ជាដំណឹងដ៏រីករាយ ខណៈផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (Aeon) ដែលជាផ្សារទំនើបទី៣ ដែលជាផ្សារទំនើបធំទី៣ របស់ក្រុមអ៊ីអន ខេមបូឌា បានប្រកាសបើកដំណើរការសាកល្បងនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើយោងតាមការចេញផ្សាយតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន អ៊ីអន ខេមបូឌា បានឱ្យដឹងថា៖ " ក្រុមហ៊ុនអ៊ីអន ខេមបូឌា នឹង ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូអិលធីឌី មានកិត្តយស ជម្រាបជូនដំណឹងដល់សាធារណជន នឹងសារពត័មានអោយបានជ្រាបថា នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូរ ឆ្នាំ២០២២ខាងមុខនេះ ក្រុមហ៊ុនយើងខ្ញុំនឹងបើកដំណើរការសាកល្បង ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣របស់យើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា"។
ផ្សារទំនើបនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់កំពុងត្រូវបានអភិវឌ្ឍ ជាទីក្រុងរណបនៃរាជធានីភ្នំពេញ។ ដោយផ្តល់ជូននូវការកម្សាន្ត និងការអប់រំដល់មនុស្សគ្រប់វ័យ ជាមួយនឹងគោលគំនិត “Edutainment Mall” នៅចំកណ្តាលនៃទីក្រុងកំពុងអភិវឌ្ឍន៍ថ្មីនេះ។
គួបញ្ជាក់ផងដែរថាផ្សារទំនើបអ៊ីអន ៣ មានអគារកម្ពស់ ៥ ជាន់ នឹងក្លាយជាមជ្ឈមណ្ឌលហាងលក់ទំនិញទំនើបនិងធំបំផុតនៅភាគខាងត្បូងរាជធានីភ្នំពេញដែលមានហាងចំនួន ២៥០ហាង។ ដោយសាងសងនៅលើកផ្ទៃដីសរុបរហូតដល់ទៅ ១៧៤០០០ ម៉ែត្រការ៉េ ក្នុងទំហំទឹកប្រាក់ប្រមាណជា២៨៩,៦លានដុល្លារអាមេរិក ខណៈគម្រោងផ្សារថ្មីនេះត្រូវបានបើកការដ្ឋានសាងសង់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០៕
អត្ថបទដោយ៖ ឌឿក ស្រី នុត