ក្រុមហ៊ុន Wanli Stone ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសចិន ដែលបច្ចុប្បន្នបាននិងកំពុងប្រកបអាជីវកម្មថ្មម៉ាប ឬថ្មក្រានីត នៅក្នុងខេត្ដកំពង់ បានបញ្ជាក់ខ្លួននឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់ខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រតិភូក្រុមហ៊ុន Wanli Stone ដឹកនាំដោយលោក Zou Peng កាលពីរសៀលថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។
សូមជម្រាបផងដែរ កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Golden Port SEZ Development Co., Ltd. ដែលជាក្រុមហ៊ុនធំមួយមានមូលដ្ឋាននៅក្នុងប្រទេសចិន ក៏មានគម្រោងបោះទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅក្នុងខេត្ដព្រះសីហនុនៅលើផ្ទៃដីប្រមាណជាង ២០០ ហិកតា ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវល្បឿនលឿន។
ក្រៅពីនោះក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ក៏មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅលើផ្ទៃដីប្រមាណ ១៤០ ហិកតានៅក្នុងខេពោធិ៍សាត់ផងដែរ។ ដោយទីតាំងវិនិយោគតំបន់សេដ្ឋកិច្ចថ្មីនេះគឺស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់៕