ក្រោយ Jack Ma ត្រឡប់មកវិញ Alibaba ប្រកាសតែងតាំង CEOថ្មីរុះរើរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ
Ping Chou EngJUNE 22 20231.2 K views

បន្ទាប់ពីការបង្ហាញវត្តមានរបស់មហាសេដ្ឋីចិន លោក Jack Ma ក្នុងសង្គមវិញ ក្រុមហ៊ុនយក្ស Alibaba បានប្រកាសរុះរើរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ និងប្រកាសអំពីការចូលកាន់តំណែងនាយកប្រតិបត្តិថ្មីនៅចុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។

កាលពីថ្ងៃអង្គារទី២០ ខែមិថុនានេះ​ លោក Joseph Tsai ដែលជាអនុប្រធានប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន Alibaba បាន​ឱ្យដឹងថាលោក Eddie Wu នឹងបន្តតំណែងពីលោក Daniel Zhang ក្នុងនាមជានាយកប្រតិបត្តិថ្មីនៅថ្ងៃទី១០ ខែកញ្ញា ចុងឆ្នាំ២០២៣នេះ ដើម្បីកាន់កាប់ក្រុមហ៊ុនសាជីវកម្មខ្នាតយក្សមួយនេះ។

Daliy Article 452

មិនត្រឹមតែការផ្លាស់ប្តូរនាយកប្រតិបត្តិថ្មីនោះទេ Alibaba ក៏បានធ្វើការរុះរើរចនាសម្ព័ន្ធធំបំផុតជាប្រវត្តិសាស្រ្តក្នុងរយៈកាល២៤ឆ្នាំ ចាប់តាំងពីការបង្កើត Alibaba ឡើងមក។

យ៉ាងណាមិញកាលពីខែមីនាកន្លងទៅក្រុមហ៊ុន Alibaba ក៏បានធ្វើការបំបែកក្រុមហ៊ុនជាបុត្រសម្ព័ន្ធជា៦ស្ថាប័នផ្សេងគ្នាៗដូចជា៖ Cloud Intelligence Group, Taobao Tmall Commerce Group, Local Services Group, Cainiao Smart Logistics, Global Digital Commerce Group, និង Digital Media and Entertainment Group ។ ខណៈការរុះរើនេះធ្វើឱ្យភាគហ៊ុនដែល​ចុះ​បញ្ជី​នៅ​អាមេរិក​របស់ Alibaba ឡើងចំនួន១០ភាគរយកាលពីខែមីនា។

ក្នុងនោះលោក Daniel Zhang បានលើកឡើងនៅក្នុងសេចក្តីប្រកាសថា "នេះគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ខ្ញុំដើម្បីធ្វើការផ្លាស់ប្តូរមួយ ដោយផ្តល់សារៈសំខាន់ដល់ក្រុមហ៊ុន Alibaba Cloud Intelligence Group នៅពេលដែលវាដំណើរការឆ្ពោះទៅរកការផ្លាស់ប្តូរយ៉ាងពេញទំហឹង" ។ 

គួរជម្រាបផងដែរថាលោក Daniel Zhang ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាភិបាលAlibaba ជានាយកប្រតិបត្តិនៅខែឧសភា ឆ្នាំ២០១៥ ។ នៅឆ្នាំ ២០១៩ គាត់បានជំនួសតំណែងលោក Jack Ma ជាប្រធានប្រតិបត្តិ ខណៈលោក Ma បានប្រកាសចូលនិវត្តន៍ នៅថ្ងៃខួបកំណើតរបស់គាត់ និងខួប ២០ ឆ្នាំរបស់ក្រុមហ៊ុន៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia