ការចំណាយចេះតែមានការកើនឡើងគ្រប់រូបភាពទៅតាមកំណើនសេដ្ឋកិច្ច ដែលតម្រូវឱ្យយើងត្រូវតែព្យាយាមក្នុងការស្វែងរកប្រភពចំណូលបន្ថែម ឬរកវិធីសាស្ត្រធ្វើឱ្យចំណូលយើងមានការកើនឡើងដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ នៅពេលដែលចំណូលរបស់យើងមានការកើនឡើង សុខភាពហិរញ្ញវត្ថុរបស់យើងក៏មានភាពល្អប្រសើរផងដែរ។
ទាក់ទងនឹងរឿងនេះដែរ Business Cambodia សូមលើកបង្ហាញពីវិធីសាស្ត្រ ៣យ៉ាង ដែលអាចធ្វើឱ្យចំណូលរបស់អ្នកមានការកើនឡើងជាលំដាប់ វិធីសាស្ត្រទាំងនោះរួមមានដូចខាងក្រោម៖
១. ការបង្កើតអាជីវកម្មក្រៅម៉ោង
បន្ទាប់ពីអ្នកធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ អ្នកអាចនៅសល់ពេលវេលាខ្លះក្នុងការធ្វើអ្វីដែលអ្នកចង់ធ្វើ។ តើត្រូវធ្វើយ៉ាងម៉េចទើបអាចបង្កើតអាជីវកម្មក្រៅម៉ោងបាន? មុននឹងចាប់ផ្តើមអាជីវកម្មក្រៅម៉ោង អ្នកត្រូវសួរខ្លួនឯងថាអ្នកមានជំនាញអ្វី? អ្នកពូកែខាងផ្នែកអ្វីៗ? ហើយតើជំនាញដែលអ្នកមានអាចបម្លែងទៅជាប្រាក់ចំណូលយ៉ាងដូចម្តេច?
សំណួរទីពីរដែលអ្នកត្រូវសួរមកកាន់ខ្លួឯងនោះគឺ តើអ្វីដែលអ្នកចូលចិត្តធ្វើ ហើយធ្វើជារៀងរាល់ថ្ងៃ? ហើយធ្វើមិនចេះហត់? បន្ទាប់មកអ្នកត្រូវសួរខ្លួនឯងថា តើអ្វីដែលអ្នកមានទាំងអស់នេះអាចបម្លែងចេញជាលុយបានដែលឬទេ? ឧទារហណ៍ថាអ្នកគឺជាមនុស្សដែលចូលចិត្តអានសៀវភៅ ចូលចិត្តសិក្សារៀនសូត្រ ចូលចិត្តចែករំលែក ដូច្នេះអ្វីដែលអ្នកចូលចិត្តនោះគឺការចែករំលែកចំណេះដឹង អ្នកអាចបម្លែងវាឱ្យចេញជាលុយបានតាមរយៈការធ្វើ Channel Youtube ជាដើម។ នៅក្នុងសម័យកាលបច្ចេកវិទ្យានេះ យើងមានភាពងាយស្រួលក្នុងការបង្កើតប្រាក់ចំណូល។
២. រៀនបន្ថែម
នៅពេលដែលអ្នកមានកម្រិតអប់រំត្រឹមបរិញ្ញាបត្រ សមត្ថភាពក្នុងការរកចំណូលរបស់អ្នកក៏មានត្រឹមកម្រិតនេះដូចគ្នា។ ប៉ុន្តែនៅពេលដែលយើងបង្កើននូវចំណេះដឹង និងជំនាញរបស់យើងបន្ថែមទៀតតាមរយៈចំណេះដឹង បូកផ្សំជាមួយបទពិសោធន៍ដែលយើងធ្លាប់ធ្វើកន្លងមក វានឹងធ្វើឱ្យយើងមានប្រាក់ចំណូលច្រើនជាងមុន និងមានសមត្ថភាពធ្វើការបានច្រើនជាងមុន។ ប្រសិនបើអ្នកគិតថាចង់បន្តពីថ្នាក់បរិញ្ញាបត្រ ទៅអនុបណ្ឌិត ឬបណ្ឌិតបន្ថែមទៀតគឺវាមានរយៈពេលយូរ អ្នកអាចទៅរៀនវគ្គខ្លីៗដែលទាក់ទងទៅនឹងជំនាញដែលអ្នកធ្វើសព្វថ្ងៃ។ ដូច្នេះនៅពេលអ្នកមានចំណេះដឹងកាន់តែច្រើន អ្នកនឹងមានសមត្ថភាពធ្វើការងារកាន់តែច្រើនជាងមុន នោះអ្នកនឹងទទួលបានប្រាក់ចំណូលច្រើនជាងមុនផងដែរ។
៣. ស្នើសុំដើម្បីដំឡើងប្រាក់ខែ ឬតំណែង
ជម្រើសចុងក្រោយដែលអ្នកគួរតែធ្វើដើម្បីទទួលបានប្រាក់ចំណូលកើនឡើងនោះគឺ ស្នើឱ្យមានការដំឡើងប្រាក់ខែ ឬតំណែងពីក្រុមហ៊ុន នៅពេលដែលអ្នកគិតថាប្រាក់ចំណូលនោះមិនអាចទ្រទ្រង់ខ្លួនឯងបាន។ ប៉ុន្តែមុននឹងអ្នកស្នើសុំដំឡើងប្រាក់ខែ អ្នកត្រូវសួរខ្លួនឯងសិនថាតើកិច្ចការដែលអ្នកកំពុងធ្វើនេះបានល្អហើយឬនៅ ហើយវាសាកសមនឹងទទួលបានប្រាក់ខែដែលខ្លួនបានស្នើសុំដែរឬទេ។ បើអ្នកយល់ថាវាមានភាពសាកសមដែលអ្នកគួរតែទទួលបានហើយ អ្នកគួរតែដាក់ការស្នើសុំចុះ ប៉ុន្តែបើដាក់ស្នើហើយខាងក្រុមហ៊ុនឬស្ថាប័នគេមិនព្រមទទួលយក អ្នកគួរតែពិចារណាលើការងារថ្មី ពីព្រោះប្រសិនបើសមត្ថភាពអ្នកខ្លាំងហើយប៉ុន្តែចំណូលយើងតិចក៏យើងពិបាកនឹងរស់នៅដែរ។
ផ្ទុយទៅវិញ ប្រសិនបើអ្នកមើលមកខ្លួនឯងឃើញថាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកប្រាក់ខែ ឬប្រាក់ចំណូលច្រើនជាងនេះទេ ដូច្នេះអ្នកត្រូវខំអភិវឌ្ឍជំនាញ ខំប្រឹងធ្វើការឱ្យល្អសាកសមនឹងប្រាក់ខែដែលគេផ្តល់ឱ្យសិន ហើយព្យាយាមធ្វើការឱ្យលើសពីប្រាក់ខែដែលគេផ្តល់ឱ្យយើង។ នៅពេលដែលអ្នកផ្តល់គុណតម្លៃឱ្យក្រុមហ៊ុនលើសពីប្រាក់ខែដែលក្រុមហ៊ុនផ្តល់ឱ្យ ទើបគេអាចពិចារណាដំឡើងប្រាក់ខែជូនអ្នកដោយមិនស្ទាក់ស្ទើរបាន៕