ការទិញផ្ទះក្នុងស្ថានភាពសេដ្ឋកិច្ចមិននឹងនរ អាចជាឱកាសល្អបំផុតមួយសម្រាប់វិនិយោគិនឆ្លាតវៃ។ ជាក់ស្តែងលោក Lawrence Yun ប្រធាននាយកផ្នែកសេដ្ឋកិច្ចនៃសមាគមជាតិអ្នកលក់អចលនទ្រព្យ (National Association of Realtors) បានបង្ហាញហេតុផលធំៗ៤ ដែលអ្នកសល់លុយ គួរទិញផ្ទះទុក៖
១/. តម្លៃផ្ទះកំពុងធ្លាក់៖ នៅពេលសេដ្ឋកិច្ចធ្លាក់ចុះ តម្លៃអចលនទ្រព្យ ឬតម្លៃផ្ទះ អាចទាបជាងស្ថានភាពធម្មតា។ ហេតុនេះវាជាឱកាសល្អសម្រាប់អ្នកដែលមានបំណងចង់ទិញផ្ទះ ឬចង់វិនិយោគលើផ្ទះទុកចំណេញពេលក្រោយ។
២/. អត្រាការប្រាក់ទាប៖ សេដ្ឋកិច្ចបែបនេះធនាគារត្រូវការអតិថិជន បើអ្នកជាមនុស្សដែលមានចំណូលល្អប្រសើរ ឬមានលំហូរសាច់ប្រាក់រឹងមាំ អ្នកប្រាកដជាអាចចរចាជាមួយធនាគារ ដើម្បីបានលក្ខខណ្ឌកម្ចីល្អខុសពីធម្មតា។
៣/. លក្ខខណ្ឌចរចាល្អ៖ សេដ្ឋកិច្ចតឹងតែង មនុស្សតិចណាស់ដែលមានលទ្ធភាពទិញផ្ទះដូចអ្នក ម្ល៉ោះហើយតម្រូវការទីផ្សារមិនសូវជាចង្អៀតទេ អ្នកលក់គ្មានជម្រើសច្រើន គេប្រាកដជាខិតខំបំពេញតាមចិត្តរបស់អ្នក ដើម្បីឱ្យអ្នកព្រមទិញផ្ទះរបស់ពួកគេ។ នេះមានន័យថាអ្នកមានអំណាចគ្រប់គ្រាន់ នៅក្នុងការចរចាជាមួយម្ចាស់ផ្ទះ ដើម្បីឱ្យគេព្រមលក់នៅក្នុងលក្ខខណ្ឌណាមួយ ដែលផ្ដល់ផលចំណេញច្រើនសម្រាប់អ្នក។
៤/. ផលចំណេញខ្ពស់៖ ទិញផ្ទះនៅក្នុងតម្លៃទាបលក់ក្នុងតម្លៃខ្ពស់ នេះជាអ្វីដែលអ្នកវិនិយោគជាច្រើនចូលចិត្តធ្វើ។ អ្នកអាចទិញផ្ទះនៅក្នុងពេលមានវិបត្តិ ហើយទុករហូតដល់សេដ្ឋកិច្ចល្អប្រសើរឡើងវិញទើបលក់ចេញក្នុងតម្លៃថ្លៃ បានចំណេញច្រើន ខុសពីការវិនិយោគក្នុងស្ថានភាពសេដ្ឋកិច្ចធម្មតា។
យ៉ាងណាមិញ ក្រៅពីគុណសម្បត្តិខាងលើ វាក៏មានគុណវិបត្តផងដែរ។ ដូច្នេះហើយមុននឹងសម្រេចចិត្ត អ្នកត្រូវប្រាកដថាបានសិក្សាពីលទ្ធភាពខ្លួនឯងច្បាស់លាស់ មានស្ថេរភាពការងារ ឬចំណូលរឹងមាំជាមុនសិន ជៀសវាងជួបហានិភ័យ ឬរាំងស្ទះចរន្តសាច់ប្រាក់នៅពេលវិនិយោគទិញផ្ទះរួច ដូចសុភាសិតខ្មែរពោលថា៖ «ចង់ចំណេញ ប្រយ័ត្នដាច់ចំណង»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook