ការរៀបការមិនមែនជាចុងបញ្ចប់នៃទំនាក់ទំនង ដែលធានាបាននូវភាពរីករាយពេញមួយជីវិតនោះទេ។ ការរៀបការគឺជាទំព័រថ្មីមួយ បើកឱ្យគូស្វាមីភរិយាត្រូវជួយគ្នាមើលថែទាំជីវិតគ្រួសារ ដាក់ជីយោគយល់ ថែគល់ទំនាក់ទំនងជារៀងរាល់ថ្ងៃ។
ម្ល៉ោះហើយបើតាមការសិក្សាចិត្តសាស្រ្តគ្រូសារពី Forbes បានឱ្យដឹងថា មានរឿងចំនួន២យ៉ាងដែលប្តីប្រពន្ធទាំងសងខាង ដាច់ខាតត្រូវទទួលយក ក្នុងជីវិតអាពាហ៍ពិពាហ៍បើចង់ឱ្យគ្រួសារមានសុភមង្គល។
១. ប្តីឬប្រពន្ធរបស់អ្នក មិនមែនជាម៉ាស៊ីនអានចិត្តឡើយ៖ កុំរំពឹងទុកថាក្រោយរៀបការរួច ប្តីឬប្រពន្ធរបស់អ្នកនឹងយល់អារម្មណ៍គ្រប់ពេល ដឹងពីចិត្តរបស់អ្នកគ្រប់យ៉ាង ព្រោះពួកគេមិនមែនជាម៉ាស៊ីនអានចិត្តនោះឡើយ។ បើអ្នកមានការរំពឹងទុកបែបនេះគ្រួសារនឹងឧស្សាហ៍មានជម្លោះ មិនចុះសម្រុងនឹងគ្នាហើយអាចឈានដល់ការបែកបាក់។
ដូច្នេះដើម្បីជៀសវាងបញ្ហានេះ ប្តីប្រពន្ធត្រូវចេះនិយាយប្រាប់គ្នា អំពីអារម្មណ៍ តម្រូវការនិងការរំពឹងទុកទៅកាន់ភាគីដៃគូ ដោយបើកចំហនិងស្មោះត្រង់ ទើបទំនាក់ទំនងអាចមានសុខមង្គលបាន។
២. អ្នកមិនអាចបង្ខំឱ្យដៃគូផ្លាស់ប្តូរតម្រូវការជីវិតរបស់ពួកគេទេ៖ មនុស្សពីរនាក់ទោះជាមានជីវិតនិងគោលដៅស្រដៀងគ្នាយ៉ាងណាក៏ដោយ ពួកគេនឹងមិនអាចមានភាពដូចគ្នាទាំងស្រុងឡើយ ទាំងចរិត ទម្លាប់រស់នៅនិងការគិត។ ដូចគ្នានឹងជីវិតប្តីប្រពន្ធដែរ បើគេព្យាយាមរំពឹងទុកលើការផ្លាស់ប្តូរតម្រូវការជីវិតណាមួយ ពីភាគីប្តីឬប្រពន្ធនោះ ទំនាក់ទំនងរបស់ពួកគេនឹងបញ្ហា។
ជាក់ស្តែងដូចជាការបង្ខំឱ្យប្តីឬប្រពន្ធរបស់អ្នកឈប់ធ្វើការងារនេះ ឈប់ធ្វើការងារនោះជាដើម ដោយជំនួយមកវិញនូវការស្វែងយល់អំពីទស្សនៈ ការយល់ឃើញនិងហេតុផលដែលពួកគេជ្រើសរើសតម្រូវការនោះ ទើបអាចដោះស្រាយបញ្ហានិងកែតម្រូវគ្នាបានល្អប្រសើរ។
ជាការពិតណាស់មិនថាអ្នកទទួលបានជោគជ័យក្នុងអាជីពការងារ ឬមុខជំនួញខ្លាំងប៉ុណ្ណានោះទេ ប្រសិនបើជីវិតគូបរាជ័យ មានបញ្ហាមិនលោះថ្ងៃនោះ សេចក្តីសុខផ្លូវចិត្ត កិត្តិយសនិងទំនុកចិត្តដែលជាកត្តាជំរុញភាពជោគជ័យនោះក៏បាត់បង់ដែរ៕
អត្ថបទដោយ៖ ពីង ជូអេង