មហាសេដ្ឋី Warren Buffett បានផ្តល់ប្រាក់ចំនួន ៣.៥ពាន់លានដុល្លារបន្ថែមដល់មូលនិធិ Bill & Melinda Gates ក្នុងសប្តាហ៍នេះ ខណៈលោកធ្លាប់បានបរិច្ចាគលុយសរុបលើស ៥០ពាន់លានដុល្លារដល់អង្កាមនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Daily Mail នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
អ្នកជំនួញចាស់វស្សា តារាវិនិយោគដ៏ល្បីល្បាញ Warren Buffett បានផ្តល់ប្រាក់ចំនួន ៣.៥ពាន់លានដុល្លារបន្ថែមដល់មូលនិធិ Bill & Melinda Gates ក៏ដូចជាឧបត្ថម្ភលុយរាប់លានដុល្លារបន្ថែមដល់មូលនិធិចំនួន៤ ទៀត ដែលបានភ្ជាប់ទំនាក់ទំនងទៅនឹងគ្រួសាររបស់គាត់។ ការបរិច្ចាគនេះត្រូវបានធ្វើឡើងដោយការប្រគល់ភាគហ៊ុនរាប់លាននៃក្រុមហ៊ុនវិនិយោគ Berkshire Hathaway ផ្ទាល់តែម្តង។
លោក Warren Buffett បានបញ្ជាក់ថា ទោះបីជាខ្លួនអាចប្រមូលលុយបានច្រើនសន្ធឹកសន្ធាប់បែបនេះក្តី ក៏លោកនឹងទុកទ្រព្យសម្បត្តិមួយចំនួនធំសម្រាប់ការងារមនុស្សធម៌នៅពេលអស់ជីវិតលើផែនដីនេះ។ លោកបានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា៖ «ឆន្ទៈរបស់ខ្ញុំនឹងផ្តល់ឲ្យជាង៩៩% នៃទ្រព្យសម្បត្តិដែលខ្ញុំមានសម្រាប់ការប្រើប្រាស់លើការងារមនុស្សធម៌»។
គួរជម្រាបផងដែរថា លោក Warren Buffett បានក្លាយជាអ្នកទទួលខុសត្រូវនៃមូលនិធិ Bill & Melinda Gates តាំងពីឆ្នាំ២០១៦ ដោយបានជួយបង្កើតចក្ខុវិស័យ និងយុទ្ធសាស្ត្រដ៏មានមហិច្ឆតារបស់មូលនិធិដើម្បីដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមួយចំនួនរបស់ពិភពលោក។ លោក Mark Suzman នាយកប្រតិបត្តិមូលនិធិ Bill & Melinda Gates បាននិយាយថា៖ «ឥទ្ធិពលនៃចិត្តសប្បុរសដ៏ថ្លៃថ្លារបស់លោក Warren Buffett ពុំមានអ្វីកាត់ថ្លៃបានឡើយ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)