វត្ថុយក្សចំនួន៧រួមមាន ចាប៉ីដងវែងយក្ស, កន្ត្រងប្រហុកយក្ស, មួកស្លឹកត្នោតយក្ស, សំបុកនិងពងមាន់យក្ស, ខ្មុកយក្ស, អង្រុតយក្ស និងបំពង់ទឹកត្នោតយក្សបាននឹងកំពុងរៀបចំដាក់បង្ហាញនៅក្នុងកម្មវិធីភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដខេត្តសៀមរាបហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
នៅឆ្នាំ២០២៣នេះ ក្រោមប្រធានបទ “ភូមិខ្ញុំ ភូមិសុខសាន្ត” ដែលមានទីតាំងនៅខាងជើងជាប់នឹងប្រាសាទបាយ័ន បែរមុខទៅទិសខាងលិចទល់នឹង ប្រាសាទភិមានអាកាស។ កម្មវិធីភូមិខ្ញុំនេះ មានសំណង់ផ្ទះខ្មែរបុរាណ ដែលមានដូចជា ផ្ទះសិល្ប:ទស្សនីយភាព ផ្ទះសេដ្ឋី, ផ្ទះនំ, សាលាឆទាន និងផ្ទះចាក់ចេក ផ្សារភូមិខ្មែរ ដែលមានលក់ម្ហូបអាហារ, នំ, ភេសជ្ជ: និងវត្ថុអនុស្សាវរីយ៍ផ្សេងៗរបស់អ្នកភូមិ។
សម្រាប់កម្មវិធី ”ពិព័រណ៍វត្ថុយក្ស” បានរៀបចំឡើង ក្នុងខ្លឹមសារអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយពាំនាំត្រឡប់មកវិញនូវស្នាដៃវត្ថុយក្សក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមុនៗ និងស្នាដៃដទៃទៀតដ៏គួរជាទីមោទកភាពរបស់យុវជន ដោយរំលេចជាទស្សនីយភាពដ៏អស្ចារ្យ ក្នុងការរួមចំណែកលើកតម្កើង ស្នាដៃកូនខ្មែរក្រោមពាក្យស្លោក “ខ្មែរធ្វើបាន" ។
កម្មវិធី”ភូមិខ្ញុំ” នៃព្រឹត្ដិការណ៍អង្គរ ដែលបានរៀបចំឡើងនេះ គឺដើម្បីបង្ហាញអំពីទិដ្ឋភាពខ្លះៗនៃភូមិខ្មែរសម្រាប់ឱ្យអ្នកទស្សនាជាតិ និងអន្តរជាតិ បានឃើញនឹងនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាក្ដីស្រមៃ ក្តីសង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា នៅទីលានប្រាសាទជល់ដំរី នៃក្រុងអង្គរធំ មានកម្មវិធីជាច្រើនទៀត រួមមានកម្មវិធី ក្នុងអត្តន័យប្រមូលផ្តុំនូវសារ:សំខាន់ និងភាពដ៏អស្ចារ្យនៃ សិល្ប: ទំនៀមទម្លាប់ និងឥរិយាបថដ៏ប្រពៃរបស់ប្រជាជនខ្មែរ។ ក្នុងនោះក៏មានកម្មវិធី” ភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣” ជាកម្មវិធីផ្សព្វផ្សាយទូលំទូលាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ "កីឡារស់ក្នុងសន្តិភាព” ផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង