ក្រៅពីស្រូវបងប្អូនអាចជ្រើសរើសយកដំណាំផ្សេងៗជាច្រើនប្រភេទធ្វើជាការដាំដុះ ដែលជាដំណាំអាចរកប្រាក់កម្រៃបានជាប្រចាំថ្ងៃ ហើយងាយស្រួលថែទាំជាងស្រូវថែមទៀតផង។ហេតុនេះ Business Cambodia សូមធ្វើការលើកយកនូវដំណាំចំនួន ៣ ដែលងាយស្រួលដាំ តែបានផលខ្ពស់ រកប្រាក់កម្រៃបានប្រចាំថ្ងៃ ដែលរួមមាន ៖
ដំណាំននោងជាដំណាំស្រុកស្រែចម្ការមួយដែលគេនិយមដាំនៅតែក្រោយផ្ទះ មិនសូវជាមានអ្នកដែលដាំលក្ខណៈទ្រង់ទ្រាយធំនោះទេ ដូចដែលរៀបរាប់ខាងលើគឺមានតែការដាំបែបតាមផ្ទះសម្រាប់តែស្លរម្តងម្កាលប៉ុណ្ណោះ ប៉ុន្តែបើយើងងាកទៅមើលទីផ្សាររបស់ដំណាំមួយប្រភេទនេះវិញ សម្បូរទីផ្សារមិនចាញ់ដំណាំផ្សេងប៉ុន្មាននោះទេ ព្រោះក្រៅពីអាចលក់ចែកចាយក្នុងភូមិបានហើយ យើងអាចរកម៉ូយបោះដុំលក់នៅតាមផ្សារបានថែមទៀតផង។
ជាក់ស្តែងដូចបងប្រុសមួយរូប ឈ្មោះ ផាន តុលា បច្ចុប្បន្នជាអ្នកដាំននោងបានឱ្យដឹងថា “ជាធម្មតាក្នុងមួយរដូវរកអាចប្រមូលផលបានពីដំណាំននោងរបស់គាត់បានចន្លោះពី ៥ពាន់ ទៅជិត ១ម៉ឺនដុល្លារ ដោយគ្រាន់តែចាយពេលត្រឹម ៣ទៅ៤ខែប៉ុណ្ណោះសម្រាប់ដាំ”។ ដែលនេះជាសញ្ញាបញ្ជាក់ឱ្យឃើញថា ប្រសិនបើបងប្អូនមានដីនៅទំនេរហើយមិនចង់ធ្វើស្រូវ ចង់ធ្វើអ្វីផ្សេងអាចពិចារណាលើដំណាំមួយប្រភេទនេះបាន ព្រោះការដាំដុះក៏ងាយស្រួល រីឯការថែទាំក៏មិនសូវលំបាក ហើយយើងអាចមានពេលសម្រាប់ធ្វើការងារផ្សេងៗបានក្រៅពីដាំននោងថែមទៀត ដែលនេះវាធ្វើឱ្យចំណេញទាំងពេល បានទាំងចំណូល។
២.ក្រូចឆ្មា
ក្រូចឆ្មាក៏ជាដំណាំដែលមានទីផ្សារខ្ពស់ផងដែរនាពេលបច្ចុប្បន្ននេះ ព្រោះសព្វថ្ងៃមានការពេញនិយមទៅលើការធ្វើជ្រក់ជើងមាន់ ជើងទា ទឹកជ្រលក់ ជាដើម។ដែលនេះធ្វើឱ្យតម្រូវការផ្លែក្រូចក្នុងប្រទេសកម្ពុជាយើងក៏មានការកើនឡើងផងដែរ ហេតុនេះសម្រាប់បងប្អូនដែលគាត់មានទុនសមល្មម អាចសាកល្បងលើដំណាំនេះបាន ព្រោះចាយពេលត្រឹម ១ ទៅ ២ឆ្នាំ យើងក៏នឹងអាចទទួលផលបានហើយ រីឯតម្លៃវិញជាមធ្យមក្នុងមួយគីឡូចន្លោះពី ៦ពាន់រៀល ទៅ ៨ពាន់រៀល ដូច្នេះបើយើងដាំច្រើន យើងអាចបេះបានវិលជុំ រកប្រាក់កម្រៃបានជាប្រចាំតែម្តង។
៣.ម្ទេស
ដំណាំម្ទេសត្រូវបានគេចាត់ទុកជាគ្រឿងទេសដ៏សំខាន់មួយសម្រាប់អ្នកធ្វើម្ហូបអាហារមិនថានៅតាមផ្ទះ តាមហាង ភោជនីដ្ឋានតូចធំ ក្នុងមួយថ្ងៃគ្រាន់តែម្ទេសអាចនឹងប្រើរាប់តោនដើម្បីធ្វើជាគ្រឿងទេស ហើយបច្ចុប្បន្នបើយើងងាកទៅមើលពីការដាំដុះវិញមិនសូវជាមានច្រើននោះទេ ហេតុនេះលើកទឹកចិត្តឱ្យបងប្អូនដែលគាត់មានបទពិសោធន៍ និងគ្មានបទពិសោធន៍អាចធ្វើការសិក្សាបន្ថែមទៅលើបច្ចេកទេសដាំដុះ ដើម្បីមានលទ្ធភាពអាចដាំជាចំការលក្ខណៈទ្រង់ទ្រាយធំ និងអាចធ្វើការផ្គត់ផ្គង់បានកាន់តែច្រើនបន្ថែមទៀត។
បន្ថែមពីលើនេះ ចង់បញ្ជាក់បងប្អូនផងដែរថា ក្រៅពីដំណាំទាំង៣ ខាងលើនៅមានដំណាំជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែបងប្អូនអាចធ្វើការដាំដុះបាន ហើយសុទ្ធតែអាចរកចំណូលបានប្រចាំថ្ងៃ ប្រចាំខែបាន ដូចជាប្រភេទបន្លែ ស្ពៃ ប៉េងបោះ ជាដើម បងប្អូនអាចដាំជាលក្ខណៈជាផ្ទះសំណាញ និងជាដំណាំលើទឹកបាន ព្រោះវាងាយស្រួលថែទាំ ដែលធ្វើឱ្យគុណភាពបន្លែក៏ល្អលក់ក៏បានថ្លៃទៅតាមនោះផងដែរ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង