ប្រសិនបើពេលនេះអ្នកមានអាយុក្បែរ៣០ហើយ តែមិនទាន់សល់លុយកាក់ច្រើន ឬសល់របស់ទ្រព្យជាដុំកំភួនកុំកើតទុក្ខអីអ្នកមិនឯកាទេ ព្រោះសព្វថ្ងៃនេះមានមនុស្សច្រើនណាស់ដែលវ័យកាន់តែច្រើនហើយមិនសល់អ្វីដូចជាអ្នក។ តែទោះជាយ៉ាងណាក៏ដោយក៏មិនគួរបន្តបណ្ដោយជីវិតឱ្យរសាត់អណ្ដែតបែបនេះទៀតដែរ អ្នកគួរតែរកវិធីសាស្រ្តដកខ្លួនពីបញ្ហានេះឱ្យបានលឿន។
ពាក់ព័ន្ធនឹងរឿងវ័យនិងលុយកាក់នេះដែរ មហាសេដ្ឋី និងជាអ្នកជំនាញហិរញ្ញវត្ថុ លោក Mark Kuban បានចែករំលែកនូវមេរៀនសំខាន់៥ ដែលអ្នកគួរប្រញាប់ធ្វើឱ្យបានបើចង់កសាងជីវភាពឱ្យធូរធារលែងជួបវិបត្តិហិរញ្ញវត្ថុ។
១. កុំបង្កើតទម្លាប់ចាយលុយអនាគត៖ ជំហានដំបូងលោកអ្នកត្រូវចេះចាត់ចែងការចំណាយឱ្យបានត្រឹមត្រូវ កុំាយលើសពីអ្វីដែលរកបាន ព្រោះថាបើរកបាន១០០ដុល្លារ តែចាយ១៥០ដុល្លារ អ្នកនឹងជំពាក់គេមិនខាន។ ការខ្ចីលុយគេយកមកចាយគឺជាការចាយលុយអនាគត ដែលជាដើមហេតុនៃការបង្កើតទម្លាប់សាងបំណុលអាក្រក់ដោយមិនដឹងខ្លួន។ យូរៗម្ដងត្រូវការលុយបន្ទាន់ចំណាយចាំបាច់ខ្ចីមិត្តភក្តិយកមកដោះទាល់មួយពេល បើកប្រាក់ខែមកសងគេវិញមិនជាបញ្ហាទេ។ ប៉ុន្តែបើរាល់ខែពេកអ្នកកំពុងតែដើរផ្លូវខុសហើយ ដូច្នេះគួរកែតម្រូវជាបន្ទាន់។
២. កុំទិញរបស់ដែលខ្ពស់ជាងជីវភាពរបស់យើង៖ របស់ខ្លះចង់បានតែមិនចាំបាច់ទេ ហើយរបស់ខ្លះចាំបាច់ដែរតែមិនបន្ទាន់ទេ អ៊ីចឹងហើយអ្នកត្រូវរៀនកំណត់ចំណាត់ថ្នាក់នៃភាពចាំបាច់នៃរបស់ទាំងអស់នោះ។ កុំឱ្យសោះ កុំបណ្ដោយខ្លួនឱ្យចំណាយលើសពីលទ្ធភាពដែលខ្លួនមាន ព្រោះវាជាផ្លូវទៅរកបំណុលវ័ណ្ឌក។ លោក Kuban លើកទឹកចិត្តឱ្យអ្នករស់នៅឱ្យដូចខ្លួនឯងជាសិស្សម្នាក់ បើទោះបីជាអ្នកអាយុច្រើនហើយក៏ដោយ។ មានន័យថាទោះមានសមត្ថភាពរកលុយបានច្រើនប៉ុនណាក៏ចំណាយឱ្យតិចដូចពេលនៅរកបានតិចដដែល។
៣. សន្សំលុយបម្រុងទុកចំណាយឱ្យបាន១ឆ្នាំ៖ ច្បាប់សំខាន់មួយទៀតដែលមហាសេដ្ឋីរូបនេះផ្ដាំឱ្យយុវជនគ្រប់គ្នាធ្វើឱ្យបាននោះគឺ ព្យាយាមសន្សំលុយបម្រុងសម្រាប់ទុកចំណាយឱ្យបានមួយឆ្នាំ។ ពិតមែនហើយមិនមែន៣ខែ ឬ៦ខែទេ គឺ១ឆ្នាំតែម្ដង។ លុយសន្សំសម្រាប់ការចំណាយ១ឆ្នាំវាមានចំនួនមិនក្រោម ១ពាន់ដុល្លារឡើយ។ ដូច្នេះហើយពេលសន្សំគ្រប់ មានឱកាសវិនិយោគមកដល់ អ្នកអាចប្រើលុយនោះសម្រាប់ធ្វើជាដើមទុនចាប់ឱកាសវិនិយោគបង្កើនទ្រព្យតែម្ដង។ កុំចាំដល់មានលុយច្រើន សន្សំពីលុយតិចៗទៅ ទើបមានឱកាសបង្កើតលុយបានច្រើន។
៤. រៀនចរចា៖ ជំនាញចរចាជាជំនាញសំខាន់ណាស់ បើទោះបីជានៅសាលាមិនបានបង្រៀនអ្នក អ្នកត្រូវរកវិធីរៀនជំនាញនេះឱ្យបានដោយខ្លួនឯង។ ការចរចាអាចបង្កើតឱកាសល្អៗ ហើយបើចំពោះលុយកាក់វិញ ការចរចាអាចដោះស្រាយបញ្ហានិងបន្ទុកបានច្រើនណាស់។ ឧទាហរណ៍ថា អ្នកជំពាក់លុយធនាគារ ហើយរកលុយសងគេមិនទាន់ បើអ្នកមិនចរចាអ្នកនឹងវេទនា មានវិបត្តិលុយកាក់ហើយត្រូវធនាគារពិន័យថែមទៀត ប៉ុន្តែបើអ្នកចេះចរចាធនាគារអាចនឹងពិចារណាផ្ដល់លក្ខខណ្ឌពិសេសជួយសម្រួលបន្ទុដល់អ្នកក៏ថាបាន។
៥. ទិញជាដុំ៖ ជាធម្មតាទំនិញលក់រាយតែងតែមានតម្លៃថ្លៃជាទំនិញដុំ ព្រោះអ្នកលក់រាយគេត្រូវការចំណេញក្បាលកាក់ច្រើនតង់។ ត្រង់ចំណុចនេះលោក Kuban លើកទឹកចិត្តឱ្យអ្នកចំណាយលុយទិញទំនិញប្រើប្រាស់ចាំបាច់ដែលអ្នកតែតែប្រើជាប្រចាំជាដុំតែម្ដង ព្រោះវាមានតម្លៃធូរថ្លៃ អាចសន្សំបានច្រើន។ ឧទាហរណ៍ថាទិញសាប៊ូដុះខ្លួនចំណុះ ២៥០ml តម្លៃ៨ដុល្លារ តែបើទិញចំណុះ ៨០០ml មានតម្លៃត្រឹម១០ដុល្លារ អ៊ីចឹងទិញអាធំទៅចំណេញលុយជាង៕
អត្ថបទដោយ៖ សូ សុខលី