ក្រសួងសេដ្ឋកិច្ចចេញលម្អិតទាក់ទងការលើកលែងពន្ធប្រថាប់ត្រាលើការទិញ-លក់លំនៅឋាន
Bunthoeun KoemJANUARY 2 2025324 views

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណជន អំពីការ លើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer)។

 

ការលើកលែងពន្ធខាងលើធ្វើឡើងដោយ អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋាន ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានលក្ខណៈជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងជួយដល់វិស័យអចលនទ្រព្យ បន្ថែមទៀត។ ដោយការលើកលែងពន្ធនេះបានដូចខាងក្រោម៖

 

ក. ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ មុនឆ្នាំ២០២៥ ហើយធ្វើការ ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូងនៅរដ្ឋបាលសារពើពន្ធក្នុងឆ្នាំ២០២៥ ត្រូវទទួលបាន ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមាន តម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារអាមេរិក, និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស ២១ ម៉ឺនដុល្លារ អាមេរិក ដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ២១ ម៉ឺនដុល្លារអាមេរិក។ ការលើកលែង និងអនុគ្រោះពន្ធនេះ សម្រាប់លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួល បានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ចំនួន ៧ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះ ត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥។

 

ខ. ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ក្នុងឆ្នាំ២០២៥ ដែលមិនទាន់ ទទួលបានការលើកលែងនិងអនុគ្រោះពន្ធដូចក្នុងចំណុច (ក) ត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ ២១ ម៉ឺនដុល្លារ អាមេរិក, និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស ២១ ម៉ឺនដុល្លារអាមេរិក ដោយអនុញ្ញាតឱ្យដក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំនួន ២១ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះ សម្រាប់ លំនៅឋានតែមួយប៉ុណ្ណោះ។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់ត្រូវទទួលបានការអនុញ្ញាតឱ្យដកចេញ ពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន ៧ ម៉ឺនដុល្លារអាមេរិក។ ការលើកលែងនិងអនុគ្រោះពន្ធនេះ ត្រូវអនុវត្តនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាននោះ។

 

គ. ការទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ដូចមានចែងក្នុងចំណុច (ក) និង (ខ) ត្រូវទិញពីក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋានដែលបានចុះបញ្ជីនៅនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ឬនៅមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្ត ទោះបីជានៅលើបណ្ណកម្មសិទ្ធិជាឈ្មោះក្រុមហ៊ុន ឬឈ្មោះរូបវន្តបុគ្គលដែលជាម្ចាស់គម្រោងឬ ជាអ្នកតំណាងក្រុមហ៊ុនឬម្ចាស់គម្រោងក៏ដោយ និង

 

ឃ. ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារ ជាក់ស្តែង និងត្រូវបញ្ជូនកិច្ចសន្យាទិញ-លក់ មករដ្ឋបាលសារពើពន្ធមុន ឬនៅពេលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់លំនៅឋាន។

 

ចំពោះការទិញលំនៅឋានដូចខាងលើ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលពុំមានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍ លំនៅឋានដែលម្ចាស់គម្រោងមានបញ្ហា ឬក្ស័យធន ហើយត្រូវបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានតាម រយៈយន្តការដោះស្រាយរបស់ក្រសួង ឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវបានទទួលការលើកលែងនិងការអនុគ្រោះពន្ធ ប្រថាប់ត្រាដូចខាងលើនេះដែរ។

 

ការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាខាងលើ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្ម រដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ៕ 

 

Photo 2024 12 31 16 59 31

 

Photo 2024 12 31 16 59 16

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia