ឮហើយរំភើប! នេះជាទំនិញចំនួន ២១មុខដែលកម្ពុជាបានសម្រេចនាំចេញទៅកាន់ទីផ្សារប្រទេសចិននិងអូស្រ្តាលីជាលើកដំបូង
ធី ស្រីល័ក្ខAUGUST 26 202559 views

ពីមួយថ្ងៃទៅមួយថ្ងៃ មានផលិតផលរបស់ខ្មែរជាច្រើនបានកំពុងតែរីកមុខរីកមាត់កាន់តែខ្លាំងនៅលើទីផ្សារអន្តរជាតិ ខណៈនាពេលបច្ចុប្បន្ននេះក៏មានមុខទំនិញសរុបចំនួន២១ បានទាក់ចិត្តអ្នកវិនិយោគមកពីប្រទេសចិននិងអូស្រ្តាលីបានមកចូលស្តីដណ្តឹងទំនិញរបស់ខ្មែរសម្រាប់នាំចេញផងដែរ។

 

ជាក់ស្តែងកាលពីថ្មីៗនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះកសិផលកម្ពុជាចំនួន១៦ មុខ ត្រូវបានអនុញ្ញាតក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងនោះរួមមាន៖ អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំនិងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

 

ជាមួយគ្នានោះដែរ កាលពីថ្មីៗនេះក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) ក៏កំពុងនាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាង ១២ តោនទៅកាន់ប្រទេសអូស្ត្រាលីជាលើកដំបូង។ ការនាំចេញនេះ រួមមានដូចជា៖ គ្រាប់ស្វាយចន្ទី ស្វាយក្រៀម ខ្នុរក្រៀម ចេកក្រៀម និងត្រាវចំនិតក្រៀម។ ការនាំចេញលើកទីពីរ គឺត្រូវបានគ្រោងទុករួចជាស្រេច ដោយនឹងមានប្រភេទផលិតផលផ្សេងបន្ថែមទៀត និងមានបរិមាណច្រើនជាងមុន។

៣៩

លោក ឈិន សុផល ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបានមានប្រសាសន៍ថា “ពួកយើងសូមថ្លែងអំណរគុណទៅដល់ អូស្ត្រាលី និងក្រសួងពាណិជ្ជកម្មលើការគាំទ្រកន្លងមក ដែលជួយឱ្យអាជីវកម្មរបស់ខ្ញុំអាចសម្រេចបាននូវសមិទ្ធផលនេះ”។ ការនាំចេញនេះបង្ហាញពីការកើនឡើងនៃសមត្ថភាពរបស់សហគ្រាសក្នុងស្រុក ក្នុងការឆ្លើយតបទៅនឹងតម្រូវការសកលលោក។ ពួកយើងជឿថា ការនាំចេញនាពេលនេះគ្រាន់តែជាចំនុចចាប់ផ្តើមប៉ុណ្ណោះ ហើយផលិតផលកម្ពុជាជាច្រើនផ្សេងទៀត នឹងអាចមានវត្តមានលើទីផ្សារអូស្ត្រាលីនិងប្រទេសដទៃទៀតនៅពេលខាងមុខផងដែរ។

 

គូសបញ្ចាក់ផងដែរថា នៅឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី ឈានទៅដល់ ទំហំទឹកប្រាក់ប្រមាណជា១,១ពាន់លានដុល្លាសហរដ្ឋអាមេរិក ដែលក្នុងនោះជាង ៧០ភាគរយ នៃទឹកប្រាក់ពាណិជ្ជកម្មសរុបគឺជាការនាំចេញរបស់កម្ពុជា ទៅកាន់អូស្ត្រាលី។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនាក់ទៅកាន់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា៖ media.cambodia@dfat.gov.au ក្រសួងពាណិជ្ជកម្ម កម្ពុជា៖ press@moc.gov.kh ឬវេបសាយផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) https://royalttco.com/contact-us/ ដែលមានលេខទំនាក់ទំនង៖ 855 92 44 55 38

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia