ក្រោយបញ្ចប់ការសិក្សាក៏ទទួលបានការងារជាគ្រូបង្រៀន ប៉ុន្តែត្រូវរស់នៅជាមួយបន្ទុកបំណុលសិស្សប្រមាណជាង ១០២,០០០ដុល្លារ ដែលជាបំណុលដុះកន្ទុយជាប្រចាំព្រោះតែមានលទ្ធភាពបង់ឱ្យគេបានតែ២០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ នេះជាសាច់រឿងពិតរបស់គ្រូបង្រៀនវ័យ ៣២ឆ្នាំ អ្នកស្រី Melissa Jean-Baptiste ស្ថាបនិកនៃកម្មវិធីហិរញ្ញវត្ថុមួយឈ្មោះថា Millennial in Debt។ ក្រោយមកអ្នកស្រីក៏អាចដោះបំណុលអស់ ថែមទាំងសល់ផ្ទះ១ខ្នងជារបស់ខ្លួន ព្រោះដើរតាមផ្លូវក៏ដូចជាគន្លឹះពិសេសទាំង៥ ខាងក្រោមនេះ៖
១. ទទួលស្គាល់ការពិត
អ្នកស្រី Melissa ប្រាប់ CNBC ថាការពិតទៅកម្ចីសិស្សដែល គាត់បង្កើតដំបូងគឺមានចំនួនត្រឹម ៦ម៉ឺនដុល្លារប៉ុណ្ណោះ តែដោយសារតែគាត់ជ្រើសរើសបង់តែការប្រាក់រាល់ខែ មិនបានគិតរំលស់ដើមខ្លះទើបធ្វើឱ្យតួលេខបំណុលបានកើនឡើងដល់ខ្ទង់ ១០ម៉ឺនដុល្លារ។
ក្រោយពីមើលឃើញកំហុសអចេតនាដែលកើតឡើងពីការគិតអ្វីងាយៗ មិនសម្លឹងពីផលប៉ះពាល់ដែលអាចកើតឡើង អ្នកស្រីក៏បានបើកចិត្តទទួលបន្ទុកបំណុលពេញទី ដោយការតាំងចិត្តរកផ្លូវថ្មី ដើម្បីចេញពីបន្ទុកមួយនេះឱ្យបានឆាប់បំផុត។
២. ស្រាវជ្រាវគ្រប់ផ្នែក
ដោយសារតែជាមនុស្សចូលចិត្តធ្វើការស្រាវជ្រាវ ដូច្នេះពេលតាំងចិត្តថានឹងប្រឹងដោះបំណុលឱ្យឆាប់អស់ គ្រូបង្រៀនរូបនេះបានធ្វើការស្រាវជ្រាវពីរឿងគ្រប់ផ្នែកទាំងអស់ពាក់ព័ន្ធនឹងបំណុលដែលគាត់កំពុងជួបប្រទះ។
អ្នកស្រីបានសិក្សាពីស្ថានភាពសេដ្ឋកិច្ចប្រទេសអាមេរិកដែលគាត់កំពុងរស់នៅ, សិក្សាពីរបៀបចរចាជាមួយនឹងម្ចាស់បំណុល, ស្វែងយល់ពីលក្ខខណ្ឌអនុគ្រោះផ្សេងៗដែលធនាគារអាចផ្ដល់ជូនកូនបំណុលបាន, សិក្សាពីស្ថានភាពមួយចំនួនដែលសកលលោកកំពុងជួបប្រទះដូចជាវិបត្តិកូវីដ និងអតិផរណាជាដើម។
៣. ច្បិចយកឱកាសសម្រួលបន្ទុក
ជាលទ្ធផលនៃការសិក្សាស្រាវជ្រាវ បានធ្វើឱ្យគ្រូបង្រៀនរូបនេះរកឃើញថា បើទោះបីជានៅក្នុងវិបត្តិកូវីដ-១៩ ធនាគារមិនសូវជួយសម្រួលដល់កូនបំណុលដូចជាគាត់ឱ្យបានទូលំទូលាយខ្លាំងក៏ដោយ ក៏នៅមានផ្លូវមួយទៀតគឺ ការចរចាដោយប្រើស្ថានភាពចំណូលជាក់ស្ដែង។
អ្នកស្រីបានលើកពីបញ្ហាធ្លាក់ចុះនៃចំណូលប្រចាំខែរបស់គាត់ ដើម្បីស្នើសុំខាងធនាគារ រៀបចំរបៀបនៃការបង់ប្រាក់ប្រចាំខែថ្មីមួយ ដែលជួយសម្រួលដល់រយៈពេលបង់ប្រាក់ ព្រមទាំងជួយឱ្យគាត់រំលស់ដើមជាបណ្ដើរៗ នាំឱ្យបំណុលថយចុះទៅជាលំដាប់។
៤. កែលម្អច្រកចេញនៃលុយ
ជំហានសំខាន់មួយដែលអ្នកស្រីប្រញាប់ធ្វើបំផុតគឺ ការកាត់ចំណាយឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ អ្នកស្រីបានផ្លាស់ប្ដូរទម្លាប់ខ្លួនឯងជាច្រើន សូម្បីតែទម្លាប់តូចៗមួយចំនួនដែលមនុស្សស្រីចូលចិត្តខ្លាំងក៏គាត់សុខចិត្តកាត់ចេញដែរ។
អ្នកស្រីបានចាប់ផ្ដើមពិនិត្យលើការចំណាយប្រចាំថ្ងៃ រួមទាំងចំណាយប្រចាំខែ កាត់រឿងមិនចាំបាច់ចេញទុកតែអ្វីដែលសំខាន់។ លើសពីនេះគាត់ក៏បានផ្អាកការចូលសាឡន ធ្វើក្រចក កក់សក់ ដោយត្រឡប់មកធ្វើខ្លួនឯងវិញថែមទៀតផង។
៥. សម្រួចផ្លូវបង្កើនចំណូល
ចំណុចសំខាន់បំផុតមួយទៀតគឺ ការរកផ្លូវបង្កើនចំណូល ដោយប្រើសមត្ថភាពដែលខ្លួនឯងមានឱ្យអស់លទ្ធភាព។ ដំបូងអ្នកស្រី អង្គុយរំលឹកសកម្មភាពប្រចាំថ្ងៃ ដោយសង្កេតឱ្យច្បាស់ថា តើរាល់ថ្ងៃនេះខ្ញុំចំណាយពេលរវល់លើរឿងមានប្រយោជន៍ច្រើន ឬរឿងអត់ប្រយោជន៍ច្រើនជាង?
បន្ទាប់មកគាត់ក៏ច្នៃពេលវេលាដែលចំណាយលើរឿងមិនសូវសំខាន់ ដោយដាក់រឿងផ្សេងដែលសំខាន់ជាង និងបង្កើតចំណូលបានច្រើនជាងចូលវិញ។ ដូច្នេះពេលវេលា២៤ម៉ោងដូចគ្នា ប៉ុន្តែចំណូលគឺខុសឆ្ងាយជាដាច់តែម្ដង។
អ្នកស្រី Melissa បានគូសបញ្ជាក់ផងដែរថា ស្របពេលដែលខំប្រឹងបង្កើនចំណូលគាត់ក៏ឆ្លៀតរកផ្លូវវិនិយោគបន្ថែមទៀត ព្រមទាំងប្រើបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ បង្កើតកម្ចីទិញផ្ទះថ្មីដោយភាពជោគជ័យ។ បច្ចុប្បន្ននេះ ក្រៅពីមានការងារជាគ្រូបង្រៀន អ្នកស្រីក៏ជាវិនិយោគិន និងមានអាជីវកម្មផ្ទាល់ខ្លួនមួយដែលជាគេហទំព័រនិយាយពីហិរញ្ញវត្ថុ ព្រមទាំងសល់ផ្ទះមួយខ្នងជារបស់ខ្លួនទៀតផង៕
អត្ថបទដោយ៖ សូ សុខលី