ក្រុមហ៊ុន ULS សូមណែនាំ បណ្ណាគារ TSUTAYA (ប្រទេសជប៉ុន) មកកាន់ប្រទេសកម្ពុជា
Daneth MechMAY 28 2024

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ខែឧសភា ឆ្នាំ 2024៖  ក្រុមហ៊ុន Urban Living Solutions Co., Ltd. (ហៅកាត់ថា ULS) និងក្រុមហ៊ុន TSUTAYA BOOKS Malaysia Sdn. Bhd. (ហៅកាត់ថា TBM) មានសេចក្ដីរំភើបរីករាយក្នុងការប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រអាជីវកម្ម ក្នុងគោលបំណងនាំយកនូវបទពិសោធន៍ដ៏ល្អឯករបស់បណ្ណាគារ TSUTAYA (TBS) មកកាន់ប្រទេសកម្ពុជា។ កិច្ចសហការដ៏វិសេសវិសាលនេះ សន្យាផ្តល់ជូនប្រជាជនកម្ពុជានូវទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែប និងគោលដៅនៃរបៀបរស់នៅដ៏ប្រណិតមួយ។

Photo 2024 05 28 10 15 36

(រូបពីឆ្វេងមកស្ដាំ) លោក Hideyuki Uemoto នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tsutaya Books Malaysia Sdn. Bhd. (ហៅកាត់ TBM)។ លោក គាន គឹមលាង ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Urban Living Solutions (ហៅកាត់ ULS)

បណ្ណាគារ TSUTAYA ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ 1983 តែងតែខិតខំឥតឈប់ឈរដើម្បីសម្រេចនូវគោលបំណងរបស់ខ្លួនឱ្យលើសពីបណ្ណាគារធម្មតា។ ចាប់តាំងពីការចាប់ផ្តើមដំបូងមក គោលបំណងចម្បងរបស់ពួកគេគឺបង្កើតឡើងមិនមែនត្រឹមតែជាទីកន្លែងលក់សៀវភៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅដែលអាចស្វែងយល់ពីរបៀបរស់នៅតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដែលត្រូវបានរៀបចំឡើងដោយយកចិត្តទុកដាក់។

ជាលទ្ធផល បណ្ណាគារ TSUTAYA ដំបូងគេនៅទីក្រុងអូសាកា បានក្លាយជាគំរូបណ្ណាគារមួយ ដែលដើរស្របតាមចក្ខុវិស័យនេះ ដោយផ្តល់ជូននូវជម្រើសសៀវភៅពិសេសប្លែកដ៏សម្បូរបែប ហាងកាហ្វេដ៏សែនមនោរម្យ និងសេវាកម្មជួលស៊ីឌី ដែលជាវិធីសាស្រ្តដ៏ច្នៃប្រឌិត ត្រួសត្រាយផ្លូវសម្រាប់ការកំណត់អត្តសញ្ញាណដ៏គួរឱ្យស្ញប់ស្ញែងរបស់បណ្ណាគារ TSUTAYA។ បច្ចុប្បន្ននេះ បណ្ណាគារ TSUTAYA បានពង្រីកវិសាលភាពរបស់ខ្លួនដោយមានហាងជាង 800 នៅទូទាំងប្រទេសជប៉ុន ចិន តៃវ៉ាន់ និងម៉ាឡេស៊ី ហើយក្រុមហ៊ុន TBM ប្តេជ្ញាពង្រីកវត្តមានរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយនាំយកនូវម៉ាកល្បីៗ ចំណេះដឹងឥតដែនកំណត់ និងបទពិសោធន៍នៃរបៀបរស់នៅដ៏ល្អឥតខ្ចោះរបស់ខ្លួនទៅកាន់ទីផ្សារ និងអតិថិជនថ្មីៗបន្ថែមទៀត។

Photo 2024 05 28 10 15 44

បណ្ណាគារ Tsutaya ក្នុងផ្សារទំនើប Takamatsu Orne

បន្ថែមពីលើការប្រមូលផ្ដុំដ៏ទូលំទូលាយរបស់បណ្ណាគារ មានទីតាំងជាច្រើនដែលផ្តល់ជូននូវហាងកាហ្វេ និងកន្លែងអង្គុយដ៏កក់ក្តៅ បង្កើតជាបរិយាកាសឱ្យអតិថិជនអាចសម្រាកលំហែកាយ ភ្លក់រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងរីករាយប្រើប្រាស់របស់របរដែលពួកគេបានទិញ ប្រកបដោយផាសុកភាព។ ម្យ៉ាងវិញទៀត អ្វីដែលធ្វើឱ្យបណ្ណាគារ TSUTAYA មានភាពខុសប្លែកគឺភាពល្អឥតខ្ចោះ និងភាពច្នៃ​ប្រឌិតពិសេស​របស់​បណ្ណាគារនេះ។ រាល់ទីតាំងនីមួយៗរបស់បណ្ណាគារ មានគោលគំនិតរចនា និងអត្តសញ្ញាណប្លែកៗរៀងៗខ្លួន ដែលធានាថាមិនមានហាងពីរមានលក្ខណៈដូចគ្នានោះទេ។ ចំណុចពិសេសនេះ បង្កើតឱ្យមានការទន្ទឹងរង់ចាំដ៏អស្ចារ្យសម្រាប់ការមកដល់របស់បណ្ណាគារ TSUTAYA នៅកម្ពុជា ដោយសន្យាថានឹងផ្ដល់នូវបទពិសោធន៍ថ្មីៗ និងរំភើបរីករាយរាល់ពេលដែលអតិថិជនអញ្ជើញមកកាន់បណ្ណាគារមួយនេះ។

បន្ថែមពីលើនេះ បណ្ណាគារ TSUTAYA ចូលរួមយ៉ាងសកម្មក្នុងការតភ្ជាប់ចំណងមិត្តភាពជាមួយសហគមន៍ក្នុងតំបន់ តាមការរៀបចំកម្មវិធីនានា ដូចជាកម្មវិធីចុះហត្ថលេខាពីអ្នកនិពន្ធឆ្នើមៗ និងសកម្មភាពជាច្រើនទៀតដែលទាក់ទងទៅនឹងសៀវភៅ បង្កើតជាការជំរុញដល់ការបណ្តុះនូវវប្បធម៌អានដ៏រស់រវើក។ ការប្ដេជ្ញាចិត្តលើការពង្រឹងវប្បធម៌អាននេះ ស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងទិដ្ឋភាពវប្បធម៌ដ៏រីកចម្រើនរបស់កម្ពុជា និងវិធីសាស្រ្តដែលផ្តោតសំខាន់លើសហគមន៍របស់ក្រុមហ៊ុន ULS ដែលគ្រប់គម្រោងនីមួយៗសុទ្ធសឹងតែរួមចំណែកផ្តល់ផលវិជ្ជមានទៅលើសុខុមាលភាពរបស់សមាជិកក្នុងសហគមន៍។ ការរួបរួមគ្នានេះមានគោលបំណងនាំយកនូវបទពិសោធន៍ថ្មីៗដ៏​គួរ​ឱ្យ​រំភើបសម្រាប់លោកអ្នកដែលស្រឡាញ់ចូលចិត្តសៀវភៅ និងបុគ្គលដែលស្វែងរករបៀបរស់នៅដ៏មានអត្ថន័យមួយ។

Photo 2024 05 28 10 15 49

(រូបពីឆ្វេងមកស្ដាំ) លោក Hideyuki Uemoto នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tsutaya Books Malaysia Sdn. Bhd. (ហៅកាត់ TBM) ។ លោក គាន គឹមលាង ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Urban Living Solutions (ហៅកាត់ ULS)

លោក Hideyuki Uemoto ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tsutaya Books Malaysia Sdn. Bhd. (ហៅកាត់ TBM) បានសម្តែងថា “កំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់ និងទិដ្ឋភាពវប្បធម៌ដ៏រីកចម្រើនរបស់កម្ពុជា បង្ហាញនូវឱកាសដ៏គួរឱ្យទាក់ទាញសម្រាប់ការពង្រីកសក្តានុពលរបស់យើង”។

ដូចគ្នាផងដែរ លោក គាន គឹមលាង ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Urban Living Solutions (ហៅកាត់ ULS) បានឱ្យដឹងដែរថា “កិច្ចសហការដៃគូរវាងក្រុមហ៊ុន ULS និងក្រុមហ៊ុន TBM ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការលើកកម្ពស់គុណភាពរស់នៅសម្រាប់ប្រជាជនកម្ពុជា។ ការផ្តល់ជូនដ៏ពិសេសរបស់បណ្ណាគារ TSUTAYA នឹងបង្កើតនូវទីកន្លែងស្វាគមន៍ដ៏កក់ក្តៅសម្រាប់មនុស្សគ្រប់គ្នាក្នុងការភ្ជាប់ទំនាក់ទំនង និងស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ពួកគេ”។

កិច្ចសហការដ៏គួរឱ្យរំភើបនេះនឹងឈានទៅដល់ការបើកទីតាំងបណ្ណាគារ TSUTAYA ចំនួនប្រាំមួយនៅទូទាំងប្រទេសកម្ពុជា នៅឆ្នាំ 2034។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia