ឡានគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយសម្រាប់មនុស្សសម័យបច្ចុប្បន្ននេះ ហើយសព្វថ្ងៃការទិញឡានដោយប្រើប្រាស់សេវាបង់រំលស់ត្រូវបានមនុស្សជាច្រើនប្រើប្រាស់ ជាជាងការសន្សំលុយមកទិញទាំងដុល។ ជាទូទៅ អ្នកជាប់បំណុលតែងតែចង់ឱ្យសងគេឆាប់អស់ មិនថាអ្នកជំពាក់គេព្រោះតែការចាយវាយ ឬការទិញទ្រព្យទុកប្រើប្រាស់ឡើយ ព្រោះថាបំណុលគឺជាបន្ទុកដែលអាចតាមរំខានចិន បង្កើតឱ្យមានបញ្ហាលុយកាក់ ជាពិសេសពេលដែលសេដ្ឋកិច្ចមិនសូវល្អ ចំណូលធ្លាក់ចុះថែមទៀត។
ខាងក្រោមនេះជាគន្លឺះធំៗ៥ ដែលលោកអ្នកគួរចាប់ផ្ដើមធ្វើជាបន្ទាន់ បើកំពុងជាប់បំណុលទិញឡាន ហើយចង់សងគេឱ្យឆាប់អស់៖
១. រៀបចំកម្ចីឡានឡើងវិញ៖ អ្នកអាចចាប់ផ្ដើមពីការរៀបចំកម្ចីឡើងវិញជាមួយនឹងធនាគារ ដើម្បីបង្កើនការបង់ប្រាក់ប្រចាំខែដើម្បីទទួលបាននូវកម្ចីដែលមានការប្រាក់ទាបជាងមុន និងបង់ឆាប់ដាច់។ វាល្អប្រសិនបើអ្នកមានលទ្ធភាពបង់ប្រចាំខែខ្ពស់ ព្រោះវាអាចជួយឱ្យចំណេញការប្រាក់និងពេលវេលា។
២. ចែកការចំណាយប្រចាំខែជាពីរ៖ ឧទាហរណ៍ថា មួយខែអ្នកត្រូវបង់ថ្លៃកម្ចីទិញឡាន ៣០០ដុល្លារ ចូរសាកល្បង បែងចែកវាជាពីរ ដោយទូទាត់កន្លះខែម្ដង ត្រឹមតែ ១៥០ដុល្លារប៉ុណ្ណោះ។ មើលទៅអាចមិនទំនង តែការចែកបែបនេះ អាចជួយឱ្យបន្ទុករបស់អ្នករៀងស្រាល ហើយវាល្អសម្រាប់អ្នកបើកប្រាក់ខែ២ដងក្នុងមួយខែ ឬមានចំណូលមិនមែនជាប្រាក់ខែ។
៣. ព្យាយាមរំលស់ដើម៖ ព្យាយាមសន្សំលុយយកទៅរំលស់ដើមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការប្រាក់ ព្រមទាំងចំណេញរយៈពេលបង់។ លុយយកមករំលស់ដើម អាចបានមកពីប្រាក់សន្សំប្រចាំខែ ឬផលចំណេញពីការរកស៊ីមួយផ្នែក ឬចំណូលពីរបរក្រៅម៉ោងជាដើម។
៤. ព្យាយាមបង់ប្រចាំខែឱ្យបានច្រើន៖ ព្យាយាមបង្កើនការបង់ប្រចាំខែ ឧទាហរណ៍ថា មួយខែអ្នកត្រូវបង់ ៣៦៥ដុល្លារ អ្នកគួរតែសាកសុំគេបន្ថែមឱ្យគ្រប់ ៤០០ដុល្លារ តែម្ដងដើម្បីចំណេញទាំងរយៈពេល និងការប្រាក់។
៥. ពិនិត្យមើលការចំណាយលើរថយន្តឡើងវិញ៖ ការជិះឡានចំណាយច្រើនជាងជិះម៉ូតូឆ្ងាយណាស់ ដូច្នេះក្នុងដំណាក់កាលជីវិតកំពុងមានបន្ទុកបំណុល អ្វីដែលអ្នកចាំបាច់ត្រូវតែធ្វើគឹព្យាយាមកាត់បន្ថយការចំណាយឱ្យបានច្រើន។ មានឡានទុកជិះតែពេលចាំបាច់បានហើយ ដើម្បីបន្ថយចំណាយថ្លៃសាំង។ ទន្ទឹមនឹងនោះត្រូវចេះប្រុងប្រយ័ត្ន ថែរក្សារបស់ទ្រព្យ ដើម្បីកុំឱ្យវាខូចញឹក ព្រោះថាឡានខូចម្ដងៗមិនក្រោម ១០០ដុល្លារទេ៕ឮ
អត្ថបទដោយ៖ សូ សុខលី