កក្រើកឆ្នាំ២០២៣ ខណៈគម្រោងធំ ៤ ដែលតម្លៃសរុបជាង ២ ពាន់លាន$ នឹងបើការដ្ឋានក្នុងឆ្នាំនេះ
Bunthoeun KoemJANUARY 5 20236.9 K views

ឆ្នាំថ្មី២០២៣ អាចចាត់ទុកថាជាឆ្នាំមួយដែលគម្រោងធំៗជាច្រើននៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមដំណើរការសាងសង់។ ជាក់ស្ដែងកាលពីថ្ងៃទី២ ខែមករា កន្លងទៅនេះ រាជរដ្ឋាភិបាលក៏ទើបនឹងសម្ពោធបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅក្នុងខេត្ដក្រចេះផងដែរ។

ហើយពេលនេះដែរ Business Cambodia នឹងបើកយកគម្រោងធំៗចំនួន ៤ មានតម្លៃសរុបប្រមាណ ២១១១ លានដុល្លារ ដែលរាជរដ្ឋាភិបាលបានបញ្ជាក់ថានឹងចាប់ផ្ដើមស្ថាបនានៅក្នុងឆ្នាំថ្មី២០២៣នេះ៖

១. ផ្លូវល្បឿនល្បឿនភ្នំពេញ-បាវិត

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ នៅក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើការសិក្សារចប់សព្វគ្រប់ហើយ ហើយតាមការគ្រោងទុកគម្រោងនេះអាចនឹងបើកការដ្ឋាននៅឆ្នាំ២០២៣នេះ។ តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋន្ដ្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងផ្លូវថ្មីនេះអាចនឹងបើកការការដ្ឋាននៅពាក់កណ្ដាលឆ្នាំ២០២៣។

សូមជម្រាបដែរថា ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត គឺទទួលការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រដែលជាផ្លូវថ្មីទាំងស្រុង។ តាមការគ្រោងទុកផ្លូវនេះនឹងចំណាយថវិកាក្នុងការសាងសង់សរុបចំនួន ១ ៦៣៨ លានដុល្លារឯណោះ។

1297

២. ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ

ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីផ្សារចាស់ ទៅតំបន់ជ្រោយចង្វារ និងតភ្ជាប់ពីជ្រោយចង្វារទៅតំបន់អរិយក្សត្រ ក៏នឹងអាចបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំថ្មី២០២៣នេះដែរ។ ដោយពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ ទើបតែបានចុះហត្ថលេខា លើប្រាក់កម្ចីសម្រាប់ការសាងសង់ ដែលមានប្រមាណ ២៤៥ លានដុល្លារ។

សូមជម្រាបថា ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ នឹងសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។

6e9c160c A314 4e56 B504 D8031edf16f7

៣. កំណាត់ផ្លូវជាតិលេខ៧

គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ពីតំបន់ស្គន់ទៅកាន់ក្រុងកំពង់ចាម ខេត្ដកំពង់ចាម នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នេះហើយ។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្ដកំពង់ចាម។

សូមជម្រាបជូនថា គម្រោងសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៧ ពីតំបន់ស្គន់ ទៅដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាមនេះ មានប្រវែងសរុប ៤៥,៥០ គីឡូម៉ែត្រ ដោយត្រូវពង្រីកពី២គន្លងទៅ៤គន្លង (ពីរគន្លងទៅពីរគន្លងមក)។ គម្រោងនេះនឹងចំណាយថវិកាសរុបប្រមាណ ១១៤,៨៩ លានដុល្លារ ដែលជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ចំពោះពេលវេលាក្នុងការសាងសង់គ្រោងចំណាយរយៈពេល ៣៦ខែ អនុវត្តការងារដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន។

៤. ស្ពានឆ្លងទន្លេគង្គ និងផ្លូវនៅខេត្ដក្រចេះ

ដូចដែលបានជម្រាបជូនពីខាងដើមហើយថា គម្រោងសាងសង់ស្ពាន និងផ្លូវ នៅក្នុងខេត្ដក្រចេះ ត្រូវបានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ កន្លង។ ដោយក្នុងនោះគម្រោងស្ពានមានប្រវែង ១៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ ប្រវែង ៣១,៦៩គីឡូម៉ែត្រ

សូមបញ្ជាក់ផងដែរថា គម្រោងខាងលើត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ ហើយគ្រោងនេះក៏នឹងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

អត្ថបទ៖ កឹម ប៊ុនធឿន

317576947 454495706861429 3286551932920236846 N

323690113 689824419437148 970717487062861044 N (1)

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia