យើងសង្កេតឃើញថា ការសាងសង់អគារនាពេលបច្ចុប្បន្ន បានងាកមកផ្សាភ្ជាប់នឹងធម្មជាតិ ។ ការស្រាវជ្រាវបង្ហាញថា នៅសហរដ្ឋអាមេរិក អគារមានប្រហែល ៣៨% នៃការបំភាយកាបូនឌីអុកស៊ីត។ អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតបានមកពីអគារបៃតង រួមទាំងការកាត់បន្ថយចំណាយ ការអភិរក្សធនធានធម្មជាតិ ការកែលម្អគុណភាពខ្យល់ ទឹក និងមានអត្ថប្រយោជន៍ផ្សេងទៀត។ ទោះបីជាអគារបៃតងធ្លាប់ត្រូវបានចាត់ទុកថាមានការចំណាយច្រើនក្នុងការសាងសង់ក៏ដោយ ប៉ុន្តែគំនិតនេះត្រូវបានច្រានចោលជាយូរមកហើយ ដោយសារតែគុណសម្បត្តិ ជាច្រើននៃអគារបៃតង។
យោងតាមការដកស្រង់ចេញពីគេហទំព័រ EARTH ECLIPSE បានបង្ហាញពីភាពវិជ្ជមាន និងវិជ្ជមាន ដែលលោកអ្នកគួរដឹង៖
១.សុខភាពល្អប្រសើរឡើង
គោលដៅមួយក្នុងចំណោមគោលដៅនៃអគារបៃតងគឺការកែលម្អបរិស្ថាន រួមទាំងខ្យល់អាកាសសម្រាប់អ្នករស់នៅក្នុងអគារផងដែរ។ អ្នករស់នៅក្នុងអគារបៃតងទទួលបានសុខភាពប្រសើរជាងមុន ដោយសារហានិភ័យតិចនៃការប៉ះពាល់នឹងការបំពុលពីខ្យល់ដែលមិនល្អ។ ម៉្យាងវិញទៀត អ្នកដែលរស់នៅក្នុងអគារបៃតង ទទួលបានសុខភាពល្អជាងមុន និងសុវត្ថិភាព។
២.សន្សំសំចៃ
ការសិក្សាបានបញ្ជាក់ថាការវិនិយោគដំបូងនៅក្នុងអគារបៃតងនឹងនាំឱ្យមានការសន្សំច្រើនមុខងារចម្បងនៃអគារបៃតងគឺធានាការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សន្សំបានច្រើនដោយកាត់បន្ថយការចំណាយលើប្រតិបត្តិការ ថែទាំ និងសន្សំសំចៃលើថាមពល ទឹក ជាដើម។ ថ្វីបើអគារបៃតងពេលដំបូងមានតម្លៃថ្លៃជាងអគារធម្មតាក៏ដោយ ប៉ុន្តែវាមានភាពខុសគ្នានៃការចំណាយក្នុងរយៈពេល ៣-៤ ឆ្នាំខាងមុខ។
បន្ថែមពីលើនេះ វានឹងបង្កើនប្រាក់ចំណូលរបស់ម្ចាស់អគារដែលប្រមូលបានពីការជួលអគារ ដោយសារតែពួកគេនឹងត្រូវចំណាយតិចលើការថែទាំ និងរកប្រាក់ចំណូលបន្ថែមបានច្រើន។
៣.ថាមពលពីពន្លឺព្រះអាទិត្យ
គុណសម្បត្តិដ៏ល្អបំផុតមួយនៃអគារបៃតង ប្រសិទ្ធភាពថាមពលនាំឱ្យកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដែលជាប្រភពថាមពលដ៏សំខាន់នៅក្នុងផ្ទះរបស់លោកអ្នក។ ដោយឡែកអគារបៃតងក៏ត្រូវបានរចនាឡើងដើម្បីឱ្យមានពន្លឺគ្រប់គ្រាន់ពីព្រះអាទិត្យ ចូលតាមបង្អួច ចៀសវាងការប្រើប្រាស់ភ្លើងអគ្គីសនីគ្រប់ពេលវេលា ដូច្នេះហើយជួយឱ្យសន្សំថាមពលកាន់តែច្រើន។
៤. តម្លៃទីផ្សាខ្ពស់
អគារបៃតងទទួលបានផលចំណេញច្រើនលើការវិនិយោគ និងតម្លៃទីផ្សារខ្ពស់ ដោយសារតម្លៃថែទាំទាប។ ខណៈពេលដែលតម្លៃជួលត្រូវបានកំណត់ឱ្យមានតម្លៃខ្ពស់នៅក្នុងទីផ្សារអចលនទ្រព្យ តម្លៃលក់ក៏កាន់តែខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ។ អ្នកជំនាញនិយាយថា អគារបៃតងជាមធ្យមអាចលក់បានក្នុងតម្លៃពិសេស។
ភាពអវិជ្ជមាន
១.កង្វះខាតកម្មករដែលមានជំនាញ
សម្រាប់អគារបៃតង វាអាចមានបញ្ហាក្នុងការស្វែងរកកម្មករដែលមានជំនាញ ដូចជាការជួសជុលអគារជាដើម។ អគាបៃតងគឺជារបបគំហើញថ្មីដូច្នេះវាប្រហែលជាពិបាកសម្រាប់អ្នកក្នុងការស្វែងរកកម្មករដែលមានបទពិសោធន៍ ដើម្បីជួយបញ្ហាណាមួយនៅក្នុងអគាររបស់អ្នក។
២.ទីតាំង
ការស្វែងរកទីតាំងត្រឹមត្រូវគឺជាគុណវិបត្តិមួយទៀតនៃអគារបៃតង។ អគារបៃតងប្រើប្រាស់ពន្លឺព្រះអាទិត្យឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ដូច្នេះការប្រើថាមពលជំនួសដូចជាថាមពលព្រះអាទិត្យ ការសាងសង់នៅក្នុងតំបន់ដែលមានពន្លឺថ្ងៃតិចបំផុតនឹងក្លាយជាទីតាំងខុស ព្រោះអ្នកទំនងជាអស់ថាមពលនៅពេលណាមួយ។
៣. ការវិនិយោគដំបូងគឺខ្ពស់ និងសាងសង់យូរ
ទោះបីជាទទួលបានប្រាក់ត្រឡប់មកវិញច្រើនក៏ដោយ ការវិនិយោគដំបូងនៅតែជាបញ្ហាចម្បងនៅក្នុងអគារបៃតង។ មនុស្សមួយចំនួនចង់រស់នៅប្រកបដោយសុខភាព ប៉ុន្តែមិនអាចមានលទ្ធភាពទិញបានទេ។ លើសពីនេះ ការសាងសង់អគារបៃតងត្រូវចំណាយពេលបន្តិចរហូតដល់៣ឆ្នាំឡើងទៅ ព្រោះត្រូវគិតពីបរិស្ថានជុំវិញ ហើយត្រូវចំណាយក្នុងការធ្វើផែនការ និងការរចនាមុននឹងត្រូវសាងសង់។
អត្ថបទដោយ៖ ឌឿក ស្រី នុត