វិស័យកាហ្វេ ត្រូវបានគេចាត់ទុកថាជាវិស័យមួយ ដែលទទួលបានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរនៅលើពិភពលោក ជាក់ស្ដែងម៉ាកយីហោល្បីៗមួយចំនួន បានពង្រីកខ្លួនទៅកាន់ទីផ្សារនានាពាសពេញពិភពលោកផងដែរ។
ទន្ទឹមនឹងភាពរីកចម្រើន វាក៏បង្កឲ្យទីផ្សារមានការប្រកួតប្រជែងខ្លាំងផងដែរ ដែលវាទាមទារឱ្យសហគ្រិនដែលចង់រកស៊ីក្នុងវិស័យដែលកំពុងរីកចម្រើន គប្បីត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ ចេះចាប់ចំណែកទីផ្សារខុសពីដៃគូប្រជែង និងត្រូវមានចំណុចពិសេសផ្ទាល់ខ្លួនផងដែរ បូករួមជាមួយនឹងចំណុចពិសេសជាច្រើនទៀត ដើម្បីអាចរីកចម្រើនក្នុងទីផ្សារ។
ខណៈដែលមនុស្សភាគច្រើន ចូលចិត្តបើកហាងកាហ្វេក្នុងទីប្រជុំជន ដែលមានមនុស្សច្រើនកុះករ ឬក្បែរអតិថិជនគោលដៅរបស់ខ្លួន ប៉ុន្តែប្ដីប្រពន្ធវ័យក្មេង១គូ ជនជាតិហ្វីលីពីនគឺ Rozelle Mae Benedito និង Mawi Mendoza Rillorta បែរជាមានគំនិតច្នៃប្រឌិតខុសពីគេ មកបើកហាងកាហ្វេនៅកណ្ដាលវាលស្រែក្នុងទំហំប្រមាណ ៥០០ម៉ែត្រការ៉េទៅវិញ។
ចាប់ផ្ដើមដំបូងជាមួយដើមទុន ១លានប៉េសូហ្វីលីពីន (ប្រហែល ១៨,២១៥ ដុល្លារ) ប្ដីប្រពន្ធមួយគូនេះ ត្រូវបានមនុស្សជុំវិញខ្លួនសើចចម្អក និងគិតថាមិនជោគជ័យនោះទេ ព្រោះបើកកណ្ដាលវាលស្រែបែបនេះ ប្រាកដជាគ្មានអ្នកមកញ៉ាំនោះទេ ព្រោះវាឆ្ងាយពេក។ ប៉ុន្តែមានតែប្ដីប្រពន្ធ១គូនេះតែប៉ុណ្ណោះ ដែលជឿជាក់លើគំនិតរបស់ខ្លួន។
ថ្វីត្បិតតែប្ដីប្រពន្ធ១គូនេះ មិនបានផ្ដោតលើអតិថិជននៅទីប្រជុំជន ប៉ុន្តែពួកគាត់បានផ្ដោតលើអ្នកដំណើរឆ្លងកាត់តាមខេត្ត បូករួមជាមួយនឹងទេសភាពវាលស្រែធម្មជាតិពិតៗ បានធ្វើឲ្យអាជីវកម្មមួយនេះ ទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ផងដែរ ពោលគឺទទួលបានភាពរីកចម្រើនរហូតមានបុគ្គលិក ១៥នាក់ និងអាចទាញរកចំណូលបានខ្ទង់ ៥ម៉ឺនប៉េសូហ្វីលីពីន (ជាង៩០០ដុល្លារអាមេរិក) ជាប្រចាំថ្ងៃផងដែរ នេះបើយោងតាមការចេញផ្សាយដោយ businessnews.com.ph។
តាមរយៈបទពិសោធន៍នៃការបើកហាងកាហ្វេកណ្ដាលវាលស្រែ ដ៏ប្លែកខុសគេនេះ ប្ដីប្រពន្ធ១គូនេះបានចែករំលែកថា “វាពិតជាសំខាន់ណាស់ ក្នុងការរកបាននរណាម្នាក់ដែលគាំទ្រក្ដីស្រមៃរបស់អ្នក ហើយអ្វីដែលរឹតតែសំខាន់គឺអ្នកមានសេចក្ដីស្រលាញ់ចំពោះអាជីវកម្មរបស់អ្នក។ នៅពេលអ្នកគ្រោងនឹងបណ្តាក់ទុកក្នុងអាជីវកម្ម វាជារឿងសំខាន់ដែលត្រូវដឹងពីរបៀបស្វែងរកប្រភេទ អាជីវកម្មដែលត្រឹមត្រូវសម្រាប់អ្នក។ អ្នកត្រូវតែដឹងពីរបៀបរកមើលភាពខ្លាំងរបស់អ្នក ទីផ្សារគោលដៅ ទីតាំង និងច្រើនទៀត”៕