ធនាគារ អេស៊ីលីដា បានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ដែលការកកើតដំបូងពីអង្គការក្រៅរដ្ឋាភិបាល មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចតាមរយៈការផ្តល់កម្ចីឥណទាន និងអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់រហូតមកទល់នឹងចំណុចបច្ចុប្បន្ន។ អេស៊ីលីដាគឺ ជាធនាគារក្នុងស្រុកដំបូងគេ ដែលបានពង្រីកសាខាខ្លួនចេញទៅរកស៊ីដល់កាន់ប្រទេស ទៅដល់ប្រទេសភូមា និងឡាវ។
ថ្វីត្បិតតែកិត្យានុភាពនៃធនាគារមួយនេះ ត្រូវបានមនុស្សភាគច្រើនទទួលស្គាល់ ប៉ុន្តែមនុស្សភាគច្រើនមិនដឹងទេថា អេស៊ីលីដា តែងប្រកាន់នូវវប្បធម៌នៃការធ្វើការធំៗ៤យ៉ាងខាងក្រោមនេះបានល្អបំផុត ដែលជាកាតាលីករ ជួយឱ្យបុគ្គលិកក៏ឆ្នើម ធនាគាររីកចម្រើនក៏លឿន នេះបើយោងតាមកិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយនឹង លោកគ្រូ ចាន់ សេរី ជាអតីតអនុប្រធាននាយកប្រតិបត្តិ និងគណៈប្រធានអភិបាលកិច្ចធនាគារអេស៊ីលីដា បានបង្ហើបឱ្យដឹង។
១. គោរពច្បាប់ វិន័យ សណ្ដាប់ធ្នាប់ជានិច្ច
ការរកស៊ីដែលអាចរីកចម្រើនបានយូរអង្វែង គឺគប្បីត្រូវស្របជាមួយនឹងច្បាប់របស់ប្រទេស។ យ៉ាងណាមិញសម្រាប់គោលការណ៍រកស៊ី គោលការណ៍ដឹកនាំរបស់ធនាគារអេស៊ីលីដា តែងតែប្រកាន់យកគឺត្រូវធ្វើអ្វីដែលគោរពតាមច្បាប់ វិន័យ សណ្ដាប់ធ្នាប់របស់ប្រទេស រីឯបុគ្គលិកត្រូវគោរពតាមគោលការណ៍ ច្បាប់ទម្លាប់របស់ស្ថាប័នធនាគារឱ្យបានល្អបំផុតផងដែរ។
២. បង្វឹកឱ្យបុគ្គលិកមានភាពម្ចាស់ការលើការងារ
ការអប់រំផ្នែកស្មារតី និងជំនាញទន់ គឺជាអ្វីដែលធនាគារអេស៊ីលីដាតែងតែប្រកាន់យក។ ទន្ទឹមនឹងនេះដែរការបណ្ដុះស្មារតីឱ្យបុគ្គលិកមានភាពស្មោះត្រង់ជាមួយស្ថាប័ន មានជំនាញខ្ពស់លើតួនាទីខ្លួន ការបណ្ដុះស្មារតីមានទំនួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់ការលើការងារខ្លួនឯងគឺជាអ្វីដែលបុគ្គលិកគ្រប់រូបតែងប្រកាន់យក។ មូលហេតុដែលភាពម្ចាស់ការលើការងារសំខាន់ ព្រោះពេលណាបុគ្គលិកដឹងថាខ្លួនចង់បានអ្វី និងត្រូវធ្វើអ្វី គាត់នឹងខិតខំប្រឹងធ្វើដោយខ្លួនឯង ទោះបីមិនមានមេមកជំរុញពីក្រោយក៏ដោយ។ ទន្ទឹមនឹងនេះដែរ បើសិនជាគាត់មានឆន្ទះ មានស្មារតីបែបនេះហើយ មេចាំជួយជំរុញពីក្រោយថែមទៀត នោះគាត់នឹងមានលទ្ធផលកាន់តែលឿន កាន់តែធំផងដែរ។
៣. បន្តរៀនសូត្រពេញមួយជីវិត
ចំណេះ ជំនាញថ្ងៃនេះ អាចនឹងហួសសម័យនៅថ្ងៃស្អែក ដូច្នេះការរៀនសូត្រក៏មិនអាចបញ្ឈប់ផងដែរ ពោលគឺត្រូវតែបន្តសិក្សារៀនសូត្រពេញមួយជីវិត។ សម្រាប់បុគ្គលិកគ្រប់រូបនៅក្នុងធនាគារវិញ គឺត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាពជាញឹកញាប់ ដើម្បីឱ្យពួកគាត់កាន់តែមានសមត្ថភាព បង្កើតលទ្ធផលកាន់តែច្រើនបាន។ ទន្ទឹមនឹងនេះដែរ គេតែងតែសរសើរនូវវប្បធម៌បុគ្គលិកហៅគ្នាលោកគ្រូអ្នកគ្រូ ដែលសម្ដៅថាមនុស្សគ្រប់រូបក្នុងស្ថាប័នគឺសុទ្ធតែជាគ្រូ ដែលបុគ្គលិកអាចរៀនសូត្រពីគ្នាទៅវិញទៅមកបានល្អបំផុត។
៤. ដឹងគុណ តបគុណ
វប្បធម៌ដឹងគុណ តបគុណក៏ជាគន្លឹះដឹកនាំដ៏មានឥទ្ធិពលមួយនៅក្នុងធនាគារអេស៊ីលីដាផងដែរ។ ប្រសិនបើនរណាម្នាក់ធ្វើគុណអ្វីមួយចំពោះយើង ទោះបីជាតូចតាចក្ដី អ្នកក៏ត្រូវរកវិធីដើម្បីតបគុណត្រឡប់ទៅវិញផងដែរ។ វប្បធម៌ដឹងគុណ តបគុណគឺមានដូចជា ស្ថាប័នត្រូវដឹងគុណជានិច្ចចំពោះការលះបង់ ការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់។ រីឯបុគ្គលិកវិញទទួលបានប្រាក់ខែ ទទួលបានឱកាស ទទួលបានការអភិវឌ្ឍខ្លួនពីស្ថាប័នហើយ គឺត្រូវតបស្នងចំពោះស្ថាប័នវិញ តាមរយៈការខំប្រឹងធ្វើការងារឱ្យល្អ បង្កើតលទ្ធផលឱ្យកាន់តែធំវិញ។
ជាសារខ្លីចុងក្រោយ អតីតអនុប្រធាននាយកប្រតិបត្តិ និងគណៈប្រធានអភិបាលកិច្ចធនាគារអេស៊ីលីដារូបនេះ បានផ្ដាំដល់យុវជនដែលចង់ក្លាយជាមេដឹកនាំមួយរូប ត្រូវខំថែរក្សាសុខភាពផ្លូវចិត្តផ្លូវកាយឱ្យបានល្អ ខំប្រឹងរៀនសូត្រឱ្យខ្លាំង និងចុងក្រោយគឺ ត្រូវមានវិន័យផ្ទាល់ខ្លួនគោរពតាមច្បាប់ ក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន៕
ចូលរួមក្នុងក្រុមចែករំលែកពិសេស ដោយឥតគិតថ្លៃ https://t.me/LongVathanak777