កាលពីថ្មីៗនេះ យោងតាមការចុះផ្សាយដោយសារព័ត៌មាន THE NATION THILAND បានឱ្យដឹង ក្រុមហ៊ុនដឹកជញ្ជូនឆ្លងដែន១ របស់ថៃ គឺក្រុមហ៊ុន Euroasia Total Logistics (ETL) គ្រោងមកពង្រីកអាជីវកម្មនៅប្រទេសកម្ពុជានិងប្រទេសវៀតណាមផងដែរ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា នៅក្នុងគម្រោងពង្រីកអាជីវកម្មបន្ថែមនេះ ក្រុមហ៊ុន ETL ក៏នឹងធ្វើការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង IPO របស់ខ្លួនក្នុងតម្លៃ ១៨៧ រៀលក្នុងមួយភាគហ៊ុន។
លោក Lee បាននិយាយបន្តថា ចំពោះផែនការសម្រាប់គម្រោងបណ្តាក់ទុនរួមគ្នានៅក្នុងប្រទេសវៀតណាម និងកម្ពុជា គឺដើម្បីពង្រឹងទៅដល់បណ្តាញ ក៏ដូចជាចង់បង្កើនទ្រព្យសម្បត្តិបន្ថែមនិងបង្កើនចំនួនអតិថិជនផងដែរ។ ហើយនៅក្នុងនោះ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តក្នុងការស្វែងរកឱកាសអាជីវកម្មថ្មីៗក្នុងការដឹកជញ្ជូនតាមផ្លូវគោកក្នុងប្រទេសទាំង២នេះផងដែរ។
ជាមួយគ្នានោះដែរ ថ្មីៗនេះក្រុមហ៊ុន CP Group ក៏បានបង្ហាញគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប ។
ថ្លែងក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង លោក សែ ភីង (Tse Ping) អគ្គនាយរងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) បានជម្រាបជូន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីការរីកលូតលាស់របស់ក្រុមហ៊ុន CP Group ដែលមានអាយុកាលជាង ១០០ឆ្នាំ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងវិស័យធុរកិច្ច ហើយសព្វថ្ងៃក៏មានការវិនិយោគនៅក្នុងប្រទេសកម្ពុជាលើកសិដ្ឋានចិញ្ចឹមសត្វ និងអចលនទ្រព្យ ផងដែរ ។បន្ថែមលើនេះ លោកអនុប្រធានក្រុមប្រឹក្សាភិបាល CP Group ក៏បានជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប៕
អត្ថបទ៖ ធី ស្រីល័ក្ខ