ពាក្យចាស់លោកពោលថា “អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន” ពំនោលដែលបន្សល់ទុកពីដូនតាយើងបានសបញ្ជាក់ឱ្យឃើញថាអ្នកមានច្រើនប៉ុនណា ពូកែកម្រិតណា អ្នកមិនអាចធ្វើការជោគជ័យដោយគ្មានការគាំទ្រពីថ្នាក់ក្រោមឬមនុស្សជុំវិញខ្លួននោះទេ។
ជាមួយគ្នានេះ អតីតអនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ព្រឹទ្ធាចារ្យ ចាន់ សេរី បានបង្ហើបនូវ “រ” ទាំង៥ ដែលជាធាតុដ៏វិសេស រូបមន្តសង្កត់ចិត្ត សម្រាប់អ្នកដឹកនាំទាំងឡាយ រក្សាបុគ្គលិក ធ្វើឱ្យអាជីវកម្ម កាន់តែរីកចម្រើនទៅមុខ។
១. រើស
ការគ្រប់គ្រងបុគ្គលិករបស់ផ្នែកធនធានមនុស្ស ជំហានទីមួយគឺរើសគ្រាប់ពូជមកដាំលើដីរបស់យើង ពោលគឺរើសមនុស្សដែលយើងគិតថាអាចជាគ្រាប់ពូជដ៏ល្អ ងាយស្រោចទឹក មិនពិបាកមើលថែ និងអាចផ្តល់ផលគាប់ចិត្តដល់ផ្លែផ្កាដទៃទៀត និងទៅបរិស្ថានជុំវិញ។
ត្រង់ចំណុចនេះដែរលោកគ្រូតា ចាន់ សេរី ចង់មានន័យថា ក្នុងនាមជាអ្នកដឹកនាំគឺត្រូវរើសមនុស្ស មើលលើទេពកោសល្យ មើលលើនិស្ស័យរបស់មនុស្សថាតើអាចបណ្តុះបានទេ? តើអនាគតគេអាចជាអ្នកបន្តវេនបង្ហាត់បង្រៀនអ្នកជំនាន់ក្រោយបានទេ? ពោលគឺជាដើមឈើអាចផ្តល់ជាម្លប់ត្រឈឹងត្រឈៃ ព្រោះថាចំណេះដឹងយើងអាចបណ្តុះបាន ប៉ុន្តែឧបនិស្ស័យរបស់មនុស្សនេះជាធាតុជាតិពិបាកពត់លត់ដំបំផុត។
២. រៀន
សាលារៀនដែលគ្មានដែនកំណត់គឺសាលារៀនជីវិត ការសិក្សារៀនសូត្រគឺមិនមានមួយវិនាទីណាមួយដែលជីវិតឈប់បង្រៀនយើងនោះទេ។ ដូច្នេះហើយពាក្យថារៀនគឺ រៀនឱ្យអស្ចារ្យ រៀនសាងគំនិត រៀនគិតឱ្យត្រូវ រៀនឱ្យខ្លាំង រៀនពីអ្នកដទៃ រៀនពីការងារ បង្រៀនដល់អ្នកដទៃគឺជាការបង្រៀនដល់ខ្លួនឯង ពោលគឺបង្រៀនមនុស្សឱ្យធ្វើការ បណ្តុះបណ្តាលជំនាញ ហើយនេះជាកាតព្វកិច្ចរបស់អ្នកដឹកនាំ។
៣. រៀប
ចំណាត់ថ្នាក់នៃការបែងចែកមនុស្សគឺជាជំហានទី៣របស់អ្នកដឹកនាំ យើងមិនអាចយកដុំថ្មមិនទាន់ដាប់ឆ្លាក់ទៅសាងរូបសំណាក់ឱ្យអ្នកដទៃថ្វាយបង្គំទេ ដូច្នេះហើយគឺត្រូវរៀបចំទុកដាក់មនុស្សឱ្យត្រូវតាមជំនាញ បង្ហាត់តាមថ្នាក់ យកមនុស្សដែលមានទេពកោសល្យរៀបចំដាក់តាមផ្នែក តាមនិស្ស័យមនុស្ស ហើយបង្វឹកជំនាញដែលគេមានឱ្យមុតស្រួចបំផុតគឺ ប្រៀបដូចជាយកដុំថ្មម្តង១ដុំៗទៅដាប់ឆ្លាក់ឱ្យមានរចនាប័ទ និងបង្កើតឱ្យបានជាទស្សនីយភាពប្លែកៗពីគ្នា និងមានតម្លៃតាមបែបផ្សេងៗ ហើយក្លាយជាបំណែកដែលគ្រឹះស្ថានមួយខ្វះមិនបាន។
៤. រក
បន្ទាប់ពីអាចមានប្រភពធនធានដ៏ប្រសើរហើយ អ្នកដឹកនាំត្រូវរកឱ្យកូនចៅ ពោលគឺបង្រៀនពួកគេរកចំណី មិនឱ្យនៅជាបក្សីចាំសំបុកទេ។ បន្ទាប់ពីបង្ហាត់ចំណេះជំនាញ បណ្តុះនិស្ស័យហើយត្រូវបង្រៀនបុគ្គលិកឱ្យចេះអនុវត្ត រកផលការងារ រកចំណូល រកភ្ញៀវ រកក្តីស្រមៃខ្លួនឯងជាដើម។
៥. រក្សា
មនុស្សល្អត្រូវតែរក្សា ប៉ុន្តែមនុស្សមិនបានការ គឹត្រូវបញ្ចោរ ។ ត្រង់ចំណុចនេះចង់មានន័យថាការមើលថែគាំពារបុគ្គលិកគឺរក្សា បុគ្គលិកទ្រព្យឱ្យបានគង់វង្សតាមរយៈការលើកទឹកចិត្ត តាមរយៈរូបភាពផ្សេងៗ ផ្តល់ការសរសើរ រង្វាន់ឬតំណែង និងធ្វើឱ្យបុគ្គលិករីករាយក្នុងការធ្វើការ ទុកស្ថាប័នមួយប្រៀបដូចជាផ្ទះ។ ចំណែកឯមនុស្សមិនបានការ បន្ទាប់ពីបង្រៀនហើយ បញ្ចោរហើយមិនទទួលស្តាប់ មិនទទួលការបណ្តុះបណ្តាលគឺបញ្ឈប់៕
សារជាថ្មីម្តងទៀតគួរឱ្យដឹងដែរថា ព្រឹទ្ធាចារ្យ ចាន់ សេរី មានកុមារភាពបំពេញវិជ្ជានៅក្នុងវត្តអារាម ដែលនាំឱ្យលោកតាបានលើកឡើងថា “បទពិសោធន៍នៃភាពអត់ឃ្លាននឹងធ្វើឱ្យយើងមានក្តីស្រមៃ”។ ក្នុងឆ្នាំ១៩៩៤ លោកបានចូលបម្រើការងារនាធនាគារអេស៊ីលីដា ជាអនុប្រធាននាយកប្រតិបត្តិនិងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ចធនាគារអេស៊ីលីដា ដែលបានដកស្រង់បទពិសោធន៍ជាង២ទសវត្ស៍មកហើយ លើការដឹកនាំធនធានមនុស្សនិងបានចូលនិវត្តន៍ចាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ៕
អត្ថបទដោយ៖ ពីង ជូអេង