ផ្លូវ៣ ដែលមានឥទ្ធិពលបំផុត ក្នុងការរំដោះខ្លួនពីទាសករនៃលុ.យ និងប្រើប្រាស់លុ.យធ្វើការឲ្យអ្នក
SOKLY SOJULY 30 2023290 views

ភាពខុសគ្នាដ៏ធំមួយរវាងអ្នកមានពិតប្រាកដ និងអ្នកមធ្យមគឺនៅត្រង់ថាអ្នកមានពិតប្រាកដ តែងប្រើលុយដើម្បីធ្វើការឲ្យពួកគេ ចំណែកឯអ្នកក្រ ឬអ្នកមធ្យមតែងប្រើពេលវេលា និងជីវិតរបស់ពួកគេធ្វើការដើម្បីលុយ។ វាជាការសំខាន់ណាស់ដែលត្រូវដឹងថាលុយគឺជាឧបករណ៍មួយដែលអាចជួយអ្នកក្នុងការសម្រេចគោលដៅរបស់អ្នក។ ដើម្បីឲ្យអ្នកអាចទទួលបានឯករាជ្យភាពហិរញ្ញវត្ថុវាចាំបាច់ឲ្យអ្នកត្រូវចេះប្រើប្រាស់លុយដែលអ្នកមានធ្វើការឲ្យអ្នក។

ទាក់ទងនឹងរឿងនេះដែរ Business Cambodia សូមលើកបង្ហាញពីផ្លូវ៣ ដែលមានឥទ្ធិពលបំផុត ក្នុងការរំដោះខ្លួនពីទាសករនៃលុយ និងប្រើប្រាស់លុយធ្វើការឲ្យអ្នក៖

. ធ្វើផែនការហិរញ្ញវត្ថុ

វិធីសំខាន់បំផុតដើម្បីផ្លាស់ប្តូរស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនៅពេលនេះគឺការរៀបចំផែនការហិរញ្ញវត្ថុ។ ការធ្វើផែនការហិរញ្ញវត្ថុតាមរយៈ ការកត់ត្រានូវការចំណាយ ប្រភពចំណូល និងចរន្តសាច់ប្រាក់ផ្សេងៗទៀត គឺជាផ្លូវចាំបាច់មួយដែលអនុញ្ញាតឲ្យអ្នកដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកបានច្បាស់លាស់ និងកម្រិតដែលអ្នកកំពុងតែស្ថិតនៅ។ ម្យ៉ាងវិញទៀតវាអាចធ្វើឲ្យអ្នកដឹងថា តើការចំណាយរបស់អ្នកមានសណ្តាប់ធ្នាប់ដែរឬទេ និងប្រភពចំណូលរបស់អ្នកមានលក្ខណបែបណា ហើយតើវាសមស្របទៅនឹងការចំណាយរបស់អ្នកដែរឬយ៉ាងណា។

មិនតែប៉ុណ្ណោះផែនការហិរញ្ញវត្ថុអាចជួយអ្នកក្នុងការកាត់បន្ថយការចំណាយមួយចំនួនដែលមិនមានភាពចាំបាច់សម្រាប់អ្នក និងជំរុញអ្នកឲ្យកាន់តែមានទឹកចិត្តក្នុងការរកប្រាក់ចំណូលបន្ថែមទៀត រួមទាំងមានភាពប្រាកដប្រជាចំពោះសុខភាពហិរញ្ញវត្ថុរបស់អ្នកថែមទៀតផង។ បន្ទាប់ពីធ្វើផែនការហិរញ្ញវត្ថុរួចរាល់ហើយ អ្នកត្រូវតាមដាន និងអនុវត្តវាឲ្យបានខ្ជាប់ខ្ជួន ព្រោះវានឹងមិនមានប្រសិទ្ធភាពនោះទេប្រសិនបើអ្នកធ្វើវារួចហើយ ប៉ុន្តែទុកវាចោលដោយមិនយកចិត្តទុកដាក់និងមិនអើពើពីវា។

. រំដោះខ្លួនចេញពីបំណុល

មនុស្សដែលមានបញ្ហាហិរញ្ញវត្ថុភាគច្រើនគឺពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពជាប់បំណុលគេ ហើយមិនដឹងថាត្រូវដោះស្រាយយ៉ាងដូចម្តេច។ ប្រសិនបើអ្នកមានបំណុលតិចតួចវាមិនជាបញ្ហាចោតនោះទេ ប៉ុន្តែប្រសិនបើអ្នកមានបំណុលច្រើននោះជាបញ្ហាធំ និងបន្ទាន់ដែលអ្នកត្រូវដោះស្រាយ។ បំណុលទាំងអស់នោះស្តែងចេញតាមរយៈដូចជា ផ្ទះ រថយន្ត ថ្លៃសិក្សា ឬតាមរូបភាពជាច្រើនផ្សេងទៀត។ ក្នុងនោះផងដែរ ការប្រាក់ដែលអ្នកត្រូវបង់ជារៀងរាល់ខែ ប្រសិនបើអ្នកអាចធ្វើការកែប្រែវាឲ្យក្លាយទៅជាប្រាក់សន្សំសម្រាប់ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ការវិនិយោគ ឬសម្រាប់ពេលចូលនិវត្តន៍វាពិតជាមានភាពល្អប្រសើរខ្លាំងណាស់។

ដូច្នេះផ្លូវទីពីរដែលអ្នកត្រូវអនុវត្តនោះគឺ រំដោះខ្លួនចេញពីបំណុលឲ្យបាន ប៉ុន្តែវាអាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាពិបាកណាស់ក្នុងដំណាក់កាលដំបូងនិងមិនដឹងថាគួរចាប់ផ្តើមពីចំណុចណាទៅក្នុងការដោះបំណុលទាំងនោះទេ។ ដោយហេតុនេះ ជាដំណាយស្រាយជំហានដំបូងអ្នកគួរដោះស្រាយបំណុលជាដំណាក់កាលដោយដោះស្រាយបំណុលណាដែលមានចំនួនតិចជាមុនសិន បន្ទាប់មកទើបដោះស្រាយបំណុលដែលមានចំនួនច្រើនជាបន្តបន្ទាប់។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកបានធូរស្រាលពីបំណុលបន្តិចម្តងៗ ហើយនៅចុងបញ្ចប់អ្នកនឹងភ្ញាក់ផ្អើលនៅពេលដែលបំណុលរបស់អ្នកត្រូវបានដោះស្រាយអស់។

. សន្សំ និងវិនិយោគលុយរបស់អ្នក

ផ្លូវទីបីដែលអ្នកត្រូវអនុវត្តនោះគឺចាប់ផ្តើមការសន្សំ និងវិនិយោគលុយដែលអ្នកមាន។ បន្ទាប់ពីអ្នកបានដោះស្រាយបំណុលរួចរាល់ហើយ អ្នកប្រហែលជាមានលទ្ធភាពក្នុងការសន្សំបានកាន់តែច្រើន។ នៅពេលដែលអ្នកសន្សំប្រាក់បន្ទាន់ ពោលគឺប្រាក់ដែលអាចផ្គត់ផ្គងការរស់នៅរបស់អ្នកបានក្នុងរយៈប្រាំមួយខែ បើទោះបីជាមានបញ្ហាអ្វី ឬអ្នកមិនអាចទាញចំណូលបានក៏ដោយហើយវាមិនអាចធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់អ្នកនោះទេ។

ដូច្នេះបន្ទាប់ពីអ្នកមានប្រាក់សម្រាប់ស្ថានភាពបន្ទាន់ហើយ ជំហានបន្ទាប់អ្នកត្រូវប្រើលុយដែលអ្នកមានទៅធ្វើការវិនិយោគដើម្បីបង្កើតប្រភពចំណូលអកម្ម។ ហើយចំពោះការវិនិយោគទៀតសោត វាមានច្រើនទម្រង់ដូចជា អចលនទ្រព្យ ទីផ្សារភាគហ៊ុន រូបិយប័ណ្ណអន្តរជាតិ និងអាជីវកម្មជាដើម។ ការវិនិយោគគឺជាមាគ៌ាមួយដែលនឹងនាំអ្នកឲ្យរួចផុតពីទាសករនៃលុយ និងកសាងភាពមានបានយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះដែរ បើទោះបីជាការវិនិយោគអាចនាំអ្នកទៅកាន់សេរីភាពផ្នែកហិរញ្ញវត្ថុក៏ពិតមែន ប៉ុន្តែនៅក្នុងនោះវាក៏មានហានិភ័យក្នុងការខាត់បង់លុយដូចគ្នា។ ដោយហេតុនេះដើម្បីចៀសវាងការខាតបង់លុយដែលអ្នកខំរកមកយ៉ាងលំបាកដោយសារការវិនិយោគ អ្នកត្រូវធ្វើការសិក្សារឲ្យបានច្បាស់លាស់និងល្អិតល្អន់មុនពេលសម្រេចចិត្តវិនិយោគទៅលើអ្វីមួយ៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia