គម្រោងផ្លូវល្បឿនលឿនទី៣ និងទី៤ ដែលគ្រោងសាងសង់ចេញពីរាជធានីភ្នំពេញ នឹងត្រូវតភ្ជាប់គ្នានៅខេត្ដសៀមរាប ស្របពេលបច្ចុប្បន្នគម្រោងទាំង២នេះ កំពុងស្ថិតនៅក្នុងផែនការរបស់រាជរដ្ឋាភិបាលសម្រាប់ការសាងសង់នាពេលខាងមុខ។ យ៉ាងណាសម្រាប់គម្រោងផ្លូវល្បឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ត្រូវបានរាជរដ្ឋាភិបាលចុះហត្ថលេខាសាងសង់ជាមួយក្រុមហ៊ុន CRBC រួចរាល់ហើយ ហើយអាចនឹងបើកការដ្ឋានយ៉ាងយូរត្រឹមឆ្នាំ២០២៤។
ផ្លូវល្បឿនលឿនទី៣ នេះមានប្រវែងសរុប ៤០០ គីឡូម៉ែត្រ ខណៈការសាងសង់នឹងត្រូវចែកចេញជា ២ ដំណាក់កាល។ ដោយក្នុងនោះដំណាក់កាលទី១ ពីភ្នំពេញទៅសៀមរាបប្រវែងប្រមាណ ២៥០ លានដុល្លារ និងដំណាក់កាលទី២ ពីសៀមរាបទៅកាន់ក្រុងប៉ោយប៉ែត ប្រវែងប្រមាណ ១៥០ គីឡូម៉ែត្រ។
ក្រោពីគម្រោងផ្លូវល្បឿនលឿនទី៣នេះ រាជរដ្ឋាភិបាលក៏បានលើកឡើងពីគម្រោងផ្លូវល្បឿនលឿនទី៤ ផងដែរ។ ដោយផ្លូវនេះនឹងចាប់ផ្ដើមរាជធានីភ្នំពេញ ចេញទៅខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង មណ្ឌលគិរី ព្រោះវិហារ និងមកសៀមរាប តភ្ជាប់ជាមួយផ្លូវល្បឿនលឿនទី៣ មកត្រឡប់មកភ្នំពេញវិញ។
យោងតាមប្រសាសន៍ពីឯកឧត្ដម ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំបិទភ្នែកស្រមៃ( ផ្លូវល្បឿនលឿនទី៤) ថាអាចពីភ្នំពេញ ទៅក្រចេះ ទៅស្រុកស្នួល ទៅមណ្ឌលគីរី ទៅសែនមនោរម្យ ចេញទៅកោះញ៉ែក ទៅបានលុង ហើយត្រឡប់មកស្ទឹងត្រែង ទៅអូរពងមាន់ រួចទៅព្រះវិហារដោយ តមកសៀមរាប រួចត្រឡប់មកភ្នំពេញវិញ”។
ឯកឧត្ដមបន្ដថា “គម្រោងរបស់យើងគឺមានផែនការអ៊ីចឹងមែន គឺថាជុំទូទាំងប្រទេសយើង ដោយសារផ្លូវជាតិលេខ៥ ក៏មាន៤គន្លងហើយដែរ។ អ៊ីចឹងថ្ងៃក្រោយជុំវិញប្រទេសយើង យើងធ្វើដំណើរតាមផ្លូវល្បឿនលឿន របស់យើង”៕