ក្នុងអំឡុងពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានដំណើរការអស់រយៈពេលជិត២សប្ដាហ៍មកនេះ យើងឃើញថាការប្រកួតវិញ្ញាសាបាល់ទាត់រវាងបណ្ដាលប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសជិតខាងកម្ពុជាយើង ពិតជាទទួលបានការចាប់អារម្មណ៍និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ ថ្ងៃនេះដែរ Business Cambodia សូមណែនាំលោកអ្នកឱ្យបានស្គាល់ ក្លិបបាល់ទាត់ល្បីៗទាំង៥របស់ ប្រទេសថៃ ដោយយោងតាមការចុះផ្សាយរបស់ Chart Attack៖
១. ក្លិបបាល់ទាត់ Buriram United៖ ជាក្លិបល្បីបំផុតនៅក្នុងប្រទេសថៃ មានតម្លៃសរុបប្រមាណជាង ៣១ម៉ឺនដុល្លារ និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧០ មកម្ល៉េះ។ របាយការណ៍ពី Net Worth Spot បានបង្ហាញឱ្យឃើញថា ក្លិបនេះរកចំណូលជាមធ្យមបានខ្ទង់ ៨ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ។
២. ក្លិបបាល់ទាត់ Muangthong United៖ ជាក្លិបបាល់ទាត់ល្បីលំដាប់ទី២នៅប្រទេសថៃ គិតត្រឹមឆ្នាំ២០២៣ ក្លិបនេះមានតម្លៃសរុបប្រមាណជាង ២៥ម៉ឺនដុល្លារ។ របាយការណ៍ពី Net Worth Spot បានបង្ហាញឱ្យឃើញថា ក្លិបបាល់ទាត់មួយនេះរកចំណូលបានជាមធ្យមជាង ៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
៣. ក្លិបបាល់ទាត់ Port FC៖ ជាក្លិបបាល់ទាត់វ័យ៥០ឆ្នាំ មានបទពិសោធន៍ប្រកួតឈ្នះពានរង្វាន់ជាច្រើន ជាពិសេសគឺឈ្នះពាន់ Kor Royal Cup ដល់ទៅ៨ដង។ ក្រៅពីស្នាដៃក្នុងស្រុក ក្លិបនេះក៏ធ្លាប់ទទួលបានជោគជ័យធំៗនៅក្នុងការប្រកួតអន្តរជាតិផងដែរ។
៤. ក្លិបបាល់ទាត់ Chonburi FC៖ ជាក្លិបមួយដែលបានបង្កើតឡើងនៅឆ្នាំ២០០៥ និងរីកខ្លួនក្លាយជាក្លិបបាល់ទាត់ប្រចាំប្រទេសថៃ តាមរយៈលទ្ធផលជោគជ័យនៃការប្រកួតទាំងក្នុងស្រុក និងអន្តរជាតិ។
៥. ក្លិបបាល់ទាត់ Chiangrai United៖ ក្លិបមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ទើបតែកើតបាន១ឆ្នាំក្លិបមួយនេះក៏ឈានមុខល្បីល្បាញពេញប្រទេសថៃ តាមរយៈលទ្ធផលនៃការប្រកួតដ៏ល្អគួរឱ្យកត់សម្គាល់ខ្លាំង។ ហើយក៏ទទួលបានជោគជ័យជាបន្តបន្ទាប់ នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ ជាមួយក្លិបធំៗនៅក្នុងប្រទេសថៃ។