១៧ឆ្នាំ នៃប្រតិបត្តិការរបស់ធនាគារ វីង ក្នុងប្រទេសកម្ពុជា៖ នវានុវត្តន៍ដែលរីកធំធាត់កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ជនជាតិខ្មែរ ដើម្បីខ្មែរ!
Daneth MechAUGUST 21 2025

វីង បានផ្តើមពី​សេវាកម្ម​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​ដ៏​សាមញ្ញ​មួយ បច្ចុប្បន្នបាន​វិវឌ្ឍ​ខ្លួនក្លាយ​ជា​ធនាគារ​ដែល​គ្រប់គ្រង​ប្រតិបត្តិការ​រាប់​សិប​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ ព្រម​ទាំង​បម្រើ​សេវាហិរញ្ញវត្ថុ​ជូន​ប្រជាជនកម្ពុជា​រាប់​លាន​នាក់​តាម​រយៈ​បណ្ដាញ​ភ្នាក់ងារ​ទូទាំងប្រទេស ហើយបានពង្រីកខ្លួនឥតឈប់ឈររហូតដល់មាន​ការ​ទទួល​ស្គាល់​ជា​សកល ដែល​សមិទ្ធផលនេះ​គឺ​ជា​មោទនភាព​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា។

កាលពី ១៧ ឆ្នាំមុន វីង បានចាប់ផ្ដើមដំណើររបស់ខ្លួនជាមួយនឹងការប្ដេជ្ញាចិត្តដ៏សាមញ្ញមួយ នោះគឺការផ្ដល់ជូនប្រជាជនកម្ពុជានូវសេវាផ្ទេរប្រាក់ដែលមានភាពងាយស្រួល សុវត្ថិភាពខ្ពស់ លឿនរហ័សទាន់ចិត្ត ហើយនៅមិនឆ្ងាយពីគេហដ្ឋាន។ ចាប់ផ្តើមដំណើរការក្នុងនាមជាប្រតិបត្តិករផ្ទេរប្រាក់តាមទូរសព្ទដៃដំបូងគេបង្អស់នៅកម្ពុជា ម៉ូឌែលអាជីវកម្មដែលដឹកនាំដោយភ្នាក់ងាររបស់វីង បាននាំយកសេវាកម្មហិរញ្ញវត្ថុទៅដល់ដៃប្រជាជនដោយផ្ទាល់ មិនថានៅតាមទីផ្សារ ក្នុងភូមិ ឬតំបន់រោងចក្រឡើយ សេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលរបស់ វីង ត្រូវបានប្រើប្រាស់​សឹងតែគ្រប់ទីកន្លែង ពោលគឺមុនពេលពាក្យ «ហិរញ្ញវត្ថុឌីជីថល» ក្លាយជាពាក្យដែលគេស្គាល់យ៉ាងទូលំទូលាយទៅទៀត។

ក្នុងឆ្នាំ ២០១១ វីង បានក្លាយជាក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិខ្មែរពេញលេញ ហើយជំរុញឱ្យមានការផ្លាស់ប្តូរថ្មីមួយ នោះគឺការផ្តោតលើភ្នាក់ងារធនាគារ និងធ្វើ​ប្រតិបត្តិការហិរញ្ញវត្ថុ​តាម​ទូរសព្ទដៃ ដែលប្រជាជនកម្ពុជាអាចប្រើ​ប្រាស់បានគ្រប់គ្នា។ សព្វថ្ងៃនេះ ធនាគារ វីង គឺជាធនាគារពាណិជ្ជរបស់ខ្មែរ ១០០% ដែលមានឈ្មោះផ្លូវការ ធនាគារ វីង (ខេមបូឌា) ម.ក ហើយថែមទាំងបានពង្រីកវិសាលភាពគ្រប់ដណ្តប់ទូទាំងប្រទេស ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ ដែលអាចធានា​ថាប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ។

Photo 2025 08 21 14 30 55

ពីការបម្រើសេវាហិរញ្ញវត្ថុតាមសហគមន៍ ក្លាយជាធនាគារពាណិជ្ជ

ភាពជោគជ័យដ៏ត្រចះត្រចង់របស់ វីង ក្នុងការផ្តល់សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស បានបង្ហាញឱ្យឃើញពីតម្រូវការជាក់ស្តែងនៃសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងងាយស្រួលប្រើប្រាស់។ ដោយមើលឃើញពីតម្រូវការនេះ វីង បានពង្រីកខ្លួនជាធនាគារឯកទេសក្នុងឆ្នាំ ២០១៤ ហើយក្រោយមកបានក្លាយជាធនាគារពាណិជ្ជពេញលេញក្នុងឆ្នាំ ២០២០ ដែលការវិវឌ្ឍខ្លួនជាបន្តបន្ទាប់នេះគឺជាការពង្រីកសមត្ថភាពដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុគ្រប់តម្រូវការជូនដល់អតិថិជន។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “វីង ចាប់ផ្តើមដំបូងដោយនាំយកសេវាហិរញ្ញវត្ថុទៅកៀកនឹងការរស់នៅរបស់ប្រជាជន មិនថានៅតាមភូមិ ឬផ្សារនោះឡើយ ពោលគឺបេសកកម្មរបស់យើងគឺផ្តល់នូវសេវាធនាគារដែលបម្រើប្រជាជនឋិតនៅកៀកនឹងលំនៅឋានពួកគាត់រស់នៅ។”

ការខិតខំប្រឹងប្រែងរបស់ វីង គឺលើសពីគោលដៅពង្រីកអាជីវកម្ម ពោលគឺជាការប្តេជ្ញាចិត្តមួយដើម្បីផ្តល់នូវសេវាធនាគារដែលប្រជាជនកម្ពុជាអាចប្រើប្រាស់បានគ្រប់គ្នា ក៏ដូចជាលើកកម្ពស់ចំណេះដឹង និងបរិយាបន្នហិរញ្ញវត្ថុបានកាន់តែប្រសើរ។

នវានុវត្តន៍ដែលនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន៖ ពីការផ្តួចផ្តើមសេវាហិរញ្ញវត្ថុតាមទូរសព្ទ ភ្នាក់ងារធនាគារ រហូតដល់ការលើកកម្ពស់សិទ្ធអំណាចស្ត្រី

តាមរយៈ​បណ្ដាញ​ភ្នាក់ងារគ្របដណ្ដប់នៅ​ទូទាំង​ប្រទេស មិនថា​នៅ​ទីប្រជុំជន និង​តំបន់​ជនបទ ធនាគារ វីង បាន​នាំ​យក​សេវាកម្ម​ធនាគារដ៏សាមញ្ញដែលប្រជាជនកម្ពុជាអាចប្រើប្រាស់បានគ្រប់ៗគ្នា​ មិនថាសហគមន៍នៅតំបន់​ដាច់​ស្រយាល​ក៏ដោយ។ គួរកត់សម្គាល់ផងដែរថា ៨០% នៃភ្នាក់ងារធនាគារ វីង ទាំងអស់ គឺដឹកនាំដោយស្រ្តី ហើយ​ភាគច្រើនពួកគាត់​ជា​ស្ត្រី​មេផ្ទះ​ ដែល​បាន​ក្លាយ​ជា​អ្នក​ផ្ដល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​អាចទុកចិត្តបាន​សម្រាប់​អ្នក​ជិតខាង​រស់នៅក្នុងសហគមន៍របស់ពួកគាត់។ ការផ្លាស់ប្តូរជាវិជ្ជមាននេះផ្តល់នូវ​អត្ថប្រយោជន៍​ពីរ​យ៉ាង​ដូចជា៖ ​ការ​លើកកម្ពស់សិទ្ធអំណាចដល់​ស្ត្រី​មេផ្ទះតាមរយៈ​ការ​ផ្ដល់​ឱកាស​បង្កើត​ប្រាក់​ចំណូល​ទ្រទ្រង់​គ្រួសារ និង​ការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុអាចទុកចិត្តបានដើម្បីបំពេញតម្រូវការនៅក្នុងសហគមន៍ដោយផ្ទាល់។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានលើកឡើងថា៖ ”ភ្នាក់ងាររបស់យើង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយជីវភាពសហគមន៍។ នៅពេលដែលស្ត្រីម្នាក់បើកអាជីវកម្មជាភ្នាក់ងារ វីង គាត់មិនគ្រាន់តែបង្កើតប្រាក់ចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកពង្រឹងសេដ្ឋកិច្ចនៅក្នុងសហគមន៍មូលដ្ឋានផងដែរ។” ។

មក​ទល់​បច្ចុប្បន្ន ធនាគារ វីង មាន​សាខា​​ជិត ៣០ ទីតាំង ដែល​គាំទ្រ​ដោយ​បណ្ដាញ​ភ្នាក់ងារ​វីង​ជាង ១២,០០០ កន្លែង និង​ភ្នាក់ងារ​វីង​ម៉ាស្ទ័រ​ជាង ១០០ កន្លែង​នៅ​ទូទាំង​ប្រទេសកម្ពុជា។ ដោយមាន​ការ​គាំទ្រ និង​ទំនុក​ចិត្ត​ពី​អតិថិជន ធនាគារ វីង កំពុង​គ្រប់គ្រង​ទំហំ​ប្រាក់​បញ្ញើ​ជិត ៣ ពាន់​លាន​ដុល្លារ​អាមេរិក និង​កំពុងបម្រើ​អតិថិជនជាង ៩.៥ លាន​គណនី។ លើស​ពី​នេះ​ទៀត អេប ធនាគារ​ វីង ផ្តល់ជូនសេវា​ធនាគារ និងហិរញ្ញវត្ថុជាង ១០០ ប្រភេទ ដែលអាច​ដោះស្រាយគ្រប់​តម្រូវការ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​របស់​អតិថិជន ហើយអាចធានាបានថាប្រតិបត្តិការ​ធនាគារ​មានភាពសាមញ្ញ ហើយ​អាច​ប្រើប្រាស់​បាន​គ្រប់ពេលវេលាដែលនេះសរបញ្ជាក់ឱ្យឃើញពីការ​រួម​បញ្ចូល​គ្នា​រវាង​បណ្ដាញ​ធនាគារ​ឌីជីថល និង​បណ្ដាញ​សាខា​ផ្ទាល់ អាច​ដំណើរការ​ទន្ទឹម​គ្នា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

Photo 2025 08 21 14 30 49

ឈ្នះពានរង្វាន់ ចំពោះការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត

ទិសដៅចម្បងរបស់ធនាគារ វីង គឺមានភាពច្បាស់លាស់គឺផ្តោតលើការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលប្រជាជនកម្ពុជាអាចប្រើប្រាស់បានគ្រប់គ្នា ក៏ដូចជាប្តេជ្ញាចិត្តលើកកម្ពស់ចំណេះដឹង និងបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍។ កត្តាអាទិភាពទាំងនេះហើយ បានជំរុញឱ្យមានការបង្កើតនូវផលិតផលជាច្រើនប្រភេទ ហើយ​ថែមទាំងមានការទទួលស្គាល់ជាសកល ក៏ដូចជាការគាំទ្រឥតងាករេពីអ្នកប្រើប្រាស់ប្រចាំថ្ងៃ។ខាងក្រោមនេះ គឺជាពានរង្វាន់ និងការទទួលស្គាល់មួយចំនួន ដែលធនាគារ វីង សម្រេចបានក្នុងរយៈពេលកន្លងមក៖

ធនាគារ វីង បាននាំមុខគេនៅក្នុងវិស័យហិរញ្ញវត្ថុ ដោយទទួលបានពានរង្វាន់ជាគ្រឹះស្ថានធនាគារដ៏លេចធ្លោនៅកម្ពុជា លើការទូទាត់មិនប្រើក្រដាសប្រាក់ និងការរួមចំណែកល្អបំផុតនៅក្នុងសង្គមឆ្នាំ ២០២៤ ប្រគល់ជូនដោយស្ថាប័នព័ត៌មានហិរញ្ញវត្ថុដ៏ល្បីល្បាញ CFI.co ដែលការទទួលស្គាល់នេះនឹងជួយពង្រឹងកិត្តិនាមធនាគារ វីង ឱ្យកាន់តែរឹងមាំលើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ក្នុងវិស័យធនាគារដែលជំរុញដោយបច្ចេកវិទ្យាដ៏ទំនើប។

ជាលទ្ធផលនៃការប្តេជ្ញាចិត្តឥតឈប់ឈរចំពោះនវានុវត្តន៍ឌីជីថល ធនាគារ វីង បានដាក់ឱ្យដំណើរការនូវ ម៉ាស្ទ័រកាត វ័នកាតដែលមានមុខងារឥណពន្ធ និងឥណទាន នៅក្នុងកាតតែមួយ។ ភាពលេចធ្លោនៃផលិតផលនេះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិកាលពីដើមឆ្នាំកន្លងទៅ ជាមួយនឹងការប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាពចំនួនបីប្រចាំឆ្នាំ២០២៤ពីក្រុមហ៊ុនម៉ាស្ទ័រកាតរួមមាន៖ ពានរង្វាន់ប្រតិបត្តិការកាតឥណពន្ធនាំមុខគេ ពានរង្វាន់ប្រតិបត្តិការឆ្លងដែននាំមុខគេ និងពានរង្វាន់នវានុវត្តន៍ឆ្នើម។

ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់របស់អតិថិជន មិនថាជាការចំណាយលើការព្យាបាលជំងឺ ថ្លៃសិក្សា ឬការពង្រីកអាជីវកម្មក្តី ធនាគារ វីង បានដាក់ឱ្យដំណើរការនូវសេវាកម្ចីឌីជីថល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្នើសុំកម្ចីដោយផ្ទាល់តាមអេប ធនាគារ វីង ដែលអតិថិជនមិនចាំបាច់ធ្វើដំណើរទៅកាន់សាខាដោយផ្ទាល់ និងការបំពេញឯកសារស្មុគស្មាញនោះឡើយ។

ជាមួយគ្នានេះ សម្រាប់អតិថិជនដែលមានផែនការហិរញ្ញវត្ថុសម្រាប់អនាគត ធនាគារ វីង ក៏បានបង្កើតមុខងារ «សន្សំដើម្បីគោលដៅ» (Save fora Goal) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដាក់ប្រាក់សន្សំបានគ្រប់ពេលវេលា រហូតដល់គ្រប់ចំនួនទឹកប្រាក់តាមគោលដៅចង់បាន។ បន្ថែមពីលើនេះ ធនាគារ វីង ក៏ជួយជំរុញគោលដៅហិរញ្ញវត្ថុរបស់អតិថិជនសម្រេចបានកាន់តែឆាប់រហ័ស ដោយផ្តល់នូវអត្រាការប្រាក់ប្រកួតប្រជែងលើប្រាក់សន្សំ។​ គំនិតច្នៃប្រឌិតលើសេវាកម្មហិរញ្ញវត្ថុទាំងពីរនេះ បាននាំមកនូវការទទួលស្គាល់ជាអន្តរជាតិពីទស្សនាវដ្តី Global Brand Magazine ក្នុងឆ្នាំ ២០២៥ ផងដែរ។

ថ្នាលឌីជីថល Wingagri ដែលជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីរបស់ធនាគារ វីង ទទួលបានពានរង្វាន់ «ស្ថាប័ន​ល្អបំផុតប្រចាំឆ្នាំ ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាលើកទី ១០ ប្រចាំឆ្នាំ ២០២៤។ តាមរយៈការជួយឱ្យប្រតិបត្តិការទូទាត់ដំណើរការទៅដោយរលូន ភាពងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផល និងការផ្សាភ្ជាប់រវាងអ្នកលក់ និងអ្នកទិញ Wingagri ជួយភ្ជាប់គម្លាតទាំងនេះបានកាន់តែប្រសើរនៅក្នុងវិស័យកសិកម្ម ដោយជួយឱ្យកសិករទទួលបាននូវឥណទានសមស្រប ការភ្ជាប់បណ្តាញទំនាក់ទំនងនៅក្នុងទីផ្សារ ព្រមទាំងជួយផ្តល់ដំណោះស្រាយវិភាគបែបទំនើបដើម្បីជាជំនួយស្មារតីសម្រាប់ប្រតិបត្តិការអាជីវកម្មក្នុងវិស័យកសិកម្មយ៉ាងមានប្រសិទ្ធភាពផងដែរ។

នៅឆ្នាំ ២០២៥ ធនាគារ វីង បាននាំមុខគេមួយជំហានទៀតក្នុងការធ្វើទំនើបកម្មវិស័យធនាគារនៅកម្ពុជា តាមរយៈការដាក់ឱ្យដំណើរការនូវសេវាកម្ម «ដកប្រាក់ឥតគិតថ្លៃ»។ នេះជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក ដែលអតិថិជនធនាគារ​ វីង ទាំងអស់អាចដកប្រាក់ពីគណនីធនាគារ វីង នៅតាមភ្នាក់ងារ វីង ឬម៉ាស៊ីន ATM ដោយមិនគិតសេវាបន្ថែមឡើយ ដែលនេះជាការវិវឌ្ឍថ្មីមួយសម្រាប់វិស័យធនាគារនៅកម្ពុជា។ តាមរយៈការលុបចោលទាំងស្រុងនូវការយកកម្រៃសេវាពីការដកប្រាក់របស់អតិថិជន ធនាគារ វីង បានជួយសម្រួលដល់អតិថិជនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេកាន់តែពេញលេញ ព្រមទាំងលើកទឹកចិត្តឱ្យមានការប្រើប្រាស់គណនីឌីជីថល និងកសាងទំនុកចិត្តផ្នែកហិរញ្ញវត្ថុកាន់តែរឹងមាំទៀតផង។

បណ្ឌិត ឌីមីត្រូ កូលេកកូ បានគូសបញ្ជាក់ថា៖ ”ការដាក់ឱ្យដំណើរការសេវាដកប្រាក់ឥតគិតថ្លៃ គឺការផ្តល់ជូនអតិថិជននូវការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់បានយ៉ាងពេញលេញ។ ។ ដរាបណាអតិថិជនមានលុយនៅក្នុងគណនីធនាគារ ពួកគាត់អាចដកយកប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់ចំណាយកម្រៃសេវាបន្ថែមនោះឡើយ។”

Photo 2025 08 21 14 39 51

កិច្ចសហប្រតិបត្តិការដែលនាំកម្ពុជាទៅកាន់ពិភពលោក

ធនាគារ វីង កំពុងបន្តពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់ជូនសេវាកម្មកាន់តែសម្បូរបែប, អត្ថប្រយោជន៍កាន់តែច្រើន, និងឱកាសកាន់តែទូលំទូលាយជូនដល់ប្រជាជនកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ ២០២៥ នេះ ធនាគារបានសម្រេចនូវកិច្ចសហការជាយុទ្ធសាស្ត្រធំៗជាច្រើន ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាផ្តល់នូវ​ឱកាសថ្មីៗបន្ថែមទៀតជូនដល់អតិថិជនរបស់ខ្លួនរួមមាន៖

កិច្ចសហប្រតិបត្តិការរវាងធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាយុទ្ធសាស្រ្ត លើការផ្តល់សេវាកម្មហិរញ្ញវត្ថុឆ្លងដែនសម្រាប់សហគ្រាសធុនតូច និងមធ្យម, ពាណិជ្ជករ, ក៏ដូចជាអតិថិជនទូទៅដែលមានតម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេសទាំងពីរ។

កិច្ចសហការរវាងធនាគារ វីង និងក្រុមហ៊ុនតូតាល់ អេនើជី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានរួមគ្នាដាក់ឱ្យដំណើរការនូវកម្មវិធីកម្ចីពិសេសមួយ ក្នុងគោលបំណងគាំទ្រផ្នែកហិរញ្ញវត្ថុដល់ដៃគូចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីនរបស់ក្រុមហ៊ុនតូតាល់ អេនើជី ដែលអាចមានលទ្ធភាពស្នើកម្ចីដល់ទៅ ៣លានដុល្លារអាមេរិក ក្នុងមួយគម្រោង សម្រាប់ការសាងសង់ កែលម្អហេដ្ឋារចនាសម្ព័ន្ធទីតាំង និងធ្វើទំនើបកម្មស្ថានីយសេវាកម្មនៅទូទាំងប្រទេស។

កិច្ចសហប្រតិបត្តិការរវាងធនាគារ វីង និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ៖ធនាគារ វីង បានប្រកាសពីភាពជាដៃគូជាផ្លូវការជាមួយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលចាប់ពីពេលនេះតទៅ អតិថិជនដែលប្រើប្រាស់ អេប ធនាគារ វីង អាចប្តូរ Wingpoints របស់ខ្លួនទៅ KrisFlyer miles។ កិច្ចសហការនេះ ផ្តល់ឱកាសឱ្យអ្នកដំណើរកម្ពុជាអាចធ្វើដំណើរទៅកាន់គោលដៅផ្សេងៗទូទាំងពិភពលោកបានកាន់តែងាយស្រួល និងទទួលបានអត្ថប្រយោជន៍ច្រើនជាងមុន។

កិច្ចសហប្រតិបត្តិការរវាងធនាគារ វីង និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥៖ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីដាក់ឱ្យដំណើរការនូវដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់រាល់ប្រតិបត្តិការទូទាត់ថ្លៃសេវាកំពង់ផែ, សេវាភស្តុភារ, និងការដឹកជញ្ជូនទំនិញសំដៅជួយសម្រួលដល់លំហូរពាណិជ្ជកម្ម ក៏ដូចជាពង្រឹងការធ្វើពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងតំបន់។ ។

កិច្ចសហប្រតិបត្តិការរវាងធនាគារ វីង និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥៖ ភាគីទាំងពីរបានចាប់ដៃគូជាយុទ្ធសាស្ត្រ ក្នុងគោលបំណងគាំទ្រដល់គ្រួសារ និងសិស្សានុសិស្ស តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ថ្លៃសិក្សាតាមឌីជីថល ការផ្តល់ជូនកញ្ចប់សេវាហិរញ្ញវត្ថុពិសេស និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្ស។ កិច្ចសហការនេះ នឹងរួមចំណែកធ្វើឱ្យការទទួលបានសេវាអប់រំប្រកបដោយគុណភាពខ្ពស់ កាន់តែមានភាពងាយស្រួលសម្រាប់សហគមន៍។

Photo 2025 08 21 14 31 06

លើសពីសេវាធនាគារ៖ ត្រួសត្រាយផ្លូវថ្មីសម្រាប់ពាណិជ្ជកម្ម និងជីវភាពរស់នៅ

ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះនវានុវត្តន៍ មានវិសាលភាពធំធេងលើសពីសេវាហិរញ្ញវត្ថុតាមបែបប្រពៃណី។ តាមរយៈការវិនិយោគក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក, កសិកម្ម, និងថ្នាលឌីជីថល ធនាគារ វីង កំពុងបង្កើតនូវដំណោះស្រាយថ្មីៗដើម្បីឱ្យអាជីវកម្ម និងសហគមន៍នៅទូទាំងប្រទេសកម្ពុជាអាចរីកចម្រើនលូតលាស់យ៉ាងរលូន។

Wingmall បានដាក់ឱ្យដំណើរការក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩​ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សាភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅកាន់សហគមន៍ ក្នុងអំឡុងពេលនៃការរឹតបន្តឹងការធ្វើដំណើរ។ នៅពេលដែលការរាំងស្ទះពាណិជ្ជកម្មនៅតាមព្រំដែនជាមួយប្រទេសថៃបានប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក Wingmall បានសម្រេចលុបចោលកម្រៃជើងសារ ក្នុងគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងធានាឱ្យលំហូរពាណិជ្ជកម្មក្នុងស្រុកអាចបន្តដំណើរការទៅមុខបាន។

Wingshop ឈរលើភាពជោគជ័យរបស់ Wingmall, Wingshop បានពង្រីកវិសាលភាពរបស់ខ្លួនទៅលើផលិតផលក្រៅពីម្ហូបអាហារ ព្រមទាំងធ្វើសមាហរណកម្មជាមួយអេប Taobao។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់ជូនអតិថិជនកម្ពុជានូវបទពិសោធន៍ទិញទំនិញអនឡាញកាន់តែឆាប់រហ័ស, ងាយស្រួល, និងមានតម្លៃសមរម្យជាងមុន។

WingAgri និង WingMarket ថ្នាលឌីជីថលទាំងនេះ ជួយពង្រឹងសមត្ថភាពកសិករ និងអ្នកចែកចាយ តាមរយៈការផ្តល់លទ្ធភាពឱ្យពួកគេទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់, សេវាដឹកជញ្ចូន, ក៏ដូចជាភាពងាយស្រួលគ្រប់គ្រងជាមួយប្រព័ន្ធទូទាត់ឌីជីថល។ តាមរយៈការធ្វើទំនើបកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់កសិកម្មតាមប្រព័ន្ធឌីជីថល ធនាគារ វីង កំពុងរួមចំណែករក្សាតម្លៃស្របតាមបរិការណ៍សេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាជំរុញកំណើនប្រកបដោយនិរន្តរភាព។

គំនិតផ្តួចផ្តើមទាំងអស់នេះ បង្ហាញពីចក្ខុវិស័យរបស់ធនាគារ វីង ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ដើម្បីជំរុញវឌ្ឍនភាពជាតិ ពង្រឹងការអភិវឌ្ឍក្នុងសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។

Photo 2025 08 20 13 28 48

Photo 2025 08 21 14 30 59

ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះសហគមន៍

ធនាគារ វីង តែងតែប្រកាន់ខ្ជាប់នូវទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយសហគមន៍។ តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គម ធនាគារ វីង បានបង្កើតគំនិតផ្តួចផ្តើមជាវិជ្ជមានដល់ប្រជាជនរាប់ពាន់នាក់ ដោយផ្តោតលើវិស័យអាទិភាពដូចជា៖ សហគ្រិនភាព, ការអប់រំ, បរិស្ថាន, សុខភាព, និងការងារមនុស្សធម៌។

សហគ្រិនភាព និងនវានុវត្តន៍៖ ធនាគារ វីង គឺជាដៃគូគាំទ្រដ៏រឹងមាំនៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ធុរកិច្ចថ្មីដែលប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ចាប់តាំងពីឆ្នាំ២០២០មក ធនាគារបានគាំទ្រដល់កម្មវិធីធំៗជាច្រើនដូចជា៖ កម្មវិធីនវានុវត្តន៍បញ្រ្ចាស (ចាប់ពីរដូវកាលទី ១ ដល់ទី ៤), កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល ២០២១, កម្មវិធី Turning Hackathon រដូវកាលទី៦, ដំណើរទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធធុរកិច្ចថ្មីនៅប្រទេសវៀតណាម និង កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី ១រដូវកាលទី ២ និង រដូវកាលទី ៤ ជា​ដើម។ សរុបជារួម កម្មវិធីទាំងអស់នេះបានគាំទ្រដល់ធុរកិច្ចថ្មី ចំនួន ១៦០អាជីវកម្ម និងបានរួមចំណែកបង្កើតឱកាសការងារថ្មីៗជាង ២,០០០កន្លែង។

Photo 2025 08 20 13 28 50

ការអប់រំ និងការអភិវឌ្ឍយុវជន៖ ធនាគារ វីង បានចូលរួមគាំទ្រវិស័យអប់រំ តាមរយៈការឧបត្ថម្ភថវិកាចំនួន ៧២,៨០៧ ដុល្លារអាមេរិក ដល់កម្មវិធីអប់រំ STEM សម្រាប់សិស្សនារីវ័យក្មេងរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលកំពុងសិក្សានៅសាលាTomorrow Academy។ គំនិតផ្តួចផ្តើមនេះ បានផ្តល់ការគាំទ្រយ៉ាងពេញលេញដល់សិស្សានុសិស្សចំនួន ១៣៨នាក់ ក្នុងនោះមានសិស្សនារីវ័យក្មេងចំនួន ៨៨នាក់ តាមរយៈការផ្តល់ការប្រឹក្សានិងតម្រង់ទិស, ឱកាសកម្មសិក្សា, និងការសិក្សាដោយផ្ទាល់នៅក្នុងថ្នាក់ ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អ្នកដឹកនាំរបស់កម្ពុជានាពេលអនាគត។

ការចូលរួមចំណែកផ្នែកបរិស្ថាន៖ ក្នុងឱកាសប្រារព្ធរុក្ខទិវា បុគ្គលិកធនាគារ វីង ជាង ៣០០នាក់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមដាំដើមឈើ និងកែលម្អសោភ័ណភាពទីធ្លាសាលារៀន។ ទន្ទឹមនឹងនេះ ធនាគារ វីង ក៏បានឧបត្ថម្ភថវិកាប្រមាណ ៨,០០០ ដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅសាលាបឋមសិក្សាក្នុងមូលដ្ឋាននោះផងដែរ។ សកម្មភាពទាំងនេះ សបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះការលើកកម្ពស់និរន្តរភាពបរិស្ថាន។

ការចូលរួមចំណែកក្នុងវិស័យសុខាភិបាល៖ ចាប់តាំងពីឆ្នាំ២០២០មក ធនាគារ វីង បានក្លាយជាដៃគូគាំទ្រដ៏យូរអង្វែងរបស់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការបន្តផ្តល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដើម្បីធានាថា កុមារកម្ពុជាដែលងាយរងគ្រោះទទួលបានការព្យាបាលប្រកបដោយគុណភាព និងឥតគិតថ្លៃ។

ការគាំទ្រផ្នែកមនុស្សធម៌៖ ដើម្បីចូលរួមជួយសម្រាលទុក្ខលំបាកប្រជាជននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ធនាគារ វីង រួមជាមួយសមាជិកផ្សេងទៀតនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានរួមគ្នាផ្តល់ជំនួយសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅដោយបង្ខំនៅក្នុងខេត្តព្រះវិហារ។

Photo 2025 08 21 14 30 52

Photo 2025 08 21 14 39 45

បណ្ឌិត ឌីមីត្រូ កូលេកកូ បានបន្ថែមថា៖ ” ភាពជោគជ័យរបស់យើងមិនគ្រាន់តែវាស់វែងតាមរយៈលទ្ធផលកំណើនអាជីវកម្មនោះឡើយ ប៉ុន្តែគំនិតផ្តួចផ្តើម​ដែលនាំមកនូវផលវិជ្ជមានសម្រាប់ការរស់របស់ប្រជាជនក្នុងសហគមន៍ ក៏ជាផ្នែកមួយនៃតម្លៃស្នូលរបស់យើងផងដែរ។”

ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការអភិវឌ្ឍសហគមន៍ ត្រូវបានទទួលស្គាល់ជាបន្តបន្ទាប់ក្នុងកម្រិតថ្នាក់ជាតិ។ ការទទួលស្គាល់ទាំងនេះ មិនមែនជាគោលដៅចម្បងនោះទេ ប៉ុន្តែជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីគុណតម្លៃស្នូលរបស់ធនាគារ វីង។ ជាក់ស្តែង ធនាគារ វីង បានទទួលពានរង្វាន់ធំៗចំនួនពីររួមមាន៖

  • ពានរង្វាន់បរិយាបន្នឌីជីថល (Digital Inclusion Award) ត្រូវបានផ្តល់ចំពោះកិច្ចសហការដ៏មានឥទ្ធិពល និងយូរអង្វែងជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ តាំងពីឆ្នាំ២០២០មក ក្នុងការគាំទ្រដល់នវានុវត្តន៍ និងសហគ្រិនភាពនៅកម្ពុជា។
  • ពានរង្វាន់លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy Award) ត្រូវបានផ្តល់សម្រាប់កិច្ចសហការជាមួយ “អេបកត់លុយលើកម្មវិធី «យុវជន និងហិរញ្ញវត្ថុ» កាលពីខែតុលា ឆ្នាំ២០២៤។

១៧ឆ្នាំ និងដំណើរឆ្ពោះទៅអនាគត

ក្នុងរយៈពេល ១៧ឆ្នាំកន្លងមកនេះ ធនាគារ វីង នៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួនឥតងាករ នោះគឺការនាំយកសេវាកម្មហិរញ្ញវត្ថុទៅដល់ប្រជាពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែង។ ប៉ុន្តែពេលនេះ បេសកកម្មនោះត្រូវបានគាំទ្រដោយសក្តានុពលពេញលេញនៃធនាគារពាណិជ្ជ, បណ្តាញភ្នាក់ងារដែលដឹកនាំដោយស្ត្រី, ផលិតផលឌីជីថលប្រកបដោយនវានុវត្តន៍ដែលទទួលបានពានរង្វាន់, និងភាពជាដៃគូយុទ្ធសាស្ត្រដែលជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់។ ហើយការប្តេជ្ញាចិត្តនៅតែបន្តអនុវត្តយ៉ាងជាប់លាប់រហូតមកនោះគឺ៖ ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ហើយងាយស្រួល ដែលប្រជាជនកម្ពុជាអាចប្រើប្រាស់បានគ្រប់គ្នា។

ពីសេវាកម្មផ្ទេរប្រាក់ដ៏តូចមួយនៅតាមសហគមន៍ ក្លាយទៅជាធនាគារពាណិជ្ជដែលមានចក្ខុវិស័យជាសកល ដំណើរដ៏វែងឆ្ងាយរបស់ធនាគារ វីង គឺជាសក្ខីភាពនៃការប្រកាន់ភ្ជាប់ចក្ខុវិស័យដ៏ច្បាស់លាស់ ការផ្តោតលើភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តដ៏មោះមុត។ នេះគឺជារឿងរ៉ាវដែលបង្ហាញពីក្រុមហ៊ុនដែលរីកធំធាត់ក្នុងស្រុក ហើយបន្តពង្រីកខ្លួនឥតឈប់ឈរក្លាយជាស្ថាប័នសកល ដើម្បីនាំមកនូវផលវិជ្ជមានយូរអង្វែងសម្រាប់សហគមន៍។

ស្របពេលដែលធនាគារ វីង ឈានចូលឆ្នាំទី១៨ ការប្តេជ្ញាចិត្តមិនប្រែប្រួលឡើយ ពោលគឺការជួយឱ្យប្រជាជនកម្ពុជាទទួលបាននូវមធ្យោបាយ, ចំណេះដឹង, និងឱកាសដែលពួកគេត្រូវការដើម្បីរីកលូតលាស់។

បណ្ឌិត ឌីមីត្រូ កូលេកកូ បានបន្ថែមទៀតថា៖ ”ដ្បិតយើងបានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយ  ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ អនាគតគឺឋិតលើការរិះរកនូវការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ហើយធនាគារ វីង នឹងបន្តប្តេជ្ញាចិត្តឥតងាករេក្នុងការបង្កើតដំណោះស្រាយឌីជីថលថ្មីៗបន្ថែមទៀតដើម្បីគាំទ្រភាពរីកចម្រើនរបស់កម្ពុជា។”

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia