នៅក្នុងក្រុមហ៊ុនឬកន្លែងធ្វើការភាគច្រើន គឺមានបញ្ហាមនុស្ស ដូចជាបញ្ហាបុគ្គលិកឈ្លោះគ្នា ធ្វើការងារមិនហការគ្នាជាដើម។
យ៉ាងណាមិញខាងក្រោមនេះជាការសិក្សាពីសាកលវិទ្យាល័យ Harvard អំពីបុគ្គលិកមានអត្តចរិតលក្ខណៈ៣ប្រភេទ ទៅធ្វើការនៅកន្លែងណា ឈ្លោះជាមួយក្រុមការងារកន្លែងនោះ មិនខុសពីប្រេង ដាក់ចូលទឹកនោះទេ ពោលគឺមិនសូវចុះសម្រុងគេនិងឧស្សាហ៍បង្កជម្លោះ។
១. អត្តចរិតនិស្ស័យកំណើត៖ បុគ្គលិកចរិតនៅផ្ទះយ៉ាងម៉េចគឺយកមកប្រើ នៅកន្លែងធ្វើការទាំងអស់តែម្តង មិនសម្របខ្លួនតាមការតម្រូវការការងារ ហើយប្រកាន់ទម្លាប់រស់តាមនិស្ស័យកំណើតរបស់ខ្លួន មិនខ្វល់ថាអត្តចរិតនោះប៉ះពាល់ឬមិនប៉ះពាល់អ្នកដទៃជុំវិញខ្លួននោះទេ ពោលគឺគេមិនខ្វល់ហើយតែងតែ ខ្វែងគំនិតគ្នាជាមួយអ្នកដទៃឬខឹងនឹងបុគ្គលណាដែលមិនគាំទ្រគំនិតរបស់ពួកគេ មិនតាមចិត្តរបស់គេ។
២. ច្រណែនអ្នកមានជំនាញដូចគ្នា ៖ នៅក្នុងក្រុមហ៊ុនមួយមាន បើមានបុគ្គលិកច្រើននាក់នៅក្នុងជំនាញតែមួយ នឹងធ្វើឱ្យពួកគេមានទំនាស់ផលប្រយោជន៍ និងច្រណែនគ្នាច្រើនជាមិនខាន។ យ៉ាងណាមិញកត្តានេះក៏កើតឡើងចេញពីមូលហេតុរបស់បុគ្គលិកដែលមានចំណេះជំនាញដូចគ្នា ទំហំការងារប៉ុនគ្នាឬប្រហាក់ប្រហែលគ្នា ទើបធ្វើឱ្យពួកគេមានអារម្មណ៍ច្រណែនច្រើនឬមិនចង់ឱ្យគេរីកចម្រើនជាងខ្លួន ជៀសវាងធ្វើឱ្យគេមើលមកថាខ្លួនគ្មានសមត្ថភាព។
៣. ធ្វើការដើរបញ្ច្រាសពីគេ ៖ បុគ្គលិកដែលអនុវត្តលើការងារបានដើរប្រញ្ចោសគ្នា មានចរិតមានៈ មិនស្តាប់ឬទទួលយកយោបល់អ្នកណាឡើយ គិតថាគំនិតខ្លួនបែបនេះល្អឬគ្រាន់បើជាងគេហើយ មានលក្ខណៈខុសគេខ្លាំង គ្មានវិន័យការងារ និយាយស្តីគ្មានសណ្តាប់ធ្នាប់ជាដើម។
យ៉ាងណាបុគ្គលិកប្រភេទនេះ កើតឡើងដោយសារ មូលហេតុនៃអត្តសញ្ញាណរបស់ពួកគេ តាំងពី ទំនាក់ទំនង ទីកន្លែងរស់នៅ រង្វង់គ្រួសារ ឬជាប់ក្អែលវប្បធម៌ពីក្រុមហ៊ុនចាស់ជាដើម។
ជាការពិតណាស់គ្មានស្ថាប័នណាដែលថាគ្មានបញ្ហាបុគ្គលិកឈ្លោះគ្នានោះទេ ប៉ុន្តែដើម្បីអាចកាត់បន្ថយបញ្ហានេះឱ្យនៅទាបបំផុត អ្នកដឹកនាំគឹមានតួនាទីចម្រាញ់មនុស្ស ដាក់ពួកគេធ្វើការឱ្យត្រូវកន្លែង សង្កេតមើល និងបង្កើតក្រុមការងារដែលមានអត្តចរិត ផ្នត់គំនិតស្រដៀងគ្នាហើយបញ្ចូលយុទ្ធសាស្រ្តចិត្តវិទ្យាផ្សេងៗ ដើម្បីឱ្យមនុស្សរួមគ្នាធ្វើការងារជាធ្លុងមួយបានល្អប្រសើរ មិនចេញផ្កាភ្លើងរាល់ថ្ងៃក្នុងការិយាល័យ៕
អត្ថបទដោយ៖ ពីង ជូអេង