មិនមែនព្រោះមានឪពុកជាអ្នកមាន! ហេតុផលធំៗ៣ នាំឱ្យ​ Elon Musk ក្លាយជាបុរសមានជាងគេលើលោក
Ping Chou EngFEBRUARY 23 2024120 views

ទោះបីជាធំធាត់ឡើងក្នុងគ្រួសារដែលមានឪពុកជាអ្នករកស៊ីមុខជំនួញច្រើនក៏ដោយ តែ Elon Musk មិនដែលពឹងពាក់ឪពុកដើម្បីទទួលបានភាពជោគជ័យក្លាយជាសេដ្ឋីនោះទេ។ ប៉ុន្តែហេតុផលចំនួន៣នេះហើយដែលអាចជាកត្តានាំឱ្យគាត់អាចក្លាយជាបុគ្គលជោគជ័យលើរបររកស៊ីលំដាប់ពិភពលោក។

 

. ដឹងច្បាស់ពីគោលដៅចុងក្រោយ

 

Elon Musk មានចក្ខុវិស័យដ៏រឹងមាំសម្រាប់អនាគត ហើយកំពុងធ្វើការយ៉ាងសកម្ម បណ្តាក់ទុនផ្សេងៗទាំងលុយរាប់លានដុល្លារ ពេលវេលា កម្លាំងកាយចិត្តរបស់គាត់ដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗឱ្យមនុស្សប្រើប្រាស់ និងសម្រេចគោលដៅចុងក្រោយនាំមនុស្សទៅរស់នៅភពអង្គារ។ គាត់កំពុងសម្លឹងមើលទៅអនាគតឥតឈប់ឈរ ដោយស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាប្រឈមដ៏ធំបំផុតមួយចំនួនរបស់មនុស្សជាតិ។

 

. ជាបុគ្គលដែលចេះរៀនសូត្រដោយខ្លួនឯង

 

Elon Musk ត្រូវបានគេទទួលស្គាល់ថាជាមនុស្សដែលពូកែរៀនសូត្រដោយខ្លួនឯង។ គាត់ស្រេកឃ្លានចំណេះដឹងតាំងពីក្មេង ដោយនៅអាយុ៩ឆ្នាំ គាត់បានចំណាយពេលមួយថ្ងៃ១០ម៉ោងអាន លើមុខវិជ្ជាចម្រុះ ជាពិសេសរូបវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម។

 

លោកបានសិក្សាផ្តោតលើចំណេះដឹងទាក់ទងនឹងគោលដៅខ្លួនឯងយ៉ាងខ្លាំង ​ដោយជ្រើសរើសយកការសាកល្បង ការរៀនពីកំហុស និងមានគំនិតចេះវិភាគខ្លាំង។ ឧទាហរណ៍ដូចជាគាត់រៀនអំពីវិទ្យាសាស្ត្ររ៉ុក្កែតពីការអានសៀវភៅនិងតាមអ៊ីនធឺណិតដើម្បីសិក្សារកមូលហេតុ និងដំណោះស្រាយផលិតរ៉ុក្តែត ឱ្យមានតម្លៃថោកវិញ ហើយគាត់ក៏អាចទទួលបានចំណេះដឹងអំពីរថយន្តអគ្គិសនីដោយការរុះរើ និងសិក្សាពីម៉ូដែលដែលមានស្រាប់ដើម្បីច្នៃគំនិតទៅបង្កើតយីហោដោយខ្លួនឯង។

 

. ជាបុគ្គលដែលអាចស៊ូស្លាប់​ ឱ្យក្តីស្រមៃគាត់រស់

 

បុរសវ័យ៥២ឆ្នាំរូបនេះតែងមានក្តីស្រមៃធំបំផុតមួយគឺទៅរស់នៅលើភពអង្គារ ហើយបើតាមប្រភពពី Yahoo Finance បានឱ្យដឹងថា Elon Musk ធ្លាប់បានលើកឡើងថា ខ្ញុំសុខចិត្តទៅស្លាប់លើភពអង្គារ ឱ្យតែអាចនាំយកមនុស្សទៅរស់នៅបាន ដោយគ្មានផលប៉ះពាល់

 

តាមរយៈពាក្យសម្តីទាំងនេះបានបង្ហាញថាគាត់សុខចិត្តស្លាប់ឱ្យតែក្តីស្រមៃគាត់រស់ គាត់មានមហិច្ឆតា ហើយថែមទាំងមើលទៅអស្ចារ្យនិងជាកម្លាំងជំរុញចិត្តសម្រាប់មនុស្សជាច្រើនទៀតផង។ មហ្ឆិចតាទាំងនេះគឺបង្កើតឥទ្ធិពល យ៉ាងសំខាន់ដល់ពិភពលោក ដោយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅអស្ចារ្យចំពោះចក្ខុវិស័យរបស់គាត់ ដែលសូម្បីមនុស្សធម្មតាក៏ពិបាកនឹងស្រមៃដល់ដែរ៕

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia