វៀតណាមធ្លាក់ចុះតម្លៃស្រូវអង្គរ សម្រាប់ការនាំចេញ ទៅកាន់ទីផ្សារធំបំផុត២ ព្រោះមូលហេតុ១នេះ
Ping Chou EngJANUARY 14 202534 views

ប្រទេសវៀតណាមកំពុងជួបបញ្ហាធ្លាក់ចុះតម្លៃស្រូវអង្ករ​សម្រាប់ការនាំចេញ ព្រោះទីផ្សារសំខាន់ៗពីរ ដែលមានហ្វីលីពីននិងឥណ្ឌូនេស៊ី បានបង្កើនការនាំចូលស្រូវ​និងស្តុកទុកស្រូវកាលពីឆ្នាំ២០២៤។

 

ដូច្នេះបច្ចុប្បន្ននេះគេ​មិន​ប្រញាប់​ ក្នុងការទិញ​ស្រូវអង្ករពី​វៀតណាម​ទេនិង​កំពុង​រង់ចាំឱ្យ​តម្លៃ​ធ្លាក់ចុះ​បន្ថែម​ទៀត ស្របពេលដែលមានការប្រកួតប្រជែងទីផ្សារតម្លៃអង្ករថោកៗពីប្រទេសឥណ្ឌា។

 

ទីភ្នាក់ងារសារព័ត៌មាន VN Express បានចុះផ្សាយនៅថ្ងៃទី១២​ ខែមករា ឆ្នាំ២០២៥ ថាការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃនាំចេញអង្កររបស់វៀតណាមគឺបណ្តាលមកពីកត្តារួមផ្សំជាច្រើន រួមទាំងប្រទេសដែលនាំចូលអង្ករធំៗ ដោយបានប្រកាន់គោលនយោបាយកាត់បន្ថយការនាំចូល ជៀសវាងការទិញក្នុងតម្លៃខ្ពស់ និងមានខ្លះទៀតបានប្រកាស អំពីផែនការបញ្ឈប់ការនាំចូលអង្ករនៅឆ្នាំ២០២៥ផងដែរ។ 

 

យោង​តាម​សមាគម​ស្បៀង​អាហារ​វៀតណាម​បាន​ឲ្យ​ដឹង​ថា តម្លៃ​អង្ករ​បាក់​របស់​វៀតណាម បច្ចុប្ប​ន្នគឺទាប​ជាង​ប្រទេស​ដៃគូ​ប្រកួតប្រជែង​ធំៗ​ដូច​ជា ថៃ ឥណ្ឌានិង​ប៉ាគីស្ថាន ក្នុង​តម្លៃមួយ​តោនៗ។ ក្នុងនោះតម្លៃអង្ករបាក់ ៥% របស់វៀតណាមបានធ្លាក់ចុះមកនៅត្រឹម៤៣៤ដុល្លារក្នុងមួយតោន ខណៈនេះជាតម្លៃទាបបំផុត នារយៈពេល៤ឆ្នាំចុងក្រោយ

 

យ៉ាងណាមិញនាពេលថ្មីៗនេះឥណ្ឌាក៏បានបន្តការនាំចេញអង្ករ គួបផ្សំនឹងការផ្គត់ផ្គង់ដ៏សម្បូរបែប និងតម្លៃប្រកួតប្រជែង ដែលវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារពិភពលោក រួមទាំងវៀតណាមផងដែរ។ បន្ថែមពីនោះក៏មានរបាយការណ៍​បាន​បង្ហាញ​ថា ហ្វីលីពីន​កំពុង​ចរចា​លើ​កិច្ច​សន្យា​នាំ​ចូល​អង្ករ​បន្ថែម​ពី​ភាគីឥណ្ឌា។

 

សូមជម្រាបផងដែរក្រៅ​ពីឥណ្ឌា ក៏មានប្រទេស​ផ្សេង​ទៀត​ដូច​ជា​អេហ្ស៊ីប ហ្គីយ៉ាណា ជប៉ុន និង​វ៉េណេស៊ុយអេឡាក៏​កំពុង​រួម​ចំណែក​ក្នុង​ការ​បង្កើន​ផលិត​កម្ម​ផង​ដែរ។ ទន្ទឹមនឹងនេះដើម្បីរក្សានិងពង្រីកចំណែកទីផ្សារ បណ្តាប្រទេសដែលនាំចេញអង្ករនឹងត្រូវអនុវត្តយុទ្ធសាស្ត្រ ​ចូលទៅកាន់ទីផ្សារដែលអាចបត់បែនបាន ផ្តោតលើការកែលម្អគុណភាពផលិតផល និងស្វែងរកទីផ្សារថ្មីៗជាបន្តប​ន្ទាប់៕ 

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia