នៅក្នុងអាជីវកម្មមួយ មនុស្សខ្លះគិតថា ទាល់តែមានដើមទុនច្រើនទើបចាប់ផ្តើមអាជីវកម្មបាន ប៉ុន្តែមនុស្សខ្លះទៀតមិនបានគិតដូចនោះទេ ដោយគេបានចាប់ផ្តើមអាជីវកម្មពីដើមទុនបន្តិចបន្តួចរហូតអាចពង្រីកអាជីវកម្មនោះធំឡើងៗបាន។ ជាក់ស្តែងរបរទាំង៥ខាងក្រោមនេះ ចាយទុនត្រឹម១០០ដុល្លារប៉ុណ្ណោះ ក៏អាចរកស៊ីបានដែរ៖
១/. បង្រៀន
តើអ្នកពូកែខាងអ្វី? តើអ្នកចូលចិត្តធ្វើអ្វី? ត្រឹមលុយ ១០០ដុល្លារ ឬតិចជាងនេះ អ្នកអាចចាប់ផ្តើមអាជីវកម្មយ៉ាងងាយស្រួលតាមរយៈការបង្រៀនមនុស្សទៅលើអ្វីដែលអ្នកពូកែ។ លោក Shaun King ស្ថាបនិក HopeMob បានលើកឡើងថា៖ «ខ្ញុំយល់ឃើញថា ពួកយើងភាគច្រើនគឺមានភាពប៉ិនប្រសព្វលេចធ្លោក្នុងរឿងមួយ ឬពីរ។ អ្វីដែលយើងខ្វះនោះគឺទំនុកចិត្តក្នុងការចាប់ផ្តើមអាជីវកម្មដោយផ្អែកលើចំណង់ចំណូលចិត្តរបស់យើង ប៉ុន្តែអ្នកត្រូវដឹងថាអាជីវកម្មធំៗភាគច្រើនចាប់ផ្តើមបែបនេះ»។
២/. ប្រឹក្សាយោបល់
ជ្រើសរើសឧស្សាហកម្មមួយដែលអ្នកស្ទាត់ជំនាញ ហើយចាប់ផ្តើមអាជីវកម្មប្រឹក្សាជាមួយប្លក់។ លោក Andrew Schrage អ្នកប្រឹក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួននិងជាស្ថាបនិកនៃ Money Crashers បាននិយាយយ៉ាងដូច្នេះថា៖ «ដំបូងអ្នកអាចបោះពុម្ភកាតអាជីវកម្ម ឬនាមប័ណ្ណសម្គាល់ខ្លួន និងបើកគណនីដោយឥតគិតថ្លៃនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម»។ អ្នកអាចបង្ហោះមាតិកាដែលពាក់ព័ន្ធនៅលើប្លក់ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក ភ្ជាប់បណ្តាញជាមួយអ្នកជំនាញផ្សេងទៀតដើម្បីឲ្យគេស្គាល់អ្នកកាន់តែច្រើន ឱកាសនៃការលូតលាស់របស់អាជីវកម្មក៏ទូលំទូលាយដូចគ្នា។
៣/. គ្រប់គ្រង Web Design
អ្នកមិនចាំបាច់ជាអ្នករចនាគេហទំព័រ ទើបអាចបង្កើតអាជីវកម្មរចនាគេហទំព័រនោះទេ។ លោក Matt Wilson ម្ចាស់ Under30Media បានផ្តល់យោបល់ថា៖ «ស្វែងរកអ្នកដែលចង់បង្កើតគេហទំព័រ ហើយបន្ទាប់មកស្វែងរកអ្នកដែលនឹងរចនាវាក្នុងតម្លៃពិសេសថោកជាងទីផ្សារទូទៅ។ បន្ទាប់មកអ្នកបង្កើតខ្សែបន្ទាត់ឈរចន្លោះកណ្តាលមួយសម្រាប់ភ្ជាប់អតិថិជនជាមួយអ្នករចនា ឬគ្រប់គ្រងគម្រោង»។
៤/. ការសរសេរប្លុក
អ្នកសរសេរប្លក់ខ្លះមានជីវភាពធូរធារដោយការសរសេរមាតិកាខ្លាំង និងលក់ការផ្សាយពាណិជ្ជកម្ម។ លោក Robert J. Moore ស្ថាបនិក RJMetrics បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់លុយក្រោម ១០០$ អ្នកអាចចាប់ផ្តើមប្លុកផ្ទាល់ខ្លួនតាមអ៊ីនធឺណិត និងបង្កើតអ្នកគាំទ្រ (Fan) ឬអ្នកតាមដានរបស់អ្នក។ កាលណាប្លុករបស់អ្នកកាន់តែមានឥទ្ធិពល អ្នកនឹងទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មកាន់តែច្រើនដូចគ្នា»។
៥/. លក់គំនិត ឬបង្កើតផលិតលក់លើអ៊ីនធឺណេត
អ្នកស្រី Thursday Bram ស្ថាបនិក Hyper Modern បាននិយាយថា៖ «ប្រសិនបើអ្នកមានជំនាញនៅក្នុងទីផ្សារពិសេសមួយ អ្នកអាចបង្កើតផលិតផល ដូចជាសៀវភៅអេឡិចត្រូនិច ឬបង្កើតវគ្គសិក្សាដាក់លក់លើអ៊ីនធឺណេត ដោយចំណាយសាច់ប្រាក់ក្នុងផលិតតិចបំផុត»។ ពិតណាស់វានឹងចំណាយពេលច្រើន ប៉ុន្តែអ្នកអាចបង្កើតអាជីវកម្មទាំងមូលដោយបច្ចេកទេសដោយមិនចំណាយប្រាក់ ប្រសិនបើអ្នកបង្កើតគេហទំព័រឥតគិតថ្លៃ។
អ្នកឃើញទេ? លុយ១០០ដុល្លារមាននៅក្នុងដៃរបស់អ្នកអាចចាប់ផ្តើមអាជីវកម្មបានជាច្រើន ហើយខាងលើនេះគ្រាន់តែជាគំនិតអាជីវកម្មមួយចំនួនប៉ុណ្ណោះ អ្នកអាចធ្វើរឿងដ៏អស្ចារ្យដទៃទៀតនៅក្នុងយុគ្គសម័យឌីជីថល។ លោក Dave Lavinsky ដែលជាស្ថាបនិកនៃ Growthink និយាយថា ក្លាយជាសហគ្រិន គឺជាសិល្បៈនិងវិទ្យាសាស្ត្រនៃការសម្រេចបានជោគជ័យធំដោយប្រើធនធានតិច។ លុយតិច បុគ្គលិកតិច និងពេលវេលាខ្លី ឆ្លាតវៃក្នុងការប្រើប្រាស់អ្វីដែលអ្នកកំពុងធ្វើជាមួយនិងធនធានដែលអ្នកកំពុងមានឥឡូវនេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook