កាលពីមុន នៅពេលដែលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរយើងផុតសុពលភាព ហើយត្រូវទៅធ្វើថ្មីរយៈពេលនៃការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺត្រូវរង់ចាំរហូតដល់ទៅ ៣០ថ្ងៃនៃថ្ងៃធ្វើការ ឬលើសនេះបន្តិចបន្តួច។
ជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា “អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាពនឹងលែងមានតម្លៃប្រើប្រាស់ជាផ្លូវការ សូមបងប្អូនប្រញាប់ទៅបំពេញបែបបទថតធ្វើថ្មី កុំចាំដល់ពេលត្រូវការទើបទៅធ្វើ ពុំអាចទទួលបានភ្លាមទេ ត្រូវរង់ចាំយ៉ាងតិច ២១ថ្ងៃនៃថ្ងៃធ្វើការ”។
គួរបញ្ជាក់ថា សម្រាប់ទីតាំងត្រូវទៅថតនិងស្នើ បងប្អូនអាចទៅថតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬ សាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ទីតាំងក្រោយវត្តនិរោធ ឬ សាខា ប.ស.ស ឬទីតាំងចល័តផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយចំនួនទៀត៕