កាសែតវៀតណាម VN Express នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បានចុះផ្សាយថា សាកលវិទ្យាល័យធំៗចំនួន៥ ក្នុងចំណាម៦ នៅប្រទេសវៀតណាមបានចូលក្នុងតារាចំណាត់ថ្នាក់ QS World University Rankings 2025 ជាសាកលវិទ្យាល័យលំដាប់សកលលោក ដែលវាយតម្លៃដោយអង្គការចក្រភពអង់គ្លេស Quacquarelli Symonds។
ក្នុងនោះសាកលវិទ្យាល័យធំ៥របស់វៀតណាម ដែលបានជាប់ចំណាត់តារាងរួមមាន សាកលវិទ្យាល័យ Duy Tan ក្នុងទីក្រុង Da Nang ,សាកលវិទ្យាល័យ Ton Duc Thang នៅទីក្រុងហូជីមិញ សាកលវិទ្យាល័យ Vietnam National នាទីក្រុងហាណូយ, សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ ព្រមទាំងសាកលវិទ្យាល័យ Hue។
យ៉ាងណាមិញនេះជាលើកដំបូងរបស់វៀតណាមមិនធ្លាប់មាន ដែលទទួលបានពិន្ទុល្អនិងបានចូលទៅក្នុងតារាងដែលមានសាកលវិទ្យាល័យជាង១៥០០កន្លែងមកពីជុំវិញពិភពលោកប្រកួតប្រជែងគ្នា ខណៈសហរដ្ឋអាមេរិកមានគ្រឹះស្ថានឧត្តមសិក្សាល្អច្រើនជាងគេរហូតដល់១៩៧សាកលវិទ្យាល័យ ហើយចក្រភពអង់គ្លេសមានសាកលវិទ្យាល័យល្អជាងគេចំនួន៩០កន្លែង និងប្រទេសចិនមានចំនួន៧១កន្លែង។
គួររំលឹកផងដែរថាការវាយតម្លៃគ្រឹះស្ថានសិក្សានិងប្រព័ន្ធអប់រំលំដាប់សកលលោកល្អបំផុត ១៣ឆ្នាំជាប់គ្នាៗមកនេះ សាកលវិទ្យាល័យបច្ចេកវិទ្យាអាមេរិក Massachusetts (MIT) នៅតែជារក្សាខ្លួនលេខ១ជានិច្ច ដែលតាមពីក្រោយលេខ២ដោយសាកលវិទ្យាល័យ Imperial College London, ដោយចំណាត់ថ្នាក់លេខ៣គឺសាកលវិទ្យាល័យអង់គ្លេស Oxford និងសាកលវិទ្យាល័យល្បីឈ្មោះរបស់អាមេរិកគឺ Harvard ស្ថិតនៅលំដាប់ទីលេខ៤ ហើយសាកលវិទ្យាល័យអង់គ្លេស Cambridge ស្ថិតនៅចំណាត់ថ្នាក់លេខ៥៕
អត្ថបទដោយ៖ ពីង ជូអេង