«ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» មិត្តអ្នកអានប្រាកដជាធ្លាប់ឮពីភាពល្បីល្បាញរបស់ជនបរទេសមួយចំនួន ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងទ្រព្យសម្បត្តិ ជួយដល់ប្រជាជនកម្ពុជា។ ក្នុងនោះ Business Cambodia សូមលើកយកជនបរទេស០៥រូប ដែលមានភាពលេចធ្លោជាងគេ ខ្លះហ៊ានរត់ពីស្រុកកំណើតនិងលះបង់ប្រាក់ខែខ្ទង់ម៉ឺនដុល្លារ ដើម្បីមកជួយសង្គមខ្មែរ៖
១/. អ្នកនាង អែនជេលីណា ចូលី (Angelina Jolie)
អ្នកនាង អែនជេលីណា ចូលី (Angelina Jolie) ជាតារាហូលីវូដដ៏មានកិត្តិនាមល្បីល្បាញពេញពិភពលោក និងបានចូលជាសញ្ញាតិខ្មែរ។ ក្រៅពីដួងព្រលឹងនិងមានអារម្មណ៍ផ្សារភ្ជាប់ជាមួយខ្មែរ យកកូនខ្មែរទៅចិញ្ចឹមធ្វើកូន ជួយដល់ការអភិរក្សព្រៃឈើនៅកម្ពុជា កិច្ចការមនុស្សធម៌ និងថតកុនទាក់ទងនឹងខ្មែរ អ្នកនាងបានជួយធ្វើឲ្យប្រទេសកម្ពុជាត្រូវពិភពលោកស្គាល់កាន់តែច្បាស់ថែមទៀត។ អ្នកនាង អែនជេលីណា បានលើកឡើងយ៉ាងដូច្នេះថា៖ «កម្ពុជាផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ខ្ញុំមិនអាចក្លាយជាម្តាយដ៏ល្អម្នាក់ទេ បើគ្មានកម្ពុជា»។
២/. លោក យូរ៉ាយ (Uriah Lyford)
លោក យូរ៉ាយ ស្ថាបនិកសាលា UofN Poipet ជាគ្រូបង្រៀនមួយរូបក្នុងអង្គការមួយ និងជាជនបរទេសម្នាក់ដែលតែងតែលើកស្ទួយនិងលើកតម្កើងវប្បធម៌ខ្មែរទៅកាន់ពិភពលោកបានឃើញ។ លោកបានចំណាយពេលរស់នៅប្រទេសកម្ពុជាអស់ជាង ២០ឆ្នាំមកហើយ ថែមទាំងបានស្នើសុំយកសញ្ជាតិខ្មែរបានសម្រេចនាពេលថ្មីៗនេះទៀតផង។ លោកបានពោលបញ្ជាក់ថា៖ «ថ្ងៃដែលខ្ញុំរង់ចាំអស់ ២០ឆ្នាំគឺមកដល់ហើយ។ ខ្ញុំជាជនជាតិខ្មែរ ខ្ញុំសន្យាថានឹងលើកតម្កើងអ្វីដែលជារបស់ខ្មែរពេញមួយជីវិត»។
៣/. លោក ដាវិស បេន យ៉ូសែប (Davis Benjamin Joseph)
លោក ដាវិស បេន យ៉ូសែប ជាជនជាតិអាមេរិក និងមានភរិយាជនជាតិអូស្ត្រាលី បានមករស់នៅប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំមកហើយ និងបានចូលសញ្ជាតិខ្មែរដោយជោគជ័យ។ ពួកគេបានចំណាយពេលជាង ២០ឆ្នាំ ដើម្បីអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។ សព្វថ្ងៃតំបន់នេះ ត្រូវបានក្រសួងបរិស្ថានផ្តល់កិច្ចសហការអភិរក្សដល់គម្រោងប៊ីទ្រីដ (Be Treed) របស់លោក បេន ផ្ទាល់បានធ្វើឱ្យតំបន់នោះក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិមួយ។ លោក បេន បានថ្លែងថា៖ «ការងារការពារធនធានធម្មជាតិគឺជាអ្វីដែលខ្ញុំ និងក្រុមគ្រួសារចូលចិត្តធ្វើ។ យើងស្រឡាញ់ប្រទេសកម្ពុជាខ្លាំងណាស់ ហើយចង់រស់នៅទីនេះអស់មួយជីវិត»។
៤/. លោក ស្កុត នីសុន (Scott Neeson)
លោក ស្កុត នីសុន មានអាជីពការងារក្នុងវិស័យផលិតកុននៅហូលីវូដ ដ៏ល្បីល្បាញរបស់ពិភពលោក រយៈពេល ២៦ឆ្នាំ មានប្រាក់ខែច្រើនចាយមិនអស់ មានផ្ទះធំ មានឡានទំនើប និងមានទូកកម្សាន្ត។ ប៉ុន្តែ នៅក្នុងអំឡុងដើមទសវត្សឆ្នាំ២០០០ លោក ស្កុត បានមកទស្សនកិច្ចកម្ពុជា។ នៅគ្រានោះ គាត់បានជួបកុមារដើររើសសំរាមនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ពេលនោះហើយដែលបានធ្វើឲ្យជីវិតគាត់ប្រែប្រួល។
លោក ស្កុត បានលាលែងពីការងារប្រាក់ខែច្រើន ជីវិតរស់នៅស្រណុកសុខស្រួល មករស់នៅរាជធានីភ្នំពេញ បើកមូលនិធិ និងអង្គការ កសាងសាលារៀន ជួយកុមាររើសសំរាមនៅស្ទឹងមានជ័យ ឲ្យមានការអប់រំ និងជួយគ្រួសារពួកគេឲ្យមានជីវភាពសមរម្យ។ លោកបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចាត់ទុកប្រទេសកម្ពុជា ដូចជាផ្ទះរបស់ខ្ញុំអីចឹង»។
៥/. លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner)
លោកវេជ្ជបណ្ឌិត ប៊ីត រិចន័រ (Beat Richner) កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ ជាជនជាតិស្វីស។ គាត់ជាពេទ្យកុមារ, ជាអ្នកលេងសេឡូ, ជាអ្នកបង្កើត មន្ទីរពេទ្យកុមារនៅព្រះរាជាណាចក្រកម្ពុជា និងជានាយកនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ មន្ទីរពេទ្យគន្ធបុប្ផា មានសាខាចំនួន៥ ដែលបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិតរូបនេះ ដែលមន្ទីរពេទ្យទាំងនោះ បានព្យាបាលអ្នកជម្ងឺដោយពុំមានការគិតកម្រៃឡើយ។
រហូតមកដល់ឆ្នាំ ២០១៥នេះ មន្ទីរពេទ្យ គន្ធបុប្ផា បានជួយព្យាបាល កូនចៅ ប្រជារាស្ត្រខ្មែរ ជាពិសេសអ្នកក្រីក្រដោយមិនគិតថ្លៃ បានប្រមាណជារាប់លាននាក់មកហើយ។ ជនជាតិខ្មែរទាំងមូលតែងតែបានផ្ដល់ការគោរពស្រលាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះលោក និងចាត់ទុកលោក វេជ្ជបណ្ឌិត ប៊ីត រិចន័រ ជាឪពុកធម៌ដ៍ល្អរបស់កូនចៅប្រជារាស្ត្រខ្មែរក្រីក្រនៅទូទាំងប្រទេសទៀតផង។
យើងមិនអាចរៀបរាប់អស់សេចក្ដីសមល្មមនឹងអ្វីដែលពួកគាត់ទាំងប្រាំរូបខាងលើ បានជួយដល់ពលរដ្ឋខ្មែរ និងសង្គមខ្មែរ។ យើងគ្រាន់តែសង្ឃឹមថា រឿងរ៉ាវរបស់ពួកគាត់នឹងជំរុញទឹកចិត្តដល់បងប្អូនជនរួមឈាមខ្មែរ ឲ្យចេះគោរពស្រលាញ់ ផ្តល់តម្លៃ ជួយជ្រោមជ្រែង និងសាមគ្គីគ្នាជាធ្លុងមួយដឹកនាំនាវាប្រទេសមួយនេះឆ្ពោះទៅកាន់ភាពរីកចម្រើនរុងរឿងជានិរន្តរ៍៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦