ក្រោយពីការជាប់ឆ្នោតរបស់លោក Donald Trump ក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។ លោក Xi Jinping ដែលជាប្រធានាធិបតីប្រទេសចិន បានផ្ញើរសារសម្តែងនូវការអបអរសាទរចំពោះជ័យជំនះរបស់លោក Donald Trump ផងដែរ ខណៈដែលលោកត្រៀមឡើងកាន់តំណែងប្រធានាធិបតីនៅ ខែមករា ឆ្នាំ២០២៥ ខាងមុខ។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា នៅក្នុង "សារអបអរសាទរ" ទៅកាន់លោក Trump លោក Xi "បានចង្អុលបង្ហាញថាប្រវត្តិសាស្រ្តបានបង្ហាញថាប្រទេសចិន និងសហរដ្ឋអាមេរិកទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ និងទទួលរងពីការប្រឈមមុខគ្នា" ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក Xi បាននិយាយថា "ទំនាក់ទំនងចិន-អាមេរិកដែលមានស្ថិរភាព និងនិរន្តរភាពល្អ គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ហើយស្របតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ"។ នៅក្នុងសារដំបូងរបស់លោកទៅកាន់លោក Trump មេដឹកនាំចិនបាននិយាយថា លោកសង្ឃឹមថា ភាគីទាំងពីរនឹងប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ប្រធានាធិបតីចិនរូបនេះ ក៏បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ពង្រឹងការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ ពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងស្វែងរកមធ្យោបាយត្រឹមត្រូវសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងការរួមគ្នាក្នុងយុគសម័យថ្មីនេះ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោក"។
ជាមួយគ្នានេះ ក្រសួងការបរទេសចិនបានសរសើរចំពោះជ័យជម្នះរបស់លោក Trump ដោយបាននិយាយថា "យើងគោរពជម្រើសរបស់ប្រជាជនអាមេរិក និងអបអរសាទរចំពោះលោក Trump ដែលបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក"។
គួររំលឹកផងដែរថា កាលពីលោកJoe Biden ជាប់ជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតកាលឆ្នាំ២០២០ ប្រទេសចិនគឺមិនបានផ្ញើរសារអបអរក្នុងជ័យជំនះរបស់លោកនោះឡើយ៕