កាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២៣កម្ពុជាបានសម្ពោធបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោដែលធ្វើឲ្យពលរដ្ឋខ្មែរនិងបរទេសមានការភ្ងាក់ផ្អើលដោយសារតែទស្សនីយភាពដ៏អស្ចារ្យនឹកស្មានមិនដល់។
ដោយឡើងនៅថ្ងៃទី១៧ខែឧសភាកម្ពុជាក៏នឹងរៀបចំព្រឹត្តិការណ៍បិទព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលនឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោដូចគ្នាហើយអ្នកចូលរួមទស្សនាផ្ទាល់នឹងទទួលបានទស្សនីយភាពមិនចាញ់ថ្ងៃបើកព្រឹត្តការណ៍ស៊ីហ្គេមឡើយ។
បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណ:កម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ បានមានប្រសាសន៍ថា សម្រាប់ថ្ងៃបិទស៊ីហ្គេមនឹងមានទស្សនីយភាពថ្មីៗ ដែលបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជា ដែលមានភាពប្រណិត ស្រស់ស្អាត ស្តង់ដារ និងអស្ចារ្យ ដើម្បីឱ្យទស្សនិកជនដែលបានចូលរួម មានភាពសប្បាយរីករាយ ប្លែកភ្នែក និងចងចាំនូវព្រឹត្តិការណ៍នេះ ។
ឯកឧត្ដមបានបង្ហើបទៀតថាកម្មវិធីបិទនេះនឹងមានទាំងសិល្បករ សិល្បៈការិនី កងទ័ពជិត ២០០០នាក់នៅក្នុងការរៀបចំទស្សនីយភាពបិទពិធីហើយការរៀបចំបិទនេះនឹងធ្វើអ្នកទស្សនាទទួលបាននូវប្រព័ន្ធទស្សនីយភាពមួយដែលមានភាពអាឡោះអាល័យ ឬក៏ជោគជ័យភាពសប្បាយរីករាយដើម្បីជាមោទនភាពរួមគ្នានៅក្នុងការរៀបចំស៊ីហ្គេមនេះ៕