយ៖ ពីង ជូអេង