នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីជូនដំណឹងប្រកាសជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣,០៤០ នាក់ សម្រាប់ការសង្កេតការណ៍ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
១/. អាយុចាប់ពី ២១ឆ្នាំឡើងទៅ
២/. មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ឬខេត្តដែលខ្លួនសុំចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត
៣/. មានមធ្យោបាយ ធនធាន ពេលវេលាគ្រប់គ្រាន់សម្រាប់ការបំពេញការសង្កេតការណ៍ស្ម័គ្រចិត្តដោយខ្លួនឯងរាប់ទាំងមធ្យោបាយធ្វើដំណើរផង
៤/. គោរពតាមច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តជាធរមាន ការចាត់តាំង ដឹកនាំប្រគល់ភារកិច្ចរបស់ក្រុមដឹកនាំសង្កេតការណ៍ថ្នាក់កណ្តាល ថ្នាក់រាជធានី ខេត្ត និងថ្នាក់មណ្ឌល ជាពិសេសគោរពបានយ៉ាងខ្ជាប់ខ្ជួនបទប្បញ្ញត្តិ សេចក្តីណែនាំ យល់តួនាទីភារកិច្ចអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត
៥/. មានគណនីតេឡេក្រាមដែលមានឈ្មោះត្រឹមត្រូវពេញលេញ រូបថត លេខទូរស័ព្ទ។
យ៉ាងណាមិញ ចំពោះផលប្រយោជន៍អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត រួមមាន៖
១/. ជូនវិញ្ញាបនបត្របញ្ជាក់ការចូលរួមសង្កេតការណ៍ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣
២/. ប្រគល់ជូនថវិកា ១០០.០០០រៀល (ដប់ម៉ឺនរៀល) សម្រាប់អ្នកសង្កេតការណ៍ម្នាក់។
គួរជម្រាបផងដែរថា បេក្ខជនអាចដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងឈប់ទទួលពាក្យនៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។ ក្នុងនោះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងប្រកាសឈ្មោះអ្នកជាប់ជាអ្នកសង្កេតការណ៍ស្ម័គ្រ នាថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)