ធនាគារ ABA សហការជាមួយក្រុមហ៊ុន DKSH Cambodia ដើម្បីពង្រឹងការប្រមូលការទូទាត់បែបឌីជីថល
Daneth MechJUNE 17 2024

ABA ដែលជាធនាគារពាណិជ្ជធំជាងគេប្រចាំប្រទេស[1] ​និង DKSH Cambodia ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ បានប្រកាសភាពជាដៃគូ ដើម្បីភ្ជាប់ដំណោះស្រាយ QR API របស់ ABA PayWay ជាមួយកម្មវិធី mCollector របស់ ក្រុមហ៊ុន DKSH Cambodia​។ កិច្ចសហការនេះ សម្រួលដល់ដំណើរការប្រមូលការទូទាត់បែបឌីជីថលរបស់ ក្រុមហ៊ុនDKSH Cambodia ​ដែល​លុបចោលតម្រូវការ​ប្រមូលដោយដៃ និងប៉ះពាល់ផ្ទាល់ជាមួយសាច់ប្រាក់។

ក្រុមហ៊ុន DKSH Cambodia ពង្រឹងសក្ដានុពលរបស់បណ្ដាអាជីវកម្មដែលចង់ពង្រីកវិសាលភាពទីផ្សាររបស់ពួកគេ ដោយផ្ដល់នូវដំណោះស្រាយសម្រាប់ក្រុមហ៊ុននានាដែលបានបង្កើត ឬមានវត្តមាននៅក្នុងទីផ្សារកម្ពុជា។ កម្មវិធី mCollector សម្រួលដល់ដំណើរការប្រមូលការទូទាត់ ​ដោយបង្កើតកូដ ABA KHQR ​ដោយស្វ័យប្រវត្តិនៅពេលមានសំណើទូទាត់។ ពេលនោះ អតិថិជនអាចប្រើអេបធនាគារណាមួយ ដើម្បីស្គែនលើ ABA KHQR ដែលបានបង្កើតនោះ និងបញ្ចប់ការទូទាត់ជូន ក្រុមហ៊ុន DKSH Cambodia យ៉ាងងាយស្រួល។

Photo 2024 06 17 15 06 28

Photo 2024 06 17 15 06 34

ការភ្ជាប់ប្រព័ន្ធនេះ លុបចោលនូវការបញ្ចូលទិន្នន័យដោយដៃ និងធានានូវប្រតិបត្តិការកាន់តែរហ័ស និងមានសុវត្ថិភាព​។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយ ឆ្ពោះទៅកាន់ដំណើរការប្រមូលទូទាត់កាន់តែទំនើបបែបឌីជីថល និងមានប្រសិទ្ធភាព។

​លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំមានសេចក្ដីរីករាយក្នុងការសហការជាមួយក្រុមហ៊ុន DKSH Cambodia ​ដើម្បីផ្ដល់ជូនអតិថិជនរបស់ពួកគេនូវបទពិសោធទូទាត់បែបឌីជីថលដ៏រលូន និងមានសុវត្ថិភាព។ កិច្ចសហការនេះ គឺជាសមិទ្ធផលជោគជ័យដ៏សំខាន់មួយទៀតរបស់ ABA ក្នុងការជំរុញនវានុវត្តន៍ បង្កើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងពង្រីកសក្ដានុពលរបស់ក្រុមហ៊ុនដូចជា DKSH”។

លោកបានបន្ថែមថា “​តាមរយៈការសម្រួលដល់ដំណើរ​ការ​ទូទាត់​ពី​អាជីវកម្ម​មួយ​ទៅ​អាជីវកម្ម​ (B2B)​ ជាមួយ ABA PayWay, ក្រុមហ៊ុន DKSH អាចយកពេលវេលាផ្ដោតលើកិច្ចការដែលចាំបាច់ ឬជាអាជីវកម្មគោលចម្បងរបស់ពួកគេ”។

Photo 2024 06 17 15 06 41

Photo 2024 06 17 15 06 46

កញ្ញា ធួន ច័ន្ទ សុ​យ៉ាវ​ត្តី នាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់​ក្រុមហ៊ុន DKSH Cambodia ក៏មានប្រសាសន៍ផងដែរថា​ “​យើងខ្ញុំបន្ដរិះរកមធ្យោបាយនានា ដើម្បីពង្រឹងសេវាកម្ម ក៏ដូចជាផ្ដល់ជូនអតិថិជនយើងខ្ញុំជាមួយនឹងដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត។ ការភ្ជាប់ប្រព័ន្ធ ABA PayWay QR API ជាមួយ​ mCollector អាចឲ្យយើងខ្ញុំផ្ដល់នូវជម្រើសទូទាត់កាន់តែរហ័ស និងងាយស្រួលជូនដល់អតិថិជន”។

Photo 2024 06 17 15 06 52

អំពី DKSH Cambodia

DKSH Cambodia គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ សម្រាប់ក្រុមហ៊ុនដែលចង់ឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ដោយបម្រើសេវាជូនដៃគូអាជីវកម្មតាមរយៈបណ្ដាញសកលយ៉ាងទូលំទូលាយ និងអ្នកជំនាញការនៅក្នុងឧស្សាហកម្មផ្ទាល់ ដែលមានចំណេះដឹងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុកក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអ្នកឯកទេសជាង 1,700 DKSH ​ជួយដល់ក្រុមហ៊ុន/អាជីវកម្មឲ្យរីកលូតលាស់នៅក្នុងទីផ្សារថ្មី និងទីផ្សារដែលមានស្រាប់។

ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា ដោយគិតលើទ្រព្យសកម្មសរុប, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួត   ពិនិត្យប្រចាំឆ្នាំ 2021-2023​ របស់ធនាគារជាតិនៃកម្ពុជា។  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia