សេដ្ឋីមិនមែនជាទេវតា គ្រាន់តែគាត់ជាមនុស្សអស្ចារ្យ ដែលមានការគិតឆ្លាតវៃជាងមនុស្សភាគច្រើនតែប៉ុណ្ណោះ។ យ៉ាងណាមិញ រាល់ភាពជោគជ័យរបស់សេដ្ឋីទាំងអស់ សុទ្ធតែមានធាតុផ្សំចេញពីភាពឆ្លាតវៃជាច្រើនយ៉ាងរបស់ពួកគេ។
នៅក្នុងថ្ងៃនេះយើងនឹងធ្វើការវះកាត់ខួរក្បាលសេដ្ឋី ២រូប ម្នាក់គឺលោក ជែក ម៉ា ជាស្ថាបនិកក្រុមហ៊ុនអាលីបាបា និងមួយរូបទៀតគឺលោក រ៉ូបឺតគីយ៉ូសាគិ ដែលជាសេដ្ឋីអចលទ្រព្យ និងជាអ្នកនិពន្ធដ៏ឆ្នើមមួយរូប ដើម្បីស្វែងយល់ឱ្យស៊ីជម្រៅអំពីភាពឆ្លាតវៃ៤យ៉ាង ដែលជួយមនុស្សសម័យថ្មីឱ្យទទួលបានភាពជោគជ័យលើការដឹកនាំ និងកសាងទ្រព្យសម្បត្តិ។ សម្រាប់លោក ជែក ម៉ា បានបង្ហាញនូវភាពឆ្លាតវៃ៣យ៉ាងរបស់មនុស្សដែលជួយដល់ភាពជោគជ័យជាពិសេសលើការដឹកនាំរួមមាន (IQ, EQ, LQ)
១. IQ (Intelligence Quotient) ៖ គឺជាពិន្ទុសរុបបានមកពីការធ្វើតេស្តស្តង់ដារជាច្រើនដែលត្រូវបានរចនាឡើងដើម្បីវាយតម្លៃបញ្ញាមនុស្សដែលទទួលបានដោយការបែងចែកពិន្ទុទាក់ទងនឹងអាយុ និងផ្លូវអារម្មណ៍របស់មនុស្សម្នាក់ដែលទទួលបានតាមរយៈការធ្វើតេស្តផ្ដោតទៅលើសមត្ថភាពនៃការចងចាំ ការយកចិត្តទុកដាក់ និងល្បឿននៃការសម្រេចចិត្ត។ ជាទូទៅ មនុស្សដែលមាន IQ ខ្ពស់ភាគច្រើនជាមនុស្សដែលពូកែខាងវិទ្យាសាស្ត្រឬគណិតសាស្ត្រជាដើម ហើយអាជីពដែលពួកគេធ្វើភាគច្រើនគឺទាក់ទងនឹងបច្ចេកទេសឬការងារទាក់ទងនឹងទិន្នន័យតួលេខជាដើម។
ជាក់ស្ដែងបើតាមការចែករំលែកឱ្យដឹងពីវេបសាយ verywellmind.com បានបង្ហាញថាបណ្ដាមេដឹកនាំជំនួញធំៗដូចជា៖ លោកDonald Trump ស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Apple គឺលោក Steve Jobs សុទ្ធតែជាមនុស្សដែលមាន IQ ខ្ពស់បំផុត ដែលជួយឱ្យពួកគេជោគជ័យខ្លាំងក្លាមកទល់បច្ចុប្បន្ន។
២. EQ (Emotional Intelligence) ៖ គឺសម្ដៅទៅលើភាពឆ្លាតវៃខាងផ្លូវអារម្មណ៍របស់មនុស្ស។ មនុស្សដែលមាន EQ ខ្ពស់ គឺជាមនុស្សដែលយល់ច្បាស់អំពីអារម្មណ៍របស់ខ្លួនឯង ក៏ដូចជាអារម្មណ៍របស់មនុស្សជុំវិញខ្លួនផងដែរ។ ភាគច្រើនមនុស្សដែលមាន EQ ខ្ពស់គឺជាមេដឹកនាំដ៏ល្អម្នាក់ ដែលពួកគេអាចធ្វើការងារយ៉ាងចុះសម្រុងជាមួយនឹងមនុស្ស អាចដឹងពីតម្រូវការ និងអារម្មណ៍មនុស្សជុំវិញខ្លួនដែលអាចធ្វើឱ្យមេដឹកនាំម្នាក់នេះអាចធ្វើការលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត។ EQ ផ្ដោតទៅលើចំណុច ៥យ៉ាងគឺ៖
- ស្គាល់ពីអារម្មណ៍ខ្លួនឯង
- មានវិន័យខ្ពស់និងគ្រប់គ្រងខ្លួនឯងបានល្អ
- ពូកែលើកទឹកចិត្តខ្លួនឯងនិងមនុស្សជុំវិញខ្លួន
- យល់ចិត្តមនុស្សជុំវិញខ្លួន
- ពូកែជំនាញទន់ (ទំនាក់ទំនង ដឹកនាំ ដោះស្រាយជម្លោះ សហការ...) ។
៣. LQ (Love Quotient) ៖ គឺសម្ដៅទៅលើភាពឆ្លាតវៃផ្នែកបេះដូង។ LQ គឺជាសមត្ថភាពរបស់មនុស្សម្នាក់ដែលមានចិត្តល្អនិងអាណិតអាសូរចំពោះខ្លួនឯងនិងអ្នកដទៃ។ លោកជែក ម៉ា ធ្លាប់បាននិយាយថា ប្រសិនបើអ្នកចង់ធ្វើជាមនុស្សម្នាក់ដែលទទួលបានការគោរពគឺអ្នកត្រូវតែមាន LQ ខ្ពស់។ លោកបានបន្ថែមថា “ខួរក្បាលរបស់មនុស្សអាចនឹងត្រូវជំនួសដោយម៉ាស៊ីន ប៉ុន្តែម៉ាស៊ីនមិនអាចជំនួសបេះដូងឬក្ដីស្រលាញ់របស់អ្នកបានទេ” ។ ត្រង់ចំណុចនេះលោកចង់មានន័យចង់បណ្ដុះឱ្យមនុស្សមានសេចក្ដីស្រលាញ់ចំពោះខ្លួនឯង និងចំពោះមនុស្សជុំវិញខ្លួនឱ្យបានច្រើន។
បើនិយាយជារួមមកវិញ រវាង IQ, EQ, និង LQ ត្រូវបានបុគ្គលដែលទទួលបាននូវភាពជោគជ័យជាច្រើនយល់ថា EQ ឬភាពឆ្លាតវៃខាងផ្នែកផ្លូវអារម្មណ៍ គឺមានសារៈសំខាន់ជាង IQ ឬ LQ ទៅទៀត ព្រោះភាគច្រើនមនុស្សដែលអាចទទួលបាននូវភាពជោគជ័យធំៗលើពិភពលោក គឺជាមនុស្សដែលមាន EQ ខ្ពស់ ដែលជាហេតុធ្វើឱ្យពួកគេស្គាល់ពីខ្លួនឯងច្បាស់ និងស្គាល់ពីអារម្មណ៍របស់មនុស្សជុំវិញខ្លួនបានច្រើនបំផុត។
៤. FQ (Financial quotient) ៖ សម្រាប់លោក រ៉ូបឺត គីយ៉ូសាគិ ជាសេដ្ឋីអចលនទ្រព្យ និងជាអ្នកនិពន្ធសៀវភៅហិរញ្ញវត្ថុលក់ដាច់រាប់លានក្បាលចំណងជើងថា Rich Dad Poor Dad លោកយល់ថានាពេលបច្ចុប្បន្ននេះមនុស្សដែលចង់ជោគជ័យលើផ្នែកទ្រព្យសម្បត្តិ ឬចង់ក្លាយជាអ្នកមាននោះ គាត់គប្បីត្រូវតែជាមនុស្សដែលមានភាពឆ្លាតវៃផ្នែកហិរញ្ញវត្ថុ ឬ FQ (Financial quotient) ឱ្យបានខ្ពស់បំផុត ។
ភាពឆ្លាតវៃផ្នែកហិរញ្ញវត្ថុនៅទីនេះគឺសម្ដៅទៅលើសមត្ថភាពក្នុងការយល់ដឹងអំពីលុយកាក់ទ្រព្យសម្បត្តិ វិធីសាស្ត្រក្នុងការរកចំណូលឱ្យបានច្រើន ចំណាយឱ្យបានត្រឹមត្រូវ ការរៀបចំចាត់ចែងលុយកាក់ឱ្យបានល្អ ស្គាល់អ្វីជាទ្រព្យពិតបំណុលពិត ចេះប្រើប្រាស់លុយឱ្យធ្វើការរកលុយជំនួសអ្នកជាដើម។ ចំពោះភាពឆ្លាតវៃផ្នែកហិរញ្ញវត្ថុនេះត្រូវបានវាយតម្លៃទៅលើចំណុចសំខាន់ៗដូចជា៖ សមត្ថភាពក្នុងការរកចំណូលបានច្រើន (FQ ខ្ពស់) សមត្ថភាពក្នុងការរក្សាលុយកុំឱ្យបាត់បង់ សមត្ថភាពរៀបចំទុកដាក់ ឬបែងចែកកញ្ចប់លុយ និងការចេះប្រើលុយឱ្យបង្កើតកូនលុយឱ្យកាន់តែច្រើនជាដើម៕