នៅក្នុងជីវិតអាចនិយាយបានថាយើងពិបាកចៀសពីបំណុលណាស់ព្រោះក្នុងការរស់នៅយើងតែងតែមានតម្រូវការផ្សេងៗហើយតម្រូវការទាំងនោះភាគច្រើនសុទ្ធតែត្រូវការលុយ។ ដូច្នេះទើបយើងសម្រេចប្រើប្រាស់កម្ចីដើម្បីងាយសម្រេចចគោលដៅដូចជាខ្ចីលុយបង់រំលស់ផ្ទះខ្ចីរកស៊ីនិងវិនិយោគនិងខ្ចីលុយធ្វើរឿងផ្សេងៗទៀត។
បើទោះបីជាបំណុលយើងពិបាកចៀសពិតមែនប៉ុន្ដែការជំពាក់បំណុលគេរហូតដល់ចាស់វាមិនមែនជារឿងល្អនោះទេព្រោះធ្វើឲ្យជីវិតអ្នករស់នៅជាប់ជើងជាមួយបំណុលមិនមានសេរីភាពឡើយ ដូច្នេះអ្នកត្រូវព្យាយាមដោះបំណុលឲ្យបានលឿនកាន់តែល្អ ។
ជុំវិញបំណុល លោក Kevin O’Leary សេដ្ឋីអាមេរិកបានផ្ដល់យោបល់ថាអ្នកគួររៀបចំផែនការដោះបំណុលឲ្យបានឆាប់ដើម្បីមានសេរីភាពនៅពេលដែលអ្នកចាស់ទៅចូលនិវត្តន៍ពីការងាររបស់អ្នក។ លោកក៏បានបង្ហើបផងដែរថាមិនថាអ្នកជំពាក់បំណុលទិញផ្ទះឬបំណុលអ្វីនោះទេ អ្នកគួរដោះបំណុលឲ្យដាច់ស្រលះនៅត្រឹមវ័យខ្ទង់៤០ឆ្នាំពោលគឺយ៉ាងច្រើនបំផុតត្រឹម៤៥ឆ្នាំ។
លោកបានពន្យល់មូលហេតុដែលមនុស្សគួរដោះបំណុលទាំងអស់ឲ្យដាច់ត្រឹមវ័យ៤៥យ៉ាងដូច្នេះថាបើយើងគិតពីអាជីពការងារយើងចាប់ផ្ដើមនៅវ័យខ្ទង់២០ឆ្នាំហើយបញ្ចប់ត្រឹមពាក់កណ្ដាលវ័យ៦០ឆ្នាំ។ ដូច្នេះបើអ្នកមានវ័យ៤៥ឆ្នាំគឺមានន័យជាងពាក់កណ្ដាលនៃរយៈពេលធ្វើការក្នុងជីវិតរបស់មនុស្សហើយ។ អ៊ីចឹងអ្នកគួរដោះបំណុលឲ្យអស់ព្រោះអ្នកគួរយកពេលវេលានៃជីវិតដែលនៅសល់ដើម្បីរីករាយនៃជីវិតចុងក្រោយរបស់អ្នក។ ដើម្បីរៀបចំផែនការចូលនិវត្តន៍និងដោះបំណុលលោក Kevin O’Leary ណែនាំឲ្យធ្វើរឿងសំខាន់ៗ២ដូចក្រោម។
១. សន្សំនិងវិនិយោគ
ត្រង់នេះដើម្បីសម្រេចគោលដៅដោះបំណុលនិងចូលនិវត្តន៍ លោកបានបង្ហើបថាអ្នកត្រូវតែសួរខ្លួនឯងជានិច្ចមុននឹងទិញអ្វីមួយ។ សំណួរនោះគឺ” តើខ្ញុំពិតជាត្រូវការវាឬអត់? តើខ្ញុំរបស់នោះខ្ញុំត្រូវតែមានវាមែនអត់? ប្រសិនបើចម្លើយរបស់អ្នកបដិសេធគឺកុំទិញរបស់នោះអី។
លោកក៏លើកទឹកចិត្តឲ្យយកលុយទៅវិនិយោគហើយបើកាលណាយើងសន្សំនិងវិនិយោគឲ្យបានឆាប់នោះអ្នកនឹងឃើញលុយរបស់អ្នកកើនឡើងជាលំដាប់ហើយដេកលក់ដើរលេងក៏យើងនៅតែបានចំណូលដែរ។
២. រៀបយុទ្ធសាស្រ្ដបង់បំណុលប្រចាំខែ
បើអ្នកកំពុងជាប់បំណុលអ្នកត្រូវតែរកក្បួនដោះបំណុលឲ្យមានប្រសិទ្ធភាពហើយវាសក្ដសមដែលអ្នកអាចធ្វើបាន។ ក្បួនដោះបំណុលដែលគេនិយមយកមកប្រើគឺ Debt Snowball ដែលជាការដោះបំណុលពីតូចទៅធំ។ សូមចុចនៅទីនេះ ដើម្បីអានលម្អិតពីក្បួនដោះបំណុលមួយនេះ៕